• 2022-06-07 08:24:50
  • បាល់ទះ

ឯកឧត្ដម វ៉ី សំណាង និង​ឧត្ដមសេនីយ៍ទោ សម សាមួន ​ឧបត្ថម្ភ​ថវិកា ៤០​លាន​រៀល​ដល់​ក្រុម​បាល់ទះ​ខេត្ត​កំពង់​ស្ពឺ

  • 2022-06-07 08:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល​និងជាប្រធាន​ក្លឹប​កីឡា​បាល់​ទះ​ខេត្ដ​កំពង់ស្ពឺ​ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺកាល​ពី​ពេល​ថ្មីៗ​នេះ បានអញ្ជើញ​ជួបសំណេះសំណាលជាមួយគណៈប្រតិភូ គ្រូបង្វឹក និងកីឡាករបាល់ទះ​ខេត្តកំពង់ស្ពឺ ហើយ​ថែមទាំង​បានប្រគល់ថវិកាមួយចំនួនមុនចេញទៅ​ប្រកួតបាល់ទះ ​ដណ្ដើមពានរង្វាន់បាល់ទះ​សម្ដេចក្រឡាហោម ស ខេង។

ក្នុង​ការ​ជួប​សំណេះសំណាល​នោះ​ដែរតាម​រយៈ​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល​​ខេត្ត​កំពង់ស្ពឺ ​ឯកឧត្តម វ៉ី សំណាង អភិបាល​ខេត្ត​កំពង់​ស្ពឺ​បាន​ឧបត្ថម្ភថវិកាចំនួន​២០លានរៀល​ ខណៈ​ឧត្តមសេនីយ៍ទោ សម សាមួន ​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​២០​លាន​រៀល​​ដែរ​ដល់​ក្លឹប​បាល់ទះ​​ខេត្ត​កំពង់​ស្ពឺ​។

នេះ​ជា​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​កំពង់ស្ពឺ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​វិស័យ​កីឡាបាល់ទះ​។ ជាមួយ​គ្នា​នោះ​លោក សៅ សាមីត តំណាង​ឱ្យ​ក្រុមកីឡាករ និងក្រុមគ្រូបង្វឹក បានថ្លៃអំណរគុណដល់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺទាំងអស់ ហើយលោកប្ដេជ្ញាប្រឹងប្រែងអោយអស់ពីលទ្ធភាព ដើម្បីយកជ័យជម្នះជូនខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់​ថា ការ​ជួប​សំណេះសំណាល​របស់​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាល​​ខេត្ត​កំពង់ស្ពឺ​ជាមួយ​ក្លឹប​បាល់ទះ​កំពង់ស្ពឺ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មីថុនា ឆ្នាំ​២០២២ នៅ​មន្ទីរ​អប់រំ យុវជន​ និង​កីឡាករ​ខេត្ត​កំពង់​ស្ពឺ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់លោក​ ថន​ ថារិន​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ លោកឧត្ដមសេនីយ៍​ លោកវរសេ​នីយ៍​ និង​នគរបាល​ខេត្ត​កំពង់ស្ពឺ​ជាច្រើន​រូប​ទៀត​។

ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់បាល់ទះ​សម្ដេចក្រឡាហោម ស ខេង​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​០៨ ខែ​មិថុនា ដល់​ថ្ងៃ​ទី​២៨​ ខែ​មិថុនា ឆ្នាំ​២០២២​។ ការ​ប្រកួត​នេះ​មាន​២១​ក្រុម​ចូល​រួម ចែកចេញ​ជា​៤​ពូលដែល​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ព្រីនស៍។

ការ​ប្រកួត​នៅព្រឹក​​ថ្ងៃ​ទី​០៨ ខែ​មិថុនា ឆ្នាំ​២០២២ស្អែក​នេះ​មាន​៥​ប្រកួត (សូម​មើល​ក្នុង​តារាងប្រកួត​) ហើយ​ក្លឹប​បាល់ទះ​ខេត្ត​កំពង់​ស្ពឺ​ត្រូវ​ជួប​​ក្លឹប​បាក់ទះ​ខេត្ត​ប៉ៃលិន​នៅ​វេលា​ម៉ោង ១០ ព្រឹក​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់