• 2022-04-19 03:46:32
  • បាល់ទះ

ដឹង​តែ​កក្រើក​ហើយ​! ក្រុមបាល់ទះបុរី ឃាម បញ្ញា សង្ឃឹម​ខ្ពស់ឡើង​​វគ្គ​ផ្ដាច់ព្រ័ត្រពាន ISI ​

  • 2022-04-19 03:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ដណ្ដើម​មេដាយមាស​ពាន​រង្វាន់ «ក្រុម​អធិរាជ​បាល់ទះ ISI PIPE-ISI PALM» ប្រចាំ​​ខែ​ទី​៥​ដែល​ជា​ខែ​បញ្ចប់​កម្មវិធី ក្រុម​បាល់ទះ​បុរី ឃាម បញ្ញា មាន​សង្ឃឹម​ខ្ពស់​ឡើង​ទៅកាន់​​វគ្គ​ផ្ដាច់ព្រ័ត្រ ដ្បិត​ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេចហើយ​ ដើម្បី​ក្ដាប់យក​ពាន​មួយ​នេះ។

លោក សំរឹទ្ធ សេរី តំណាង​ក្រុម​បុរី ឃាម បញ្ញា

លោក សំ រឹទ្ធ សេរី ដែល​ជា​តំណាង​ក្រុម​បាល់ទះ​បុរី​ឃាមបញ្ញា បាន​លើក​ឡើង​ថា ក្រុម​​លោក​មានជំនឿចិត្ត​ឈ្នះ​ច្រើន ប៉ុន្តែ​ក៏​មិន​ធ្វេសប្រហែស​ដែរ​ព្រោះ​បី​ក្រុម​ទៀត​ដែល​ឡើង​មក​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ សុទ្ធ​តែ​មាន​សមត្ថភាព​ខ្លាំង​មិន​ធម្មតា។

បួន​ក្រុម​ដែល​ឡើង​មក​កាន់​វគ្គ​នេះ​មាន ក្រុម​ក្រសួង​មហាផ្ទៃ A ក្រុម​ក្រសួង​មហាផ្ទៃ B ក្រុមឥន្ទ្រី​ស្លាប​​ដែក​ក្រុង​កំពង់​សោម និង​ក្រុម​បុរី​ ឃាម បញ្ញា។ ក្រុម​ធ្លាក់​មានក្រុម​អធិរាជ​ប្រអប់ ក្រុម​ខនតាកែវ ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុម Sport KPC កំពង់​ចាម។ នៅ​ថ្ងៃ​​ព្រហស្បតិ័ទី​២១ ខែ​មេសា ឆ្នាំ​២០២២​ខាង​មុខ ក្រុម​របស់​លោក សំរឹទ្ធ សេរី នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ជើង​ខ្លាំងឥន្ទ្រី​ស្លាប​​ដែក​ក្រុង​កំពង់​សោម ខណៈ​ថ្ងៃ​២២ ក្រុម​ក្រសួង​មហាផ្ទៃ A ​​ជួប​ក្រុមក្រសួង​មហាផ្ទៃ​ B។

មុន​ជំនួប​មក​ដល់​លោក សេរី ដែលជា​តំណាងនិង​ដើរ​តួ​ជា​គ្រូ​បង្វឹក​ផង​នោះ បាន​ឱ្យ​ដឹង​យ៉ាង​ជឿជាក់​ថា ក្រុម​លោក​នឹង​អាច​យក​ឈ្នះ​ក្រុមឥន្ទ្រី​ស្លាប​​ដែក​ក្រុង​កំពង់​សោម ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ។

អតីត​លីប៊័រ៉ូ​របស់​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​បញ្ជាក់​បែប​នេះ​ ៖«ដោយសារ​ពួកគាត់ (កីឡាករ) បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ យើង​មាន​សង្ឃឹមជាង​មុន​ កាល​មុន​អត់​សូវ​បាន​ហាត់​ទេ ហើយ​មួយ​រយៈ​នេះ​កីឡាករ​មុន​ប្រកួត​គ្រូគាត់​ត្រៀម​ប្រមូល​ម្ដុំហ្វឹកហាត់​អី សមត្ថភាព​​យើង​វា​គ្រាន់​បើ​ជាង​ម​ុន​ តែ​យ៉ាង​ណា​យើង​មិន​អាច​មើល​ងាយ​សមត្ថភាព​គេ​បាន​ដែរ ព្រោះ​អី​បាល់​មូលបាល់​ប្រកួត​យើង​ពិបាក​វាយ​តម្លៃ​ណាស់ ប៉ុន្តែ​​យើង​នៅ​មាន​សង្ឃឹម​ សង្ឃឹម​ជួប​មហាផ្ទៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​ណា​មួយ​ប្អូនៗ​ក្រុម​កីឡា​គាត់​តាំង​ចិត្ត​​ គាត់​មាន​ជំនឿ​ចិត្ត​ខ្លួន​គាត់​ ថា​​អាច​​ធ្វើ​បាន​ក្នុង​ជំនួប​ជាមួយ​កំពង់​សោម»។

លោកឧកញ៉ា ឃាម បញ្ញា

សមាជិក​ដែល​លេង​ឱ្យ​​ក្រុម​​បាល់ទះ​បុរី ឃាម បញ្ញា សុទ្ធ​​តែ​ជា​កីឡាករ​របស់​ក្លឹប​កងពលធំអន្តរាគមន៍​លេខ៣ដូចជា ជុក សោភា ហៅ​ឥន្ទ្រី​ពិឃាដ​ឌូក សុខ រ៉ាដូ ហៅ​ឥន្ទ្រី​ស្លាប​ដែក​, សំ សាមីត, សៀ កុសល និង មុំ រតនៈ ហៅ​ទង់​​ប៉ះសេ។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សំរឹទ្ធ សេរី ការ​បង្កើត​ឱ្យ​មាន​ក្រុម​​នេះ​ឡើង​ដោយសារ​លោកឧកញ៉ា​ ឃាម​ បញ្ញា ម្ចាស់​បុរីស្រលាញ់​ចូល​ចិត្ត​កីឡាបាល់ទះ និង​ចង់​ឱ្យ​ប្អូនៗ​កីឡាករ​បាន​បង្ហាញ​ក៏​ដូច​ជា​សម្រួច​សមត្ថភាព ដ្បិត​កន្លង​មក​លីគ​បាល់​ទះ​កម្ពុជា​ត្រូវ​បាន​ផ្អាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ដណ្ដើ​ម​ពាន​រង្វាន់​​មេដាយមាស «ក្រុម​អធិរាជ​បាល់ទះ ISI PIPE-ISI PALM» ឈាន​ដល់​វគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​។ ការ​ប្រកួត​ក្នុង​សប្ដាហ៍​នេះនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ័ទី២១ ខែ​មេសា ឆ្នាំ​២០២២ និង​ថ្ងៃ​សុក្រទី២២ ខែ​មេសា ឆ្នាំ​២០២២។ ក្រុម​ឈ្នះ​នឹង​ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​សប្ដាហ៍​បន្ទាប់​។ ជ័យលាភីលេខ១ ទទួលបាន​មេដាយមាស​១ នឹង​ប្រាក់​ចំនួន​២០​លាន​រៀល លេខ​២ ៨​លាន​រៀល លេខ​៣​ទទួល​បាន​២លាន​៨០​ម៉ឺន​រៀល និង​ទី​៤​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់