• 2021-01-20 02:48:54
  • បាល់ទះ

រងការរិះគន់រឿងរាំឌឺដងខ្លាំងពេក ពេលនេះចាវកំពង់ចាម ចេញមុខបកស្រាយឱ្យអស់ចម្ងល់

  • 2021-01-20 02:48:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចប់ការប្រកួតមិត្តភាពរវាងក្លឹបបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានអង្គរក្សភ្លាម វីដេអូវៃបាល់ចំមុខ និងរាំឌឺដង​របស់​ ឌី លីដា ហៅស្មាត់ចាវកំពង់ចាមទៅលើកីឡាករ ប្រាក់ សំណាង ​ត្រូវបានកាត់ និងបង្ហោះ​ចែកចាយព្រោងព្រាតលើបណ្ដាញសង្គម TikTok និង YouTube។

ចាវកំពង់ចាម

វីដេអូនោះត្រូវបានទស្សនិកជនមួយចំនួនរិះគន់មិនសំចៃមាត់ និងលើកឡើងថា ហេតុអ្វីវៃចំមុខគេហើយ ចាវមិនទៅសុំទោស បែរជារាំឌឺដងទៅវិញ ដែលមតិទាំងនោះចង់បញ្ជាក់ចាវជាមនុស្សគ្មានក្រមសីលធម៌ក្នុងនាមជាកីឡាករ។

ឆ្លើយតបនឹងមតិរិះគន់ធ្ងន់ៗទាំងនោះ ចាវកំពង់ចាមបានលើកឡើងថា គេគ្មានចេតនាអាក្រក់ឡើយ ហើយនោះគឺជាការប្រកួត។ រាល់ការវៃផ្ដាច់បានពិន្ទុ កីឡាករក្នុងក្រុមទាំងអស់ តែងតែអបអរគ្រាប់បាល់ ដូចជាស្រែកហ៊ោ ធ្វើកាយវិការប្លែកៗ ឬរាំច្រៀងជាដើម ដើម្បីបង្ហាញពីភាពខ្លាំង ឱ្យស្មារតីក្រុមកាន់តែរឹងមាំ ឬជាយុត្តិសាស្ត្រមួយបំបាក់ស្មារតីគូប្រជែង​។

ស្មាត់​ឡើងល្អខ្លាំងទាំងបាល់ប្រកួតផ្លូវការ និងក្រៅផ្លូវការនៅរវាងឆ្នាំ ២០១៥-២០១៦ បានបន្ថែមថាមិនខុសពីកីឡាផ្សេងទៀតដូចជា​ប្រដាល់ជាដើម ក្រោយកីឡាករណាម្នាក់ផ្ដួលដៃគូឱ្យសន្លប់ គេតែងរត់ស្រែហ៊ោពេញសង្វៀន ដើម្បីបង្ហាញពីភាពខ្លាំងរបស់គេ ហើយក្រោយមកទើបកីឡាកររូបនោះ ទៅសុំទោសវិញ។

កីឡាកររបស់ស្នងការនគររាជធានីភ្នំពេញវ័យ២៦ឆ្នាំ បានបញ្ជាប់បែបនេះ ៖«ពេលរាំហ្នឹង ធម្មតាពេលគេវៃស៊ីហើយ គេសប្បាយគេក្នុងការជោគជ័យគេហើយ ហើយពេលចប់ពីហ្នឹង ខ្ញុំបានលើកដៃសុំទោស​ក្រោយបង​...បងសាកមើលវីដេអូមើល ខ្ញុំបានលើដៃបញ្ជាក់ពីការសុំទោស...សូមកុំឱ្យបងប្អូនយល់ច្រឡំមកលើខ្ញុំទៀត ...ណាមួយកីឡាករអង្គរក្សនឹងខ្ញុំសុទ្ធតែជិតស្និទ្ធនឹងគ្នា...គ្រាន់តែលើកដៃគេដឹងហើយ»។

គួរបញ្ជាក់ថានៅដើមសិតទី៤ ក្នុងជំនួបមិត្តភាពកាលពីថ្ងៃ១៥ ខែមករា ឆ្នាំ២០២១ នៅតារាងបាល់ទះបឹងកក់ ស្មាត់កម្ពស់១,៨៥ម៉ែត្រ បានវៃបាល់ដាច់បាំងត្រូវមុខលីប៊័រ៉ូ ប្រាក់ សំណាង កីឡាករក្រុមបញ្ជាការដ្ឋានអង្គរក្ស ដួលផ្កាប់មុខពីរបីត្រឡប់ និងត្រូវបានប្ដូរចេញ។ ចាវថ្ងៃនោះបានបង្ហាញទម្រង់លេងយ៉ាងល្អ ចប់ការប្រកួត៥សិត ក្រុមស្នងការរាជធានីភ្នំពេញ បានយកឈ្នះក្រុមអង្គរក្ស ៣សិតទល់នឹង២សិត៕

ទស្សនាវីដេអូ (វិនាទី៣០)

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់