- 2020-08-07 03:39:57
- បាល់ទះ
ម៉ាប់ឆ្វេងឥឡូវល្បីខ្លាំង ចុះប្រិយមិត្តស្គាល់ម៉ាប់ឆ្វេង២០១៥ ?
- 2020-08-07 03:39:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាប់ឆ្វេងឥឡូវល្បីខ្លាំង ចុះប្រិយមិត្តស្គាល់ម៉ាប់ឆ្វេង២០១៥ ?
ចន្លោះមិនឃើញ
អ្នកចូលចិត្តបាល់ទះប្រហែលជាស្គាល់ច្បាស់ពី ម៉ាប់ ឆ្វេង ដៃគូ សុវណ្ណនាថ ដែលល្បីរន្ទឺសេវ៉ាផ្ដាច់ព្រលឹង និងវ៉ៃចោះស្អាតកម្រមានដៃគូប្រកួត។ ដោយឡែកនិយាយពីម៉ាប់ឆ្វេងកាលឆ្នាំ២០១៥ ក៏មិនអន់ដែរ គឺជាអតីតជម្រើសជាតិកម្ពុជា ដែលបានចេញទៅនៅស៊ីហ្គេម ២០១៣ និង២០១៥។
ចំរើន សំណាង ជាឈ្មោះផ្លូវការរបស់កីឡាករបាល់ទះម៉ាប់ឆ្វេង ២០១៥ បានឲ្យដឹងថា លោកបានជាប់ជម្រើសជាតិចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ ពោលគឺក្រោយត្រឡប់ពីស៊ីហ្គេមនៅ សិង្ហបុរីវិញក៏លែងជាប់តែម្ដង។ ចន្លោះពេលក្នុងការជាប់ជម្រើសជាតិលោក សំណាង បានទៅចូលរួមស៊ីហ្គេមចំនួន ពីរលើកគឺឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា និងស៊ីហ្គេម ២០១៥ នៅសិង្ហបុរី។
អតីតកីឡាកររបស់ក្លឹបបាល់ទះមហាផ្ទៃរូបនេះបន្ថែមថា កាលនៅជាកីឡាករធ្លាប់ឈ្នះពានជាច្រើន ដូចជាពាន Leo ពានអគ្គស្នងការដ្ឋានរាជធានីភ្នំពេញ និងពានមិត្តភាពនៅវៀតណាម ជាមួយក្លឹបមហាផ្ទៃ។ ចូលលេងដំបូងឆ្នាំ២០១១ នៅមហាផ្ទៃ លោកបានត្រឹមលេងជាយុវជនថ្នាលតែប៉ុណ្ណោះ ប៉ុន្តែដោយសារការខិតខំប្រឹងប្រែង សំណាង ក៏អាចបង្ហាញខ្លួនក្នុងក្រុមឈុតធំ និងក្លាយជាកីឡាករឆ្នើមក្នុងក្លឹប។
ប៉ុន្តែជាអកុសលដោយសារការប្រឹងប្រែងហ្វឹកហាត់ (ប្រឹងលោតឲ្យបានខ្ពស់) សំណាង ក៏ខូចជង្គង់ ត្រឹមដើមឆ្នាំ២០១៩ និងប្រកាសឈប់លេងបាល់ដើមឆ្នាំ២០២០ នេះតែម្ដង។ បច្ចុប្បន្នអតីតយុវជនក្រសួងមហាផ្ទៃរូបនេះចូលបម្រើការងារជាមន្ត្រីប៉ូលិស និងមិនបានចូលធ្វើជាគ្រូបង្វឹកបាល់ទះអ្វីនោះឡើយ៕