• 2017-02-06 23:07:00
  • ប្រវត្តិ​​

កីឡាករ​ Liverpool ​៥​នាក់​ ដែល​នឹង​អស់​អនាគត​ជាមួយ​ក្លឹប​ ​ឆាប់ៗ​នេះ

  • 2017-02-06 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហង្ស​ក្រហម​ Liverpool ​បាន​ធ្លាក់​ទម្រង់​លេង​ខ្លាំង​មិន​ធ្លាប់​មាន នៅ​ឆ្នាំ​២០១៧​នេះ។​ ​តាំង​ពី​ចូល​ឆ្នាំ​ថ្មី​មក ពួកគេ​មិន​ទាន់​ស្គាល់​ពាក្យ​ថា "ឈ្នះ” មួយ​ប្រកួត​នៅ​ឡើយ​ទេ ​នៅ​ក្របខ័ណ្ឌ​ Premier League ខណៈ​ដែល​​៥​ប្រកួត​ចុង​ក្រោយ ស្មើ​១ និង​ចាញ់​៤​ដង។ ​

ជាមួយ​នឹង​ទម្រង់​លេង​ធ្លាក់​ចុះ​នេះ​ ​​ក្លឹប​អាច​នឹង​រុះរើ​ក្រុម​​ក្រោយ​ចប់​រដូវ​កាល​នេះ។ Sabay ​សូម​បង្ហាញ​ជូន​កីឡាករ​៥​នាក់​ ដែល​នឹង​អស់​អនាគត​ជាមួយ​ក្លឹប​ Liverpool ​​​ក្នុង​ពេល​ឆាប់ៗ៖

១. ខ្សែ​ការពារ​ Mamadou Sakho

កីឡាករ​សញ្ជាតិ​បារាំង​ វ័យ​២៦​ឆ្នាំ​រូប​នេះ​ ​ពុំ​មាន​ឱកាស​បាន​លេង​ឲ្យ​ក្រុម​ Liverpool ​រដូវ​កាល​នេះ​ទេ ​បន្ទាប់​ពី​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដូច​ជា ​ត្រូវ​ UEFA ពិន័យ​​ដោយ​សង្ស័យ​ប្រើ​ប្រាស់​សារធាតុ​ហាម​ឃាត់ កាល​ចុង​រដូវ​កាល​មុន​ ​និង​មាន​រឿង​ជាមួយ​អ្នកចាត់ការ​ Jurgen Klopp ​​កាល​ប្រកួត​មិត្តភាព​ មុន​បើក​រដូវ​កាល​នេះ។ ​Sakho ​បាន​ចាក​ចេញ​ទៅ​លេង​ឲ្យ​ក្រុម​ Crystal Palace ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ កាល​ខែ​មករា ប៉ុន្តែ​ Klopp ​អាច​នឹង​លក់​រូប​គេ​ចេញ​តែ​ម្ដង ក្រោយ​ចប់​រដូវ​កាល​នេះ។

២. ខ្សែ​បម្រើ​ Lucas Leiva

ខ្សែ​បម្រើ​ការពារ​ សញ្ជាតិ​ប្រេស៊ីល​ វ័យ​​៣០​ឆ្នាំ​រូប​នេះ​ ​ជា​កីឡាករ​​ម្នាក់​លេង​ឲ្យ​ហង្ស​ក្រហម​ ច្រើន​ឆ្នាំ​ជាង​គេ​​បំផុត ក្នុង​ចំណោម​កីឡាករ​បច្ចុប្បន្ន។ Lucas លេង​ឲ្យ​ Liverpool តាំង​ពី​ឆ្នាំ​២០០៧ ប៉ុន្តែ​រូប​គេ​អាច​នឹង​ចាក​ចេញ​ ក្រោយ​ចប់​រដូវ​កាល​នេះ​ ព្រោះ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ជម្រើស​ដំបូង ហើយ​ Liverpool ​ក៏​ត្រូវ​ការ​កីឡាករ​ថ្មី​កម្រិត​ World Class ​ក្នុង​តំបន់​មួយ​នេះ​ផង​ដែរ។

៣. ខ្សែ​ប្រយុទ្ធ Daniel Sturridge

Sturridge ​ធ្លាប់​ជា​កំពូល​ខ្សែ​ប្រយុទ្ធ​ម្នាក់​ នៅ​ Premier League ​កាល​ជំនាន់​ចាប់​ដៃ​គ្នា​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ Luis Suarez។ ប៉ុន្តែ​ក្រោយ​មក រូប​គេ​បាន​ជួប​បញ្ហា​របួស​ញឹកញាប់​ ​រហូត​ធ្លាក់​ទម្រង់​លេង​ខ្លាំង​មក​ដល់​បច្ចុប្បន្ន។ កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ បាន​ធ្លាក់​តំណែង​ជម្រើស​ដំបូង​នៅ​ក្រុម​ហង្ស​ក្រហម ដូច្នេះ​រូប​គេ​អាច​នឹង​រក​ផ្លូវ​ចាក​ចេញ ពេល​ចប់​រដូវ​កាល​នេះ។

៤. អ្នកចាំទី​ Simon Mignolet

អ្នកចាំទី​ ជម្រើស​ជាតិ​បែលហ្សិក វ័យ​២៨​ឆ្នាំ​រូប​នេះ​ ​​ត្រូវ​បាន​អ្នកគាំទ្រ​​ជា​ច្រើន​រិះគន់​ ដោយសារ​​មាន​កំហុស​ជា​ច្រើន​លើក​ច្រើន​សារ​ ​និង​ធ្វើ​ឲ្យ​ Liverpool ​បាត់បង់​ពិន្ទុ​ជា​ច្រើន​ ដោយសារ​កំហុស​ផ្ទាល់​ខ្លួន​របស់​គេ។ ​បញ្ហា​អ្នកចាំទី​សម្រាប់​ក្រុម​ Liverpool ​​អាច​នឹង​ទិញ​ចូល​​អ្នកចាំទី​ថ្មី រដូវ​កាល​ក្រោយ​ ​ខណៈ​ដែល​ Mignolet ​អាច​ចាក​ចេញ​ ប៉ុន្តែ​អ្នកចាំទី​ Loris Karius ​អាច​នៅ​បម្រុង។

៥. ខ្សែ​ការពារ​ Alberto Moreno

ខ្សែ​ការពារ​ឆ្វេង​ សញ្ជាតិ​អេស្ប៉ាញ ​វ័យ​២៤​ឆ្នាំ​រូប​នេះ​ ​បាន​ធ្លាក់​តំណែង​ជម្រើស​ដំបូង​ទៅ​ James Milner ​ដោយសារ​ចុង​រដូវ​កាល​មុន​ រូប​គេ​បង្ក​កំហុស​ជា​ច្រើន​ ដូច​ជា​ប្រកួត​ផ្ដាច់ព្រ័ត្រ UEFA Europa League ​ជា​ដើម ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ច្រឡោត​ខឹង មិន​អាច​លើក​លែង​បាន។ ដោយសារ​មិន​មាន​ឱកាស​លេង​ជម្រើស​ដំបូង​ Moreno ​អាច​នឹង​ចេញ​ ក្រោយ​ចប់​រដូវ​កាល​នេះ៕

ប្រែ​សម្រួល៖ វិន ជីវ័ន្ត | ប្រភព៖ Sport SK, The Sun

មតិយោបល់
អត្ថបទថ្មី