• 2016-10-25 20:27:18
  • ប្រដាល់

​​អ៊ុង វីរៈ និង​ព្រំ សំណាង ​មាន​ទំនុក​ចិត្ត​​៨០​%​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច​គ្នា

  • 2016-10-25 20:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ក្លឹប​ទ័ព​ពិសេស​ឆត្រ​យោង ៩១១​ អ៊ុង វីរៈ និង​ព្រំ សំណាង មាន​ទំនុក​ចិត្ត​រហូត ៨០​%​ដូច​គ្នា​ក្នុង​ការ​ឡើង​ទៅ​វគ្គ​​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​សមរភូមិ​អ្នក​ប្រយុទ្ធ​របស់​សង្វៀន​ PNN ។

 

 

​​អ៊ុង វីរៈ និង​ព្រំ សំណាង មាន​៦​​​ពិន្ទុ​ពេញ​ដូច​គ្នា ​បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​២​លើក​កន្លង​មក​ឈ្នះ​ទាំង​ពីរ​ដូច​គ្នា។ ​ប៉ុន្តែ​ចំណុច​ពិសេស អ៊ុង វីរៈ មាន​ប្រៀប​ជាង​ត្រង់​​កីឡាករ​រូប​នេះ​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទាំង​ពីរ​លើក​គឺ​លើក​ទី​១​ផ្ដួល​ Phetbupha ​ឲ្យ​សន្លប់​ទឹក​ទី​៤ និង​លើក​ទី​ពីរ​ផ្ដួល​ Nakrobdam ​នៅ​ទឹក​ទី​១។ ចំណែក​ ព្រំ សំណាង ប្រកួត​លើក​ទី​១យក​ឈ្នះ Nakrobdam ដោយ​ពិន្ទុ​ និង​លើក​ទី​២​ផ្ដួល​ Phetbupha ឲ្យ​បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី​១​។

 

​ក្រោយ​ចប់​ការ​ប្រកួត​កីឡាករ​ទាំង​ពីរ​នាក់​ខាង​លើ​បាន​អះអាង​ដូច​គ្នា​ថា រូប​គេ​មាន​ជំនឿ​ចិត្ត​​៨០​%​ដូច​គ្នា​​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ​កីឡាករ​កម្ពុជា​ទាំង​ពីរ​នាក់​ផ្ដោត​សំខាន់​ទៅ​លើ​កីឡាករ​ថៃ គីម​ឡៃ ផេត ​​ដែល​ជា​​ជើង​ខ្លាំង​​ធ្លាប់​ផ្ដួល​កីឡាករ​កម្ពុជា​ជា​ច្រើន​នាក់​រួច​មក​ហើយ​រួម​ទាំង ឡុង សុភី និង​រឿង សោភ័ណ្ឌ​ ជា​ដើម។

 

​​សិស្ស​រួម​គ្រូ​ទាំង​ពីរ​បន្ថែម​ថា ​ពួក​គេ​​​ដឹង​ពី​ចំណុច​​ខ្លាំង​របស់​កីឡាករ​ថៃ​ គីម​ឡៃ ផេត ដូច​គ្នា​គឺ​​ពូកែ​​កណ្ដាប់​ដៃ​ និង​មាន​​ការ​បំផ្លាស់​ទី​​ល្អ ដែល​​ធ្វើ​ឲ្យ​ដៃ​គូ​គ្រប់​រូប​​​ប៉ះ​​កីឡាករ​ថៃ​រូប​នេះ​ពិបាក​ក្នុង​ការ​ចូល​វាយ។ ចំណែក​ចំណុច​ខ្សោយ​វិញ​ពួក​គេ​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ហាក់​គ្មាន​ចន្លោះ​ប្រហោង​​ ប៉ុន្តែ​នឹង​ប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​បាន​​ខ្លាំង​ជាង​ធម្មតា ដើម្បី​ស្វែង​រក​ឱកាស​បាន​ឡើង​ទៅ​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ដូច​គ្នា។

 

​សូម​បញ្ជាក់​ថា កម្មវិធី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​របស់​សង្វៀន​ខាង​លើ​​​​កីឡាករ​កម្ពុជា​ ស្ថិត​នៅ​ពូល A  ខណៈ​កីឡាករ​ថៃ​ស្ថិត​នៅ​ពូល B ។ ​​រដូវ​កាល​ទី​៤ នេះ​​នឹង​ជ្រើស​យក​កីឡាករ​ថៃ​១​រូប ព្រម​ទាំង​កីឡាករ​​កម្ពុជា​មួយ​រួប​ណា ដែល​មាន​ពិន្ទុ​លើស​គេ​ក្នុង​ពូល​ ដើម្បី​ឡើង​ទៅ​ប៉ះ​គ្នា​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់ និង​ប្រាក់​រង្វាន់ ៥​ពាន់​ដុល្លារ​អាមេរិក៕

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​

មតិយោបល់
អត្ថបទថ្មី