• 2014-11-04 12:30:15
  • ប្រដាល់

ពិត​ជា​គួរ​ឲ្យ​សរសើរ! បុរស​បារាំងសោះ​​​​​​តែ​ស្រលាញ់​គុន​ខ្មែរ​ដូច​ជីវិតរបស់​​ខ្លួន

  • 2014-11-04 12:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្បាច់​គុន​បុរាណ​ខ្មែរ និង​ល្បុក្កតោ​ជន​ជាតិ​បារាំង Bidaut Derek បាន​ផ្ដួល​ជើង​ខ្លាំង​ជន​ជាតិ​ជប៉ុន​ដោយ​កែង​បក​ក្នុង​ទឹក​ទី​២​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​ក្នុង​ដំណើរ​បេសកកម្ម​ផ្សព្វផ្សាយ​ក្បាច់​គុន​បុរាណ​ខ្មែរ​នៅ​លើ​ប្រទេស​ជប៉ុន​រយៈ​ពេល​៣​ខែ។ អ្នក​លេង​ឆ្លង​ទ្វីប​រូប​នេះ​បាន​លើក​ទង់​ជាតិ​ខ្មែរ និង​មាន​មោទនភាព​​សម្រាប់​ការ​ទទួល​បាន​ជ័យជម្នះ។

Bidaut Derek បាន​ Sabay ថា ៖«ខ្ញុំ​មាន​អារម្មណ៍​រីក​រាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រកួត​នេះ ពី​ព្រោះ​ខ្ញុំ​មក​ជប៉ុន​៣​ខែ​ដើម្បី​ផ្សព្វផ្សាយ​គុន​ខ្មែរ​ និង​ល្បុក្កតោ។ កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ខ្ញុំ​បាន​ចាញ់​ការ​ប្រកួត​ម្តង​ហើយ​ដោយ​ពិន្ទុ តែ​លើក​នេះ​ខ្ញុំ​ឈ្នះ​ដោយ​វាយ​គេ​ឲ្យ​សន្លប់​ទឹក​ទី​២»។ វា​សំខាន់​ណាស់​សម្រាប់​ការ​ប្រកួត​នេះ​ដោយ​ទទួល​បាន​ជ័យជម្នះ​តាម​រយៈ​ការ​ប្រើ​កែង​បក​លើ​កីឡាករ​ជប៉ុន​ល្បី​ Osaka ក្នុង​ទឹក​ទី​២។

 

ពាក់​ព័ន្ធ​នឹង​ការ​លើក​ទង់​ជាតិ​កម្ពុជា​លើ​សង្វៀន​ បុរស​ដែល​មិន​ជាប់​សាច់​ឈាម​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ៖«ខ្ញុំ​លើក​ទង់​ជាតិ​ខ្មែរ​ ព្រោះ​ខ្ញុំ​រស់​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​២០១០។ ខ្ញុំ​បាន​រៀន​សូត្រ​ពី​ក្បាច់​គុន​ខ្មែរ​គ្រប់​បែប​យ៉ាង។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​ខ្មែរ ទោះ​ជា​ខ្ញុំ​មិន​មាន​សញ្ជាតិ​ខ្មែរ​ក៏​ដោយ។ ខ្ញុំ​សង្ឃឹម​ថា ​​ថ្ងៃ​ណា​មួយ ខ្ញុំ​ទទួល​បាន​សញ្ជាតិ​ខ្មែរ»។

 

«ខ្ញុំ​ស្រលាញ់​កម្ពុជា។ រឿង​សំខាន់​បំផុត​សម្រាប់​ខ្ញុំ​គឺ​បង្ហាញ​ពិភព​លោក​ឲ្យ​ដឹង​ថា តើ​ក្បាច់​គុន​មួយ​ថៃ (Muay Thai)​មក​ពី​ណា។ មនុស្ស​ច្រើន​ណាស់​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​មិន​ហាត់​នៅ​ថៃ​ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ពី​ប្រភព​ដើម​នៃ​គល់​ក្បាច់​គុន​ខ្មែរ។ ខ្ញុំ​ចង់​ឲ្យ​ពិភព​លោក​ដឹង​ថា គុន​ខ្មែរ​អស្ចារ្យ​ណាស់»។

 

ពេល​សួរ​ថា តើ​ក្បាច់​គុន​ខ្មែរ​មាន​ន័យ​ណា​ចំពោះ​ជីវិត​របស់​លោក? បុរស​បារាំង​រូប​នេះ​បាន​ឆ្លើយ​ថា ៖«ល្បុក្កតោ និង​គុន​ខ្មែរ​គឺ​ជា​ជីវិត​ខ្ញុំ។ ក្បាច់​គុន​ខ្មែរ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃនេះ ទោះ​ជា​មិន​ស្រួល​គ្រប់​ពេល​ក៏​ដោយ។ ខ្ញុំ​ចង់​ឲ្យ​ពិភព​លោក​ និង​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​មរតក​គុន​ខ្មែរ ពី​ព្រោះ​​វា​ជា​ផ្នែក​មួយ​ធំ​នៃ​វប្បធម៌​ខ្មែរ»។

 

សម្រាប់​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​នេះ​លោក​បាន​ឲ្យ​ដឹង​ថា គាត់​និង​អ្នក​កីឡា​៤​ផ្សេង​ទៀត​កំពុង​ផ្សព្វផ្សាយ​ក្បាច់​គុន​ខ្មែរ​នៅ​ប្រទេស​ជប៉ុន។ បេសកកម្ម​នេះ​មាន​រយៈ​ពេល​៣​ខែ​គិត​ចាប់​ពី​ថ្ងៃ​ទី​​១ ខែ​តុលា​ឆ្នាំ​២០១៤​ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥​ទើប​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា។ ក្នុង​បេសកកម្ម​ដែល​មាន​កីឡាករ ពៅ ស័ក្តិសទ្ធិ, ប៊ឺត ខាំ, ចាន់ ថន និង​លោក​គ្រូ​ម៉ាត់ អ៊ីមរ៉ុន​គឺ​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ ការ​បង្វឹក​បង្ហាត់ និង​រៀប​ចំ​ការ​ប្រកួត​ដែល​នឹង​ប្រព្រឹត្ត​នៅ​ក្លិប​ចំនួន​​៥​ខុស​គ្នា​នៅ​ប្រទេស​ជប៉ុន និង​មាន​អ្នក​ផ្គូផ្គង់​ម្នាក់​ជា​អ្នក​ឧបត្ថម្ភ​ទាំង​ស្រុង​សម្រាប់​ដំណើរ​បេសកកម្ម​នេះ៕

អត្ថបទ៖ ជាន ចាន់រ៉ា

 

មតិយោបល់