• 2016-08-22 22:42:08
  • ព័ត៌មាន

ប្រណាំង​ម៉ូតូ សេះ ​បាល់ទាត់ ​បង្ហាញ​ខ្លួន​នៅ​ទីលាន​របស់ 7NG ​ក្នុង​ខែ​សីហា​នេះ

  • 2016-08-22 22:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​កីឡា​នៅ​ទីលាន SCT Sport Complex ​របស់​ក្រុមហ៊ុន 7NG ​ប្រចាំ​ខែ​សីហា​ឆ្នាំ​២០១៦​នេះ ​មាន​៣​ប្រភេទ​កីឡា​ចូលរួម ក្នុង​នោះ​រួម​មាន ប្រណាំង​ម៉ូតូ ប្រណាំង​សេះ ​និង​កីឡា​បាល់ទាត់​មហាជន។

 

 

កាល​ពី​ខែ​កក្កដា​កន្លង​ទៅ នៅ​ទីលាន​ SCT Sport Complex ​មាន​តែ​ការ​ប្រណាំង​សេះ​មួយ​ទេ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក ទើប​មិន​អាច​រៀប​ចំ​កម្មវិធី​ប្រកួត​ច្រើន​បាន។ ខណៈ​ដែល​មក​ដល់​ខែ​សីហា​នេះ អាកាសធាតុ​ផ្ដល់​ឱ្យ​មិន​មាន​ភ្លៀង​ធ្លាក់ ​ទើប​ខាង​អ្នក​រៀប​ចំ​បាន​បង្កើត​កម្មវិធី​៣​ក្នុង​ពេល​តែ​មួយ ដោយ​មាន​ទាំង​ម៉ូតូ សេះ និង​បាល់​ទាត់ ​នេះ​ឯង។

 

លោក​ឧកញ៉ា ស្រី ចន្ធូ ​អ្នក​បង្កើត​ការ​ប្រកួត​នេះ​ឡើង ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​ទាំង​អស់ សុទ្ធ​តែ​ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​ធ្វើ​ឡើង​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា ដោយ​មិន​គិត​តែ​បាល់ទាត់​មួយ​មុខ​នោះ​ទេ។ ​ការ​ប្រណាំង​សេះ ក៏​ជា​កីឡា​មាន​ប្រជាប្រិយភាព​មួយ​ដែរ បើ​ទោះ​បី​ជា​វា​មិន​សូវ​ជា​មាន​អ្នក​ចេះ​ជិះ​ក៏​ដោយ។

 

 

បុរស​ដែល​ស្រលាញ់​វិស័យ​កីឡា​និង​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​រៀប​ចំ​ការ​ប្រកួត​ខាង​លើ បាន​បន្ត​ថា​ក្រុម​ហ៊ុន 7NG ​របស់​លោក​នឹង​ធ្វើ​ការ​រៀប​ចំ​កម្មវិធី​ប្រកួត​កីឡា​នានា​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​ប្រជាជន​នៅ​ឃុំ​វិហារសួគ៌​ទាំង​អស់​បាន​ស្គាល់​ប្រភេទ​កីឡា​ឱ្យ​បាន​កាន់​តែ​ច្រើន​ឡើង។ ខណៈ​ដែល​ការ​ប្រកួត​ខែ​ក្រោយ លោក​មាន​គម្រោង​បង្កើត​កម្មវិធី​កីឡា​ប្រដាល់​បន្ថែម​មួយ​ទៀត ដោយ​អាច​ហៅ​ជើង​ខ្លាំង​ទៅ​ចូល​រួម​ប្រកួត​ផង។

 

 

សូម​បញ្ជាក់​ថា​នៅ​ទីលាន SCT Sport Complex ​នេះ នៅ​ដំណាច់​ឆ្នាំ​នឹង​មាន​ការ​ប្រកួត​ប្រណាំង​សេះ​ធំ​មួយ ដោយ​មាន​ប្រាក់​រង្វាន់​សម្រាប់​សេះ​ដែល​ឈ្នះ​រហូត​ដល់​ទៅ ១៥ ០០០​ដុល្លារ​ឯ​ណោះ៕

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់