• 2016-05-18 21:21:22
  • វិភាគ

កក្រើក​យប់​នេះ! Liverpool ឬ​ Sevilla លើក​ពាន​ UEFA Europa League?

  • 2016-05-18 21:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហង្ស​ក្រហម​ Liverpool របស់​អង់គ្លេស នឹង​ប៉ះ​ក្រុម​ Sevilla របស់​អេស្ប៉ាញ ក្នុង​ការ​ប្រកួត​​ពាន​រង្វាន់​អឺរ៉ុប​ UEFA Europa League វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​កីឡដ្ឋាន​ St Jakob Park ​ទីក្រុង​ Basel ប្រទេស​ស្វីស​ នា​វេលា​ម៉ោង​ ០១:៤៥​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។

 

 

Sevilla ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក ​ធ្លាប់​លើក​ពាន​នេះ​៤​ដង​ និង​លើក​២​​រដូវ​កាល​ជាប់ៗ​គ្នា​ចុង​ក្រោយ។ រីឯ​ Liverpool ក៏​​ធ្លាប់​លើក​ពាន​នេះ​បាន​៣​ដង​ផង​ដែរ ខណៈ​ដែល​លើក​ចុង​ក្រោយ​ ឈ្នះ​តាំង​ពី​ឆ្នាំ​២០០១។ ក្រុម​ទាំង​២​នេះ មិន​ដែល​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ នៃ​ពាន​រង្វាន់​នេះ​​ដូច​គ្នា​ ដូច្នេះ​ចាំ​មើល​ថា​យប់​នេះ​ តើ​​ក្រុម​ណា​នៅ​បន្ត​ភាព​ខ្លាំង​ អាច​លើក​ពាន​លំដាប់​ទី​២នៅ​អឺរ៉ុប​នេះ​បាន?

  សម្ដី​អ្នកចាត់ការ៖  

  Jurgen Klopp ​អ្នកចាត់ការ​ក្រុម Liverpool បាន​និយាយ​មុន​ប្រកួត​នេះ​​ថា៖ "ខ្ញុំ​បាន​មក​ដល់​ទីនេះ​ (Basel) ព្រោះ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​លើ​កីឡាករ​របស់​ខ្ញុំ។ រយៈពេល​ដែល​យើង​មិន​អាច​ឈ្នះ​ពាន​នៅ​មិន​យូរ​ទេ ដរាប​ណា​យើង​​ខំ​ព្យាយាម។ យើង​ដឹង​ច្បាស់​ពី​មហិច្ឆតា​របស់​អ្នកគាំទ្រ​យើង។ យើង​ដឹង​ច្បាស់​ថា ពួកគេ​ចង់​បាន​ពាន​នេះ​ប៉ុនណា។ ខ្ញុំ​ពេញ​ចិត្ត​ណាស់ ដែល​បាន​រួម​ចំណែក​ក្នុង​ក្រុម​នេះ ដើម្បី​ប្រែ​ក្លាយ​សុបិន​របស់​ពួកគេ​ ក្លាយ​ជា​ការ​ពិត។ ខ្ញុំ​សូម​សន្យា​ថា យើង​នឹង​ព្យាយាម​គ្រប់​បែប​យ៉ាង​ ដើម្បី​លើក​ពាន​នេះ”។

 

  Unai Emery អ្នកចាត់ការ​ក្រុម​ Sevilla បាន​លើក​ឡើង​ថា៖ "អ្វី​ដែល​យើង​សម្រេច​បាន ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពិត​ជា​អស្ចារ្យ ប៉ុន្តែ​យើង​មិន​អាច​បញ្ឈប់​ត្រឹម​នេះ​ទេ។ Liverpool ជា​ក្រុម​មួយ​ ក្នុង​ចំណោម​ក្រុម​ខ្លាំង​បំផុត​លើ​លោក​ទាំង​១០។ ពួកគេ​មាន​ប្រវត្តិ​អស្ចារ្យ ពួកគេ​ធ្លាប់​លើក​ពាន​ UEFA Champions League ៥​ដង។ ប៉ុន្តែ​កីឡាករ​របស់​យើង​ទាំង​អស់ មាន​លក្ខណៈ​ពិសេស ហើយ​យើង​ត្រូវ​តែ​​លេង​ឲ្យ​បាន​ល្អ​បំផុត​ទល់​នឹង​ពួកគេ និង​ផ្ដោត​អារម្មណ៍​ខ្លាំង​បំផុត”។

  ជើង​កីឡាករ៖  

  ហង្ស​ក្រហម​ ពុំ​មាន​កីឡាករ​ណា​របួស​បន្ថែម​គួរ​ឲ្យ​បារម្ភ​ទៀត​ទេ ក្រៅ​ពី​ Joe Gomez របួស​ជង្គង់ និង​ Mamadou Sakho ​ជាប់​បម្រាម។ រីឯ​​ប្រធាន​ក្រុម​ Jordan Henderson និង​ខ្សែ​ប្រយុទ្ធ Divock Orig ​អាច​ត្រឡប់​មក​ហ្វឹកហាត់​បាន​វិញ​ហើយ សង្ឃឹម​ថា​នឹង​អាច​ជួយ​ក្រុម​បាន​ខ្លះ​យប់​នេះ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Liverpool អាច​ជា៖ Mignolet; Clyne, Lovren, Touré, Moreno; Can, Milner; Lallana, Firmino, Sturridge, Coutinho។

 

  រីឯ​ក្រុម​ Sevilla ​​នឹង​អវត្តមាន​ខ្សែ​ការពារ​២​នាក់​គឺ Michael Krohn-Dehli និង​ Benoît Trémoulinas ​របួស​ជង្គង់​ដូច​គ្នា។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ម្ចាស់​ជើង​ឯក​ អាច​ជា David Soria; Mariano, Rami, Carriço, Escudero; Krychowiak, N'Zonzi; Coke, Banega, Vitolo; Gameiro។

  ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖  

 

  • នេះ​ជា​ជំនួប​គ្នា​លើក​ដំបូង ​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុម​ទាំង​២។
  • Sevilla (៤) និង​ Liverpool (៣) មិន​ដែល​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League/Uefa Cup ​នេះ​ដូច​គ្នា។
  • Liverpool ឡើង​​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​អឺរ៉ុប​នេះ​​លើក​ដំបូង​រយៈពេល​៩​ឆ្នាំ គិត​តាំង​ពី​ចាញ់​ AC Milan ២-១ នៅ​ UEFA Champions League ឆ្នាំ​២០០៧​មក។
  • Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ Liverpool ​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ចុង​ក្រោយ​ទាំង​៤​ដង៖ UEFA Champions League ជាមួយ​ Dortmund ឆ្នាំ​២០១៣ (ចាញ់​ Bayern Munich), German Cup ឆ្នាំ​២០១៤ (ចាញ់​ Bayern), German Cup ឆ្នាំ​២០១៥ (ចាញ់​ Wolfsburg) និង​ League Cup ឆ្នាំ​២០១៦ ជា​មួយ​ Liverpool ថ្មីៗ​នេះ (ចាញ់​ Manchester City)។
  • Sevilla ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Europa League ​៣​ឆ្នាំ​​ចុង​ក្រោយ​ជាប់ៗ​គ្នា​ ​ជាប់​កំណត់ត្រា​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ។
  • ខ្សែ​ប្រយុទ្ធ Kevin Gameiro ​របស់​ Sevilla ​​ស៊ុត​៧ និង​ Assists ២​ នៅ​ UEFA Europa League រដូវ​កាល​នេះ៕

  ព្យាករ​គូ​នេះ​គឺ៖ Liverpool ៣-១ Sevilla , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?  

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ UEFA

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី