• 2016-05-05 22:05:56
  • វិភាគ

Liverpool ​ឬ​ Villarreal ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UEL ​យប់​នេះ?

  • 2016-05-05 22:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហង្ស​ក្រហម​ Liverpool នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Anfield ​ស្វាគមន៍​ក្រុម​មក​ពី​អេស្ប៉ាញ​ Villarreal ​ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​៤​ក្រុម​ចុង​ក្រោយ​ ជើង​ទី​២​ ​នា​វេលា​ម៉ោង​២:០៥​នាទី​យប់​នេះ។

 

 

កាល​ជើង​ទី​១ នៅ​អេស្ប៉ាញ ​Villarreal​ បាន​យក​ឈ្នះ​ ១-០ រួច​មក​ហើយ ដូច្នេះ​យប់​​នេះ​ទឹក​ដី​អង់គ្លេស ហង្ស​ក្រហម​​ដាច់​ខាត​ត្រូវ​តែ​ឈ្នះ​២​គ្រាប់​ឡើង ទើប​អាច​​ធានា​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​អឺរ៉ុប​ជា​លើក​ដំបូង រយៈពេល​ជិត​១​ទសវត្សរ៍​បាន​។

 

សម្ដី​អ្នកចាត់ការ៖

 

Jurgen Klopp ​អ្នកចាត់ការ​ក្រុម​ Liverpool៖ "បើ​យើង​​លេង​បាន​ល្អ​បំផុត យើង​នឹង​អាច​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ។ សមត្ថភាព​កីឡាករ​របស់​យើង​ទាំង​អស់ ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​វិជ្ជមាន។ យើង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ហើយ​ក៏​គ្មាន​ភាព​ភ័យ​ខ្លាច​ដែរ។ ខ្ញុំ​ដឹង​ថា វា​នឹង​ពិបាក ប៉ុន្តែ​ខ្ញុំ​ជា​មនុស្ស​ ដែល​តែង​ចាប់​យក​ឱកាស​ ជា​ជាង​មាន​​ការ​ភ័យ​ខ្លាច”។

 

 

Marcelino អ្នកចាត់ការ​ក្រុម​ Villarreal៖ "យើង​មក​ទីនេះ​ (Anfield) ពោរពេញ​ទៅ​ដោយ​ក្ដី​សង្ឃឹម។ យើង​នឹង​បញ្ចេញ​សមត្ថភាព​ទាំង​អស់​គ្រប់​បែប​យ៉ាង ដើម្បី​សម្រេច​គោលដៅ​ ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ឲ្យ​បាន។ វា​នឹង​ខុស​​ពី​ការ​ប្រកួត​កាល​ជើង​ទី​១ ហើយ​ពួកគេ​នឹង​សម្រុក​យើង​ខ្លាំង​ តាំង​ពី​ពេល​ចាប់​ផ្ដើម ប៉ុន្តែ​យើង​នឹង​​វាយ​បក​ពួកគេ​វិញ​ ឲ្យ​បាន​លឿនៗ”។

 

ជើង​កីឡាករ៖

 

ម្ចាស់​ផ្ទះ​ Liverpool នឹង​អវត្តមាន​​ខ្សែ​ប្រយុទ្ធ Divock Origi ​​ដោយសារ​របួស​ក​ជើង, Joe Gomez, Jordan Henderson, Danny Ings ​របួស​ជង្គង់​ទាំង​អស់, Jordan Rossiter ​របួស​សរសៃពួរ ខណៈ​ដែល​ Mamadou Sakho ​ជាប់​ពិន័យ​រឿង​ប្រើ​ប្រាស់​សារធាតុ​ហាម​ឃាត់។ ប៉ុន្តែ​ខ្សែ​បម្រើ​​អាល្លឺម៉ង់​ Emre Can ​ដែល​អវត្តមាន​៥​ប្រកួត​មុន​ ដោយសារ​របួស​ក​ជើង អាច​ត្រឡប់​ជួយ​ក្រុម​បាន​វិញ​ហើយ។ ដូច្នេះ​១១​​នាក់​ដំបូង​របស់​ហង្ស​ក្រហម អាច​ជា៖ Mignolet; Clyne, Lovren, Touré, Moreno; Allen, Can, Milner; Lallana, Coutinho; Sturridge។

 

 

រីឯ​ក្រុម​ភ្ញៀវ​ Villarreal ​ពេញ​ជើង​ល្អ​ណាស់ គ្មាន​កីឡាករ​ណា​ម្នាក់​របួស​ទេ បន្ទាប់​ពី​​ខ្សែ​ការពារ​ Eric Bailly ​និង​ខ្សែ​ប្រយុទ្ធ Leo Baptistao ​ដែល​របួស​ក្រលៀន អាច​ត្រឡប់​មក​​លេង​បាន​វិញ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​មក​ពី​អេស្ប៉ាញ អាច​ជា៖ Asenjo; Mario Gaspar, Musacchio, Víctor Ruiz, Jaume Costa; Jonathan Dos Santos, Bruno Soriano, Trigueros, Denis Suárez; Soldado, Bakambu។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖

 

  • មុន​ប៉ះ​គ្នា​ជើង​ទី​១​សប្ដាហ៍​មុន​ ក្រុម​ទាំង​នេះ​ មិន​ដែល​មាន​ប្រវត្តិ​ប៉ះ​គ្នា​ក្នុង​ពាន​រង្វាន់​អ្វី​ទេ ប៉ុន្តែ​ធ្លាប់​ប៉ះ​គ្នា​​មិត្តភាព​ម្ដង​ កាល​ឆ្នាំ​២០០៨ ដោយ​ស្មើ​គ្នា ០-០។

  • Liverpool ខក​ខាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់​អឺរ៉ុប​៩​ឆ្នាំ​ហើយ តាំង​ពី​ចាញ់​ AC Milan នៅ​ UEFA Champions League ​ឆ្នាំ​២០០៧​មក។

  • Liverpool ​៤​ប្រកួត​ក្នុង​ដី​ប៉ះ​ក្រុម​​មក​ពី​អេស្ប៉ាញ​ចុង​ក្រោយ​នៃ​ពាន​អឺរ៉ុប ឈ្នះ​៣ ចាញ់​១ ខណៈ​ដែល​ Villarreal ​​ប៉ះ​ក្រុម​​នៅ​អង់គ្លេស​ក្រៅ​ដី​ ​៥​ប្រកួត​ចុង​ក្រោយ​ មិន​ដែល​ឈ្នះ​ទេ (ស្មើ​២, ចាញ់​៣)៕

 

ព្យាករណ៍​គូ​នេះ​គឺ៖ Liverpool ៣-១ Villarreal , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ UEFA

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី