• 2016-04-28 21:38:04
  • វិភាគ

Liverpool ប៉ះ​​ Villarreal ​លើក​ដំបូង នរណា​ឈ្នះ​យប់​នេះ?

  • 2016-04-28 21:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហង្ស​ក្រហម​ Liverpool របស់​អង់គ្លេស បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កីឡដ្ឋាន​ El Madrigal ​ប្រទេស​អេស្ប៉ាញ​ហើយ ដើម្បី​ប៉ះ​ Villarreal ​​ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ជើង​ទី​១ នា​វេលា​ម៉ោង​០២:០៥​​យប់​នេះ។

 

 

ក្រុម​ទាំង​២​​​នេះ​ មិន​ធ្លាប់​មាន​ប្រវត្តិ​ប៉ះ​គ្នា​នៅ​ពាន​រង្វាន់​អឺរ៉ុប​​ទេ ដូច្នេះ​​នេះ​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ទាំង​២​ ដែល​ត្រូវ​សាកល្បង​សមត្ថភាព​គ្នា។ ចាំ​មើល​ថា ​តើ​ក្រុម​​ណា​​អាច​ទទួល​បាន​ជ័យ​ជម្នះ​យប់​នេះ?

 

សម្ដី​អ្នកចាត់ការ៖

 

 

Marcelino អ្នកចាត់ការ​ក្រុម​ Villarreal៖ "ប្រហែល​ជា​ Liverpool គឺជា​ក្រុម​ដែល​សង្ឃឹម​លើក​ពាន​ខ្ពស់ ព្រោះ​តែ​ពួកគេ​មាន​ប្រវត្តិសាស្ត្រ​ល្អ ហើយ​ការ​ពិត​​ពួកគេ​ក៏​អាច​ទម្លាក់​ក្រុម​ខ្លាំង​ Dortmund ​បាន​ទៀត។ ប៉ុន្តែ​យើង​​ក៏​មិន​គិត​ថា ​ខ្លួន​យើង​អន់​ជាង​ពួកគេ​ដែរ ដូច្នេះ​យើង​នឹង​ខំ​គ្រប់​បែប​យ៉ាង​ ដើម្បី​ទម្លាក់​ក្រុម​ជើង​ចាស់​នៅ​អឺរ៉ុប​មួយ​នេះ​ឲ្យ​បាន”។

 

 

Jürgen Klopp អ្នកចាត់ការ​ក្រុម​ Liverpool៖ "ពេល​ខ្ញុំ​ឡើង​ដឹក​នាំ​ក្រុម​កាល​ខែ​តុលា យើង​មិន​​បាន​គិត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ទីក្រុង Basel ​ទេ ប៉ុន្តែ​​ពេល​នេះ​យើង​នៅ​មិន​ឆ្ងាយ​ទៀត​ឡើយ។ យើង​ធ្លាប់​បាន​មើល​ Villarreal លេង​៥​ទៅ​៦​ដង​ដែរ ហើយ​ឃើញ​ថា ពួកគេ​ជា​ក្រុម​​មាន​ប្រព័ន្ធ​ការពារ​ល្អ​ និង​មាន​ខ្សែ​ប្រយុទ្ធ​ល្អ​ដូច​ជា Soldado និង​ Bakambu ​ជា​ដើម។ ដូច្នេះ​យើង​ត្រូវ​តែ​ខំ​លេង​ឲ្យ​បាន​ល្អ​បំផុត”។

 

ជើង​កីឡាករ៖

 

 

ម្ចាស់​ផ្ទះ​ Villarreal ​ស្ទើរ​តែ​ពេញ​ជើង​ទាំង​អស់ ដោយ​​អវត្តមាន​​តែ​ខ្សែ​ប្រយុទ្ធ Leo Baptistao ម្នាក់​ប៉ុណ្ណោះ ដោយសារ​របួស​សាច់​ដុំ។ ចំណែក​ឯ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ទាំង​២​ Roberto Soldado និង​ Cedric Bakambu ​នឹង​​លេង​ចាប់​ដៃ​គូ​​គ្នា​ ក្លាយ​ជា​តួអង្គ​សំខាន់​យប់​នេះ។

 

 

រីឯ​ក្រុម​ភ្ញៀវ​ហង្ស​ក្រហម​ ​នឹង​អវត្តមាន​កីឡាករ​សំខាន់ៗ​ជា​ច្រើន​ដូច​ជា ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​ Divock Origi ​អវត្តមាន​ដល់​ចប់​រដូវ​កាល​(របួស​​ក​ជើង), Emre Can (ក​ជើង), Joe Gomez (ជង្គង់), ប្រធាន​ក្រុម​ Jordan Henderson (ជង្គង់), Danny Ings ​(ជង្គង់) និង​ Mamadou Sakho ​ត្រូវ​បញ្ឈរ​ជើង​បណ្ដោះ​អាសន្ន ដោយសារ​រឿង​​ប្រើ​ប្រាស់​សារធាតុ​ហាម​ឃាត់។ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Christian Benteke ​ដែល​ទើប​ត្រឡប់​ពី​របួស​ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​​អេស្ប៉ាញ​ជាមួយ​ក្រុម​ដែរ ដោយ​សង្ឃឹម​អាច​ចូល​លេង​បាន​ខ្លះ។

 

ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ទាំង​២​ អាច​ជា៖

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖

 

  • នេះ​ជា​ជំនួប​គ្នា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​រវាង​ Villarreal និង​ Liverpool ​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប។

  • Villarreal ១០​ប្រកួត​ចុង​ក្រោយ​ប៉ះ​ក្រុម​អង់គ្លេស​ មិន​ដែល​ឈ្នះ​ទេ (ស្មើ​៦, ចាញ់​៤) ខណៈ​ដែល​ Liverpool ៤​ប្រកួត​ចុង​ក្រោយ​ប៉ះ​ក្រុម​អេស្ប៉ាញ ចាញ់​៣។

  • Liverpool ឡើង​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ ​ពាន​រង្វាន់​អឺរ៉ុប​ប៉ះ​ក្រុម​អេស្ប៉ាញ​លើក​ទី​៤​ហើយ ខណៈ​ដែល​លើក​ចុង​ក្រោយ​​ធ្លាក់​ក្រោម​ស្នាដៃ​ Atletico Madrid ​កាល​ឆ្នាំ​២០០៩/១០។

  • Liverpool គឺជា​ក្រុម​តែ​១​គត់ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ "ចាញ់” នៅ​​ពាន​រង្វាន់​អឺរ៉ុប​​រដូវ​កាល​នេះ៕

 

ព្យាករ​គូ​នេះ​គឺ៖ Villarreal ១-១ Liverpool , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ UEFA

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី