• 2015-09-22 16:16:11
  • ប្រវត្តិ​​

ដឹង​អត់! កីឡាករ​កម្ពុជា​ណា​​រក​គ្រាប់​បាល់​ដំបូង​គេ​​ក្នុង​វគ្គ​ជម្រុះ​ World Cup​ ?

  • 2015-09-22 16:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ហុក សុចិត្រា​ អតីត​កីឡាករ​​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​​ជាង​១០​ឆ្នាំ​មុន​បាន​ស្ថិត​ក្នុង​បញ្ជី​អ្នក​ទាត់​បាល់​បញ្ចូល​ទី​បាន​មុន​គេ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ FIFA World Cup​ ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​គិត​ចាប់​តាំង​ពី​​ឆ្នាំ​ ១៩៩៧​ មក។

 

ឆ្នាំ​​នោះ​ជា​​លើក​ដំបូង​ហើយ​ដែល​កម្ពុជា​បាន​ចូល​ប្រកួត​ជម្រុះ​ក្នុង​ពាន​រង្វាន់​ World Cup ខណៈ​​ទ្វីប​អាស៊ី​ តម្រូវ​ឱ្យ​ក្រុម​ទាំង​អស់​ចូលរួម​​ចែក​ជា​ពូល​ប្រកួត។ កម្ពុជា​នៅ​ពូល​៥​ជាមួយ​ប្រទេស​អ៊ូបេគីស្ថាន យេមែន និង ឥណ្ឌូណេស៊ី។  គ្រាប់​ដំបូង​របស់​លោក ហុក​ សុចិត្រា កើត​មាន​ឡើង​ក្នុង​ជំនួប​​រវាង​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ទទួល​​ភ្ញៀវ​​​ក្រុម​ឥណ្ឌូណេស៊ី​ ក្នុង​ប្រកួត​ទី​២​ក្នុង​ពូល​។ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ នៅ​​ថ្ងៃ​ទី​២៧ ខែ​មេសា​ ឆ្នាំ​១៩៩៧ ក្រោម​ការ​​ដឹក​នាំ​ការ​ប្រកួត​ដោយ​លោក​អាជ្ញាកណ្ដាល ​ Li Haiseng​ ជនជាតិ​ចិន។

 

នៅ​​នាទី​៦៥ នៃ​ការ​ប្រកួត​ ខ្សែ​ប្រយុទ្ធ ហុក សុចិត្រា បាន​បំប៉ោង​សំណាញ់​ទី​ក្រុម​ឥណ្ឌូណេស៊ី​ បាន​សម្រេច​ ប៉ុន្តែ​ក្នុង​ប្រកួត​នោះ​ក្រុម​ភ្ញៀវ​ក៏​តាម​បាន​ស្មើ​វិញ​នៅ​នាទី​៨០។ នៅ​ឆ្នាំ​ជាមួយ​គ្នា​នោះ​ដែរ​​ពេល​ទទួល​ភ្ញៀវ​ អ៊ូបេគីស្ថាន ហុក សុចិត្រា ក៏​បាន​​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ដែរ​ឱ្យ​ក្រុម​កម្ពុជា។ វគ្គ​ជម្រុះ​តាម​ពូល​នោះ​ ក្នុង​ចំណោម ៤ ក្រុម​កម្ពុជា​ឈរ​ចំណាត់​ថ្នាក់​លេខ៤​មាន​១​ពិន្ទុ​ក្នុង​ដៃ​ទាត់​ចូល​ទី​គេ​បាន​២ គ្រាប់​គេ​ទាត់​ចូល​វិញ​២៧​គ្រាប់។

ឆ្នាំ ១៩៩៧ នោះ​ដែរ លោក​ ហុក សុចិត្រា បាន​ឈ្នះ​ពាន​រង្វាន់ ​ជា​កីឡាករ​លេង​ល្អ​បំផុត​លេខ​២​​ ប្រចាំ​​​តំបន់​អាស៊ីអាគ្នេយ៍​​ បន្ទាប់​ពី​កីឡាករ​​ថៃ​ Kiatisuk Senamuang ​ដែល​បច្ចុប្បន្ន​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ថៃ​ដ៏​ឆ្នើម​។  លើស​ពី​នេះ​ទៀត ​លោក​ ​ក៏​ទទួល​បាន​​​​បាល់​មាស​ពី​​ក្រុមហ៊ុន​ Sanyo​​ ផង​ដែរ។​ តាម​ទិន្នន័យ​ដែល​ទទួល​បាន​ អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​ធ្លាប់​​បាន​រក​គ្រាប់​បាល់​រហូត​ដល់​​​ ៤២​ គ្រាប់​​ក្នុង​​ការ​ប្រកួត​​អន្តរជាតិ​ ​ចំនួន​​៦២​ប្រកួត។

 

សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​ នៅ​ប្រទេស​រុស្ស៊ី​ កម្ពុជា​បាន​ឆ្លង​ផុត​ជុំ​ទី​១​ដោយ​ទម្លាយ​សំណាញ់​ទី​ដៃ​គូ​បាន​៤​គ្រាប់​ និង​ត្រូវ​គេ​ស៊ុត​ចូល​វិញ​តែ​១​គ្រាប់​ប៉ុណ្ណោះ។ ​សម្រាប់​ជុំ​ទី​ពីរ​វិញ​កម្ពុជា​មិន​ទាន់​រក​បាន​មួយ​គ្រាប់​​​ឡើយ​ក្នុង​ចំណោម​៤​ប្រកួត​កន្លង​មក​ ប៉ុន្តែ​ត្រូវ​ដៃ​គូ​ស៊ុត​ចូល​ទី​រហូត​ដល់​១៤​​គ្រាប់​ហើយ។ នៅ​សល់​៤​ប្រកួត​ទៀត​ តើ​កម្ពុជា​អាច​បំបែក​ពង់​មាន់​បាន​ទេ​?

 

សរុប​គ្រាប់​បាល់​អ្នក​ទាត់​បញ្ចូល​ទី​ឱ្យ​កម្ពុជា​នៅ​វគ្គ​ជម្រុះ World Cup ​

វគ្គ​ជម្រុះ World Cup 1998 នៅ​បារាំង

ហុក​ សុចិត្រា​ ២ គ្រាប់​

កម្ពុជា ១ – ១ ឥណ្ឌូណេស៊ី​

កម្ពុជា ១ – ៤ អ៊ូបេគីស្ថាន​

ជម្រុះ World Cup 2002 នៅ​កូរ៉េខាងត្បូង-ជប៉ុន

ជា​ មករា ២ គ្រាប់​

កម្ពុជា ១ – ១ ម៉ាល់ឌីវ​

ចិន ៣ – ១ កម្ពុជា​

ជម្រុះ​ World Cup 2006 នៅ​អាល្លឺម៉ង់ (មិន​បាន​ចូលរួម​)

ជម្រុះ​ World Cup 2010 នៅ​អាហ្វ្រិកខាងត្បូង​

សំអែល​ ណាសា ១ គ្រាប់​ ទួរមេនីស្ថាន​ ៥ – ១ កម្ពុជា​

ជម្រុះ​ World Cup 2014 នៅ​ប្រេស៊ីល​

គួច សុកុម្ភៈ​ ២ គ្រាប់​

កម្ពុជា ៦ – ៨ ឡាវ​

សំអែល ណាសា​ ២ គ្រាប់​
ឃួន ឡាបូរ៉ាវី ១ គ្រាប់​
ឈិន ឈឿន​ ១​ គ្រាប់​

ជម្រុះ​ World Cup 2018 នៅ​រុស្ស៊ី​ ជុំ​ទី​១

ចាន់ វឌ្ឍនាកា​ ២​ គ្រាប់​ កម្ពុជា​ ៣-០ ម៉ាកាវ (ជើង​ទី១)​​
ឃួន ឡាបូរ៉ាវី​ ១​ គ្រាប់​
ធារី ចន្ថាប៊ីន​ ១​ គ្រាប់​ ម៉ាកាវ ១-១ កម្ពុជា (ជើង​ទី​២)
 

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទថ្មី