• 2024-09-19 05:53:01
  • កីឡា​ផ្សេង​ៗ

វឌ្ឍនភាព​ការងារ​ត្រៀម​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៤​ និង​កីឡា​ជន​ពិការ​លើក​ទី២​ ឈាន​ដល់​ដំណាក់កាល​ណា​ហើយ...​

  • 2024-09-19 05:53:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ទទួល​បន្ទុក​ផ្នែក​កីឡា​ កាល​ពី​ថ្ងៃ​ទី១៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ នេះ​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ត្រៀម​ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី៤​ ​និង​កីឡា​ជន​ពិការ​លើក​ទី២​ នៅ​សាល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​

ទិដ្ឋភាពប្រជុំម្សិលមិញ

លោក ហួត​ សេងទ្រី ប្រធាន​នាយដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍ និង​ស្ថិតិ​កីឡា​ បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​ត្រៀម​ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី៤​ នេះ​ថា​ ថ្នាក់ដឹកនាំ​ផ្ដោត​លើ​ការងារ​រៀបចំ​ជា​រួម។​ ផ្នែក​ជំនាញ​តែងតែ​ប្រជុំ​ជា​មួយ​សហព័ន្ធ​កីឡា​ជាតិ​ និង​ភាគី​ពាក់ព័ន្ធ​នានា​ជុំវិញ​បទបញ្ជា​ការ​ប្រកួត​បាន​ផ្សព្វផ្សាយ​ដល់​ប្រតិភូកីឡា​រាជធានី-ខេត្ត និង​ក្រសួង​ទាំង៣ ​រួចរាល់​ហើយ។​ បទបញ្ជា​ការ​ប្រកួត​ទាំង​នេះ​នឹង​រៀបចំ​បោះពុម្ព​ជា​សៀវភៅ​ដើម្បី​ផ្ដល់​ជូន​ភាគី​ពាក់ព័ន្ធ។​

លោក ហួត​ សេងទ្រី

ជា​មួយ​គ្នា​នេះ​ដែរ​អំពី​ការ​កំណត់​ទីលាន​ និង​ការ​ធ្វើ​លិខិត​របស់​ក្រសួង​អប់រំ​ក៏​បាន​រៀបចំ​រួចរាល់​ហើយ​ជា​មួយ​សហព័ន្ធ​កីឡា​ជាតិ។​ ចំពោះ​ការងារ​បច្ចេកទេស​ គណៈកម្មការ​បច្ចេកទេស​សហព័ន្ធ​បាន​បញ្ជូន​មក​ហើយ​រង់ចាំ​តែ​ក្រសួង​ចេញ​លិខិត​ឧទ្ទេសនាម​បន្ទាប់​មក​ប្រជុំ​មួយ​ៗ​ជា​មួយ​សហព័ន្ធ​កីឡា​ជាតិ​នានា​តែ​ប៉ុណ្ណោះ។​

ប្រធាន​នាយដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍ និង​ស្ថិតិ​កីឡា​ បន្ថែម​ទៀត​ថា​ ការងារ​អំពី​ពិធី ​បើក-បិទ​ កីឡា​ជាតិ​នេះ​ក៏​បាន​ប្រជុំ​ព្រៀង​រួចរាល់​ហើយ​ដែរ​ ពោល​នៅ​ថ្ងៃ​បើក​ពិធី​ចំណាយ​ពេល​ខ្ទង់ ​២ម៉ោង​រួម​មាន​ការ​ដើរ​ក្បួន​ព្យុហយាត្រា​ ការ​សម្ដែង​វប្បធម៌​ ការ​សម្ដែង​សិល្បៈ​កម្សាន្ត​ជា​ដើម។​

ទិដ្ឋភាពប្រជុំម្សិលមិញ

បញ្ជាក់​ដែរ​ថា​ កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​ លើក​ទី៤​ និង​កីឡា​ជាតិ​ជន​ពិការ​ លើក​ទី២ ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៩​ ខែ​តុលា​ ដល់​ ៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។​ ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៤​ នេះ​នឹង​មាន​ ៣៦​ប្រភេទ​កីឡា​ និង​កីឡា​ជាតិ​ជន​ពិការ​ លើក​ទី២​ មាន​ ៦ប្រភេទ​កីឡា។​ ចំពោះ​ទីតាំង​ប្រកួត​កីឡា​ជាតិ​មាន​ ៥​រាជធានី-ខេត្ត​ រួម​មាន​ ទី១​ ភ្នំពេញ (ស្តាត​អូឡាំពិក/មរតកតេជោ)​ ទី២ ខេត្តកំពង់ឆ្នាំង (ប្រណាំង​កង់) ទី៣ ខេត្ត​ស្វាយរៀង (ប្រណាំងទូក) ទី៤ ខេត្ត​កែប (ទ្រីយ៉ាធ្លុង) ទី៥ ខេត្តព្រះសីហនុ (ម៉ូតូទឹក/ទូកក្ដោង)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី