• 2024-04-23 01:15:00
  • បាល់ទះ

តស់! មកដឹងប្រាក់រង្វាន់បាល់ទះ 4x4 ទូទាំងប្រទេសវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ

  • 2024-04-23 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតដណ្ដើមពានរង្វាន់៤ស្មើទូទាំងប្រទេស WURKZ Special Volleyball Cup 4x4 ឆ្នាំ២០២៤ បានឈានមកដល់ភ្នំពេញហើយដោយ ឥឡូវនេះក្រុមនីមួយៗបាននឹងកំពុងធ្វើការប្រកួតសន្សំពិន្ទុតាមពូល។ តើក្រុមណាខ្លះនឹងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ? តើក្រុមមួយណានឹងគ្រងជើងឯកដំបូងគេក្នុងពានរង្វាន់ដ៏ធំមួយនេះ? តើជើងឯកនឹងទទួលបានពានរង្វាន់អ្វីខ្លះពីកម្មវិធី​?

តាមបើតាមការឲ្យដឹងពីសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្រុមគ្រងជើងឯកនឹងទទួលបានពាន១ មេដាយមាស១ និងប្រាក់រង្វាន់ ៥០លានរៀល។ ជើងឯករងទទួលបានមេដាយប្រាក់១ និងប្រាក់រង្វាន់ ២០លានរៀល និងចំណាត់ថ្នាក់លេខ៣ទទួលបានមេដាយសំរិទ្ធ១ និងប្រាក់រង្វាន់ ១២លានរៀលដែលជាចំនួនច្រើនមិនធម្មតា។

មិនតែបុណ្ណោះការប្រកួតនេះទៀតសោត ក៏បានដាក់ពានរង្វាន់ឯកត្តជនចំនួន៥ពានផងដែរដោយក្នុងពានមួយទទួលបានទឹកប្រាក់ ១លានរៀល ដើម្បីផ្ដល់ជូនកីឡាករល្អៗឆ្នើមៗមានសមត្ថភាព។

ពានឯកត្តជនទាំង៥នោះមានពានរង្វាន់ស្មាត់ល្អបំផុត (The best Spiker) ពានរង្វាន់អ្នកចែកបាល់ល្អបំផុត (The Best Setter) ពានរង្វាន់កីឡាករធ្វើរនាំងល្អបំផុត (The best blocker) ពាន​កីឡាករវាយសេវាល្អបំផុត (The best sever) និងពានកីឡាករល្អប្រចាំព្រឹត្តិការណ៍ (The most valuable player)។

ចំពោះប្រាក់រង្វាន់ឯកត្តជននេះគឺទទួលបានការសាទរមែនទែនពីបណ្ដាក្លឹបដែលបានចូលរួម ដ្បិតថាមានចំនួនច្រើនជាងបើធៀបនឹងពានឯកត្តជនក្នុងពានរង្វាន់ផ្សេងៗ។

គួរបញ្ជាក់ដែរថា ពានរង្វាន់ WURKZ Special Volleyball Cup 4x4 ឆ្នាំ២០២៤ នៅភ្នំពេញនេះមានក្រុមចូលរួមចំនួន១៥ក្រុម ចែកចេញជា៤ពូល (A, B, C, D) ក្នុងមួយពូលមាន៤ក្រុម លើកលែងតែពូល D មួយប៉ុណ្ណោះមាន៣ក្រុម។ ក្រុមទាំងអស់ត្រូវប្រកួតវិលជុំសន្សំពិន្ទុ ដើម្បី​យក២ក្រុមឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ​ មុនឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅសាលបាល់ទះនៃវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិច)។ ចូល​រួម​ឱ្យ​បាន​​ច្រើន​កុះករ ការប្រកួត​មិន​មាន​លក់​សំបុត្រ​ឡើយ៕

អត្ថបទ៖ Um Sopheak

មតិយោបល់