- 2024-04-24 05:35:00
- បាល់ទះ
ជុក សោភា ហៅឥន្ទ្រីពិឃាដ ឌូក ចិញ្ចឹមចិត្តចង់ឈ្នះពានរង្វាន់ឯកជន
- 2024-04-24 05:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជុក សោភា ហៅឥន្ទ្រីពិឃាដ ឌូក ចិញ្ចឹមចិត្តចង់ឈ្នះពានរង្វាន់ឯកជន
ចន្លោះមិនឃើញ
ជ័យលាភីជើងឯកនៃពានរង្វាន់ដ៏ធំ WURKZ Special Volleyball Cup 4x4 ឆ្នាំ២០២៤ នឹងបានពាន១ មេដាយមាស១ និងប្រាក់រង្វាន់ជាក្រុម ៥០លានរៀល ជើងឯករងទទួលបានមេដាយប្រាក់១ និងប្រាក់រង្វាន់ ២០លានរៀល និងលេខ៣ទទួលបានមេដាយសំរិទ្ធ១ និងប្រាក់រង្វាន់ ១២លានរៀល។
ក្រៅពីប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានដាក់ពានរង្វាន់ឯកត្តជនចំនួន៥ពានទៀត ដើម្បីឲ្យលីឡាករបាល់ទះទាំង១៤ក្រុមធ្វើការប្រកួតប្រជែងដណ្ដើមស្នាដៃ។ ពានរង្វាន់ឯកត្តជនទាំង៥នោះមាន៖
១- ពានរង្វាន់ស្មាត់ល្អបំផុត (The best Spiker)
២- ពានរង្វាន់អ្នកចែកបាល់ល្អបំផុត (The Best Setter)
៣- ពានរង្វាន់កីឡាករធ្វើរនាំងល្អបំផុត (The best blocker)
៤- កីឡាករវាយសេវាល្អបំផុត (The best sever)
៥-ពានកីឡាករល្អប្រចាំព្រឹត្តិការណ៍ (The most valuable player)
សម្រាប់ពានឯកត្តជននេះដែរក្នុង១ពានមានទឹកប្រាក់១លានរៀល។ ការដាក់តម្លៃពាន១លានរៀលនេះធ្វើឲ្យបណ្ដាក្លឹបទាំងអស់មានការសាទរ ហើយក្នុងនោះកីឡាកររបស់កងពលធំអន្តរាគមន៍លេខ៣ B ជុក សោភា ហៅឥន្ទ្រីពិឃាដឌូកក៏មានបំណងចង់បានដែរ។
ស្មាត់ឌូកបានលើកឡើងថា ប្រសិនបើក្រុមរបស់ខ្លួនឡើងដល់វគ្គ៤ក្រុមចុងក្រោយ នោះរូបគេក៏សង្ឃឹមក្លាយជាបេក្ខភាពមួយរូបប្រកួតប្រជែងពានរង្វាន់ឯកត្តជន។
ស្មាត់មានដើមកណើតមកពីខេត្តព្រៃវែង បានពន្យល់ថា ៖"បើដល់វគ្គបួនក្រុមចុងក្រោយ សង្ឃឹមថាអាចបានដែរ បើក្នុងពូលសង្ឃឹមឡើង៦០%ទៅកាន់វគ្គបន្ទាប់"។
ក្រុមកងពលធំអន្តរាគមន៍លេខ៣ B ស្ថិតនៅក្នុងពូល A ជាមួយក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងក្រុមស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដែលសុទ្ធសឹងជាក្រុមខ្លាំងមិនអាចមើលស្រាលបាន។ ទោះបីជាយ៉ាងណាកីឡាករចេះដៃស្ដាំជំនាញស្មាត់ខាងឆ្វេង ឌូក សង្ឃឹម៦០%ក្នុងការនាំក្រុមរបស់គេឆ្លងផុតការសន្សំពិន្ទុក្នុងពូលឡើងទៅកាន់វគ្គបន្ទប់។
គួរបញ្ជាក់ថា ពីរប្រកួតកន្លងមកក្រុមរបស់ឥន្ទ្រីពិឃាដឌូកឈ្នះក្រុមស្នងការឧត្តរមានជ័យ និងចាញ់ក្រុមស្នងការព្រះសីហនុ ដូច្នេះពួកគេឈ្នះមួយចាញ់មួយមាន៣ពិន្ទុ ឈរចំណាត់ថ្នាក់លេខ២បណ្ដោះអាសន្ន។ ថ្ងៃទី២៤ ខែមេសា ឆ្នា២០២៤នេះ ពួកគេត្រូវជួបជាមួយក្រុមស្នងកាតខេត្តពោធិ៍សាត់ នៅវេលាម៉ោង៤រសៀល៕