• 2024-05-03 00:05:13
  • បាល់ទាត់

ទោះ​មិន​ត្រូវ​គ្នា Ten Hag សរសើរ Sancho

  • 2024-05-03 00:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​មាន​ទំនាក់ទំនង​មិន​ល្អ​នឹង​គ្នា អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Erik Ten Hag បាន​កោត​សរសើរ​ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ Jadon Sancho ក្នុង​ការ​ជួយ Borussia Dortmund យក​ឈ្នះ Paris Saint Germain ក្នុង​ប្រកួត​ជើង​ទី​មួយ​នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី UEFA Champions League។

លោក Ten Hag បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា Sancho បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ ទម្រង់​លេង​​ដែល​ Sancho បាន​បង្ហាញ​ក្នុង​អំឡុង​ការ​ប្រកួត​រវាង Dortmund និង PSG គឺ​ជា​មូល​ហេតុ​ដែល​នាំ​ឲ្យ Manchester United បាន​នាំ​ចូល​កីឡាករ​រូប​នេះ​កាល​ពី ៣ ឆ្នាំ​មុន។ លោក Ten Hag នឹង​ពិចារណា​ថា​នឹង​ចាត់​ចែង​យ៉ាង​ណា​ពី​អនាគត​របស់​ Ten Hag នៅ​បិសាច​ក្រហម។

ក្នុង​ការ​ប្រកួត​រវាង​ Dortmund និង PSG កាល​ពី​ថ្មីៗ​កន្លង​ទៅ កីឡាករ​អង់គ្លេស​វ័យ ២៤ ឆ្នាំ Sancho មាន​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​ខ្សែ​ស្លាប​បាន​បង្ក​ការ​លំបាក​ជា​ច្រើន​ដល់​ខ្សែ​ប្រយុទ្ធ PSG ហើយ​បង្កើត​ឱកាស​ស៊ុត​ជា​ច្រើន​ឲ្យ​ក្រុម Dortmund។ ជា​លទ្ធផល​ Sancho បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត ក្រោយ​ប្រកួត​ចប់។

ចាប់​ពី​ខែ​មករា ឆ្នាំ​២០២៤ មក Sancho បាន​ផ្ទេរ​ពី Manchester United មក​លេង​ឲ្យ​ក្លឹប Borussia Dortmund ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។ ​ការ​ផ្ទេរ​នេះ កើត​ឡើង​ក្រោយ Sancho មាន​បញ្ហា​ទាស់ទែង​ពាក្យ​សម្ដី​ជា​សាធារណៈ​ជាមួយ​អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Erik Ten Hag កាល​ពី​ចុង​ខែ​សីហា​ ឆ្នាំ ២០២៣ កន្លង​ទៅ។ ការណ៍​នេះ​ធ្វើ​ឲ្យ Sancho មិន​បាន​ចូល​រួម​លេង​ឲ្យ​ក្លឹប​ប្រមាណ​ជាង ៤ ខែ​ មុន​មក​លេង​ឲ្យ Dortmund។ តាំង​ពី​មក​អាល្លឺម៉ង់​វិញ Sancho បាន​បង្ហាញ​ទម្រង់​ប្រសើរ​ជាង​ពេល​រូប​គេ​លេង​នៅ​អង់គ្លេស។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​ឲ្យ​ Dortmund សរុប ១៧ ប្រកួត​ និង​ស៊ុត​ចូល ៣ គ្រាប់។

Sancho បាន​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម​ពី​ក្លឹប​អាល្លឺម៉ង់​ Dortmundកាល​ពី​ពាក់កណ្ដាល​ឆ្នាំ ២០២១ ក្នុង​តម្លៃ​ប្រមាណ ៧០ លាន​ផោន។ ជាង​ ៣ ឆ្នាំ​នៅ​ Man Utd នេះ កីឡាករ​មាន​ទម្រង់​លេង​មិន​សូវ​មាន​ផ្លែផ្កា​ដូច​ពេល​លេង​ឲ្យ Dortmund។ Sancho លេង​សរុប ៨២ ប្រកួត និង​ស៊ុត​ចូល ១២ គ្រាប់​ឲ្យ​បិសាច​ក្រហម។

ដោយ​ឡែក​ និយាយ​ពី​រឿង Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​វិញ មួយ​គូ​ទៀត​ពោល​គឺ​ការ​ប្រកួត​ជើង​ទី​មួយ​រវាង Real Madrid និង Bayern Munich បាន​បញ្ចប់​ក្នុង​លទ្ធផល ២ ទល់​នឹង ២។ ការ​ប្រកួត​ជើង​ទី​ពីរ នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ៕

ប្រភព៖ theguardian អត្ថបទ៖ សេរី មង្គល

មតិយោបល់