• 2024-05-04 07:50:00
  • បាល់ទះ

បើឥន្ទ្រីពិឃាដឌូកត្រូវលក្ខខណ្ឌនេះលោក Li Jun នឹងពិចារណាឲ្យចូលក្រុមបាល់ទះលើក្ដារ​ជម្រើសជាតិ

  • 2024-05-04 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់ដ៏ល្អរបស់ក្លឹបបាល់ទះកងពលធំអត្តរាគមន៍លេខ៣ ជុក សោភា ហៅឥន្ទ្រីពិឃាដឌូក បានកសាងកេរ្តិ៍ឈ្នះល្បីល្បាញខ្លាំងក្នុងវិស័យបាល់ទះទាំងក្នុងនិងក្រៅផ្លូវការ។ កីឡាកររូបនេះមានសមត្ថភាពវាយប្រយុទ្ធល្អ ធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ឡើយ។

ក្រោយមានភាពល្បីល្បាញ មានទេបកោសល្យ និងមានសមត្ថភាពល្អ កីឡាករជំនាញដៃស្ដាំឈរវាយប្រយុទ្ធខាងឆ្វេងកម្ពស់១,៨៤ម៉ែត្រ ក៏បានជាប់ជាកីឡាករបាល់ទះលើក្ដារជម្រើសជាតិកម្ពុជា​តាំង​ពី​ឆ្នាំ​២០១៤-២០១៥ មក​ម្ល៉េះ។ ឆ្នាំ​២០១៦ គេជាប់​ឆ្នេរខ្សាច់។ ឆ្នាំ២០១៧ គេជាប់​លើ​ក្ដារ​ទៅលេងស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី និងជាប់លើក្ដារមួយលើកទៀតនៅឆ្នាំ២០១៨ ប៉ុន្តែមិនបានចេញទៅលេងក្រៅប្រទេសឡើយ។

ឆ្នាំ២០១៩ ស្មាត់ល្បីឈ្មោះដដែល​បានជាប់ក្នុងក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា ចេញទៅ​លេង SEA GAMES លើកទី៣០នៅប្រទេសហ្វីលីពីន ឆ្នាំ​២០២១ ជាប់ជម្រើសជាតិ​ឆ្នេរខ្សាច់​ចេញ​ទៅ​លេង​ SEA GAMES លើក៣១នៅប្រទេសវៀតណាម​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ គេ​បាន​លេង​ SEA Game លើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែក្រុមបាល់ទះជម្រើសជាតិឆ្នេរខ្សាច់កម្ពុជា មិនទទួលបានលទ្ធផលឡើយ។

ជុក សោភា ហៅឥទ្ទ្រីពិឃាដ ឌូក

ឌូក មានបទពិសោធន៍តិចតួចក្នុងបាល់ទះលើក្ដារ និងមានបទពិសោធន៍ច្រើនគួរសម្យក្នុងបាល់ទះឆ្នេរខ្សាច់ ប៉ុន្តែប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះកម្ពុជាចង់ឃើញស្មាត់ធំមកពីខេត្តព្រៃវែងរូបនេះ បង្ហាញខ្លួនក្នុងក្រុមបាល់ទះលើក្ដារជម្រើសជាតិកម្ពុជាជាថ្មីម្ដងទៀត ព្រោះយល់ថារូបគេបានបង្ហាញគុណផលល្អណាស់ក្នុងការប្រកួតពានរង្វាន់ក្នុងស្រុកម្ដងៗ។

ទាក់ទងចំណុចនេះ Sabay ក៏បានសាកសួរទៅកាន់លោក Li Jun គ្រូបង្វឹកបាល់ទះលើក្ដារក្រុមជម្រើសជាតិកម្ពុជា អំឡុងពេលប្រកួតដណ្ដើមបានរង្វាន់ WURKZ Special Volleyball Cup 4x4 ឆ្នាំ២០២៤ថ្មីៗនេះ លោកបានទទួលស្គាល់ថាឌូកមានសមត្ថភាពល្អ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺដោយសារគេមានអាយុច្រើន ពិបាកក្នុងការប្រកួតប្រជែងជាមួយកីឡាករក្មេងៗ។

លោកគ្រូ Li Jun

លោកបានសរសើរថា ឌូកមានការវាយប្រយុទ្ធល្អ មានការការពារល្អ មានផ្លែសេវាល្អ ប៉ុន្តែអ្វីដែលគេនៅខ្វះខាតគឺការធ្វើរនាំង និងអាយុនេះតែម្ដង។

លោក Li Jun បានបញ្ជាក់ថា ៖«ឌូកល្អក្រាន់បើ គាត់មានការវាយប្រយុទ្ធល្អ សេវាល្អ ការពារល្អ ប៉ុន្តែស្ទើររនាំង តែអាយុគាត់ច្រើន បើគាត់អាយុតិចខ្ញុំនឹងពិចារណាមើលនាំចូលក្នុងក្រុមបាល់ទះលើក្ដារជម្រើសជាតិកម្ពុជា»។

មិន​តែ​ប៉ុណ្ណោះ​តំណែង​ដែល​ឌូកលេងក្នុង​ក្រុមជម្រើសជាតិ​គឺ​មាន​កីឡាករ​ច្រើន​ដែរ​ដូចជា គួន ម៉ុម, ពិន សារុន មកពីវិសាខា​ និង​ ធីម៉េងហួង របស់​សមាគម​បាល់ទះ​ក្រសួង​មហាផ្ទៃ។

គួរបញ្ជាក់​ថា ឆ្នាំ​នេះ​ឥន្ទ្រីពិឃាដឌូកមាន​វ័យ​៣២​ឆ្នាំ ហើយ​បាន​នឹង​កំពុង​លេង​ឱ្យ​ក្លឹប​កង​ពល​ធំ​អន្តរាគមន៍លេខ៣ និ​ង​បាន​ជួយ​ក្រុម​កងពល​ធំ A លើកពានភូមិភាគ Wurkz នៅ​មណ្ឌល​ខេត្ត​សៀមរាប និង​បាន​ចំណាត់​ថ្នាក់​លេខ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ មេសា​ ឆ្នាំ​២០២៣​ថ្មីៗ​នេះ៕

អត្ថបទ៖ Um Sopheak

មតិយោបល់