- 2024-04-29 03:35:00
- បាល់ទះ
អ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ មិននឹកស្មានក្រុមខ្លួនលើកពានដ៏ធំ៤ស្មើទូទាំងប្រទេសឡើយ
- 2024-04-29 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ មិននឹកស្មានក្រុមខ្លួនលើកពានដ៏ធំ៤ស្មើទូទាំងប្រទេសឡើយ
ចន្លោះមិនឃើញ
អ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ដ្បិតគេមិននឹកស្មានថាក្រុមសមាគមបាល់ទះវិសាខាអាចលើកពានបាល់ទះ៤ស្មើទូទាំងប្រទេសដ៏ធំនិងដំបូងគេបង្អស់នៅកម្ពុជា WURKZ Special Volleyball Cup 4x4 ឆ្នាំ២០២៤ កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះឡើយ។
ការមិននឹកស្មានដល់នេះ ដោយសារតែកីឡាករកើតនៅឆ្នាំ១៩៩៥ យល់ឃើញថាក្រុមក្រសួងមហាផ្ទៃ A ដែលជាគូប្រជែងនៅវគ្គផ្ដាច់ព្រ័ត្រជាក្រុមខ្លាំងមួយសំបូរកីឡាករឆ្នើមៗ ជាក្រុមមួយដែលមានការការពារនិងការវាយប្រយុទ្ធល្អ ជាពិសេសពួកគេបានយកឈ្នះក្រុមជើងខ្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដែលមានកីឡាករល្បីៗដូចជា អធិរាជប្រអប់ស្មាត់រាជ យុនស្រែស្រែ ទូចអង្គរក្ស នួន វិចិត្រ លុច គឹមស៊ាន ថេងហ្រ្វាំងនិងកីឡាករឆ្នើមៗផ្សេងទៀត ៣ សិតទល់នឹង២សិត មុនឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ។
មិនតែប៉ុណ្ណោះ សួន ចាន់ណារ៉ូ មើលឃើញថានៅវគ្គ៤ក្រុមចុងក្រោយ ក្រសួងមហាផ្ទៃ A កាន់តែធ្វើបានល្អដោយពួកគេបានយកឈ្នះក្រុមខ្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ក្នុងលទ្ធល ៣សិតសូន្យឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។
កីឡាករទម្ងន់ ៩០គីឡូកម្ពស់១,៩០ម៉ែត្រ បានប្រាប់ដូច្នេះថា ៖«ខ្ញុំសប្បាយចិត្តមែនទែន ព្រោះដោយសារខ្ញុំមិននឹកស្មានថាខ្ញុំបានជើងឯកទេ នេះនិយាយចេញពីចិត្តត្រង់ ដោយសារកាលពីម្សិលមិញខ្ញុំបានមើលក្រសួងមហាផ្ទៃលេងដែរគឺគាត់ល្អមែនទែន ចឹងខាងខ្ញុំក៏ពិបាកលេងជាមួយគាត់ដែរ តែមិននឹកស្មានថាថ្ងៃហ្នឹងយើងអាចផ្លាស់ប្ដូរហ្គេមដែលធ្វើឱ្យគាត់ពិបាកជាងយើងវិញ»។
អ្នកប៉ះសេជម្រើសជាតិកម្ពុជារូបនេះបានបង្ហើបទៀតថាអ្វីដែលធ្វើឱ្យវិសាខា A ឈ្នះក្រសួងមហាផ្ទៃ A គឺដោយសារមិត្តរួមក្រុមរបស់គេមានផ្លែសេវាមុតល្អស្មើដៃគ្នា ជាហេតុធ្វើឱ្យកីឡាករឆ្នើមៗក្រសួងមហាផ្ទៃ ធី ម៉េងហួង, មឿន ម៉េងឡាយ, និងឈួន ប្រសិដ្ឋ ពិបាកចាប់ ចំណែក ប៊ន ណារិទ្ធ ក៏ពិបាកប៉ះសេដែរ ដែលនេះហើយជាចំណុចខ្សោយរបស់សមាគមបាល់ទះក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថានៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្រុមសមាគមបាល់ទះវិសាខាពិតជាសហការគ្នាបានល្អណាស់ ហើយសមាជិកក្រុមទាំងអស់មានផ្លែសេវាល្អស្មើដៃគ្នា ជាពិសេសកីឡាករល្បីឈ្មោះមកពីខេត្តព្រៃវែង សឿន ហេង តែម្ដង ហើយសឿនហេងទៀតសោតក៏ទទួលបានពានរង្វាន់ឯកត្តជនជាកីឡាករវាយសេវាល្អជាងគេបំផុតប្រចាំព្រឹត្តិការណ៍៕