• 2024-05-13 12:20:08
  • ព័ត៌មាន

Mbappe ប្រកាស​ចាកចេញ​ពី PSG ក្រោយ​រួមរស់​អស់ ៧ឆ្នាំ

  • 2024-05-13 12:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​កីឡាករ Kylian Mbappe ប្រកាស​​ចាកចេញពី​ក្លឹប​យក្ស​បារាំង Paris Saint-Germain ក្រោយ​ពី​រួមរស់​ជាមួយ​ក្លឹប​នេះ​អស់​រយៈពេល ៧ឆ្នាំ។ នេះ​បើ​តាម​​វីដេអូ​សារ​សំឡេង​របស់​សាមី​ខ្លួន​ផ្ទាល់​បង្ហោះ​នៅ​បណ្ដាញ​សង្គម​របស់​ខ្លួន កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

កីឡាករ​រូប​នេះ​បាន​ចូល​មក​លេង​នៅ PSG ដំបូង​ក្នុង​លក្ខខណ្ឌ​ជា​កីឡាករ​ខ្ចីជើង​ពី​ក្លឹប​​ Monaco កាល​ពី​ឆ្នាំ២០១៧ លុះ​ក្រោយ​មក ខាង PSG បាន​ទិញ​ដាច់​ក្នុង​តម្លៃ ១៩៤លាន​ដុល្លារ​អាមេរិក។

នៅ​ក្នុង​វីដេអូ​ដែល​ខ្លួន​បង្ហោះ​ផ្ទាល់ Mbappe បាន​និយាយ​ថា៖ «នេះ​ជា​ឆ្នាំ​ចុង​ក្រោយ​របស់​ខ្ញុំ​ជាមួយ Paris Saint-Germain។ ខ្ញុំ​នឹង​មិន​បន្ត​កុងត្រា​ទេ ហើយ​ដំណើរ​រួម​គ្នា​នេះ​នឹង​បញ្ចប់​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ»។

ខ្សែ​ប្រយុទ្ធ​កើត​ឆ្នាំ១៩៩៨រូប​នេះ​បាន​លេង​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​នៅ​កីឡដ្ឋាន Parc de Prince ដោយ​រក​បាន​មួយ​គ្រាប់​ឱ្យ PSG ក្នុង​ប្រកួត​ចុង​ក្រោយ​ក្នុង​លីគ​បារាំង ប៉ុន្តែ​ជា​អកុសល​ PSG បាន​ចាញ់ក្លឹប Toulous ក្នុង​លទ្ធផល ៣ ទល់​នឹង ១។

អ្នកគាំទ្រ​មួយ​ចំនួន​បាន​ចំអក​ដាក់​ Mbappe នៅ​កីឡដ្ឋាន​តែ​ម្ដង ចំណែក​ឯក្លឹប​វិញ​នៅ​ស្ងាត់​ឈឹង​ ដោយ​មិន​បាន​សរសេរ​សារ​អ្វី​ណា​មួយ​អរគុណ និង​ជូនពរ Mbappe ឡើយ។

សូម​ជម្រាបផងដែរថា Mbappe នឹង​ចប់​កុងត្រា​ជាមួយ PSG នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា ខាង​មុខ​នេះ។ មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថា កីឡាករ​រូប​នេះ​អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​អេស្ប៉ាញ Real Madrid៕

ប្រភព៖ AP News អត្ថបទ៖ សេរី មង្គល

មតិយោបល់