- 2024-04-21 08:09:38
- បាល់ទះ
Wurkz Special Volleyball ឈានដល់វគ្គផ្ដាច់ព្រ័ត្រមណ្ឌលភ្នំពេញ! នរណានឹងក្លាយជាម្ចាស់ពាន
- 2024-04-21 08:09:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wurkz Special Volleyball ឈានដល់វគ្គផ្ដាច់ព្រ័ត្រមណ្ឌលភ្នំពេញ! នរណានឹងក្លាយជាម្ចាស់ពាន
ចន្លោះមិនឃើញ
ការប្រកួតបាល់ទះ Wurkz Special Volleyball Cup 4x4 ឈានដល់វគ្គផ្ដាច់ព្រ័ត្រមណ្ឌលភ្នំពេញដែលនឹងចាប់ផ្ដើមពីព្រឹកស្អែកនេះរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ នរណានឹងក្លាយជាម្ចាស់ពានក្នុងចំណោមក្រុមខ្លាំងទាំង ១៥ មកពីបណ្ដាខេត្ត និងរាជធានីភ្នំពេញ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធានសហព័ន្ធបាល់ទះកម្ពុជាបានឲ្យដឹងក្នុងពេលចាប់ពូល Wurkz Special Volleyball ម្សិលមិញនេះថា ការប្រកួតទាំងអស់នេះគឺជាការខំប្រឹងប្រែងរបស់សហព័ន្ធរៀបចំក៏ដូចជាស្វះស្វែងរកការគាំទ្រឧបត្ថម្ភផ្សេងៗដើម្បីឲ្យមានជាព្រឹត្តិការណ៍នៃការប្រកួតនានា។ ក្នុងគោលបំណងពង្រឹងសមត្ថភាពកីឡាករដែលបានចូលរួមលេងក្នុងពានកន្លងទៅជាពិសេស Wurkz Special Volleyball Cup 4x4។
អនុប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា មែនទែនទៅការប្រកួត ៤ស្មើនេះគឺបានជួយកីឡាករតួនាទីស្មាត់បានច្រើនឲ្យមានភាពរីកចម្រើនការចាប់សេវា និងការការពារជាដើម។ បន្ទាប់ពីបានប្រកួតជាហូរហែមើលឃើញថាស្មាត់ភាគច្រើនគឺមានភាពរហ័សរហួន និងលេងរឹតតែបានល្អជាងមុន។
លោកបណ្ឌិតបានក្រើនរំលឹកដល់កីឡាករទាំងអស់ត្រូវខំប្រឹងប្រែងហ្វឹកហាត់ និងលេងឲ្យម៉តចត់មែនទែនមិនអាចប្រហែសបានទេ ព្រោះការលេង ៤ស្មើ នេះមិនប្រាកដថានឹងអាចឈ្នះកីឡាករក្មេងៗ ឬជំនាន់ក្រោយនោះឡើយ។ ប្រសិនបើប្រហែសអាចនឹងខ្មាសក្មេងៗ ព្រោះសមត្ថភាព និងបច្ចេកទេសការលេង ៤ស្មើ នេះសុទ្ធតែប្រហាក់ប្រហែលគ្នា។
បញ្ជាក់ដែរថា សហព័ន្ធបាល់ទះកម្ពុជា ម្សិលមិញនេះបានធ្វើពិធីចាប់ពូលក្រុមទាំង ១៥រួចរាល់ហើយនៅក្នុងរោចក្រស្រាបៀកម្ពុជាដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខនៃពានរង្វាន់ Wurkz Special Volleyball Cup 4x4។ ការប្រកួតនេះវគ្គផ្ដាច់ព្រ័ត្រនេះគឺចែកជា ៤ពូល បន្ទាប់មកប្រកួតសន្សំពិន្ទុក្នុងពូល រួចបន្តដល់វគ្គ ៨ក្រុម ៤ក្រុម និងផ្ដាច់ព្រ័ត្រយកលេខ១ តែម្ដង។ ការប្រកួតធ្វើឡើងចាប់ពីថ្ងៃទី២២ ស្អែកនេះដល់ ២៨ ខែមេសា ឆ្នាំ២០២៤ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ។ ប្រិយមិត្តអ្នកគាំទ្រចង់ទៅទស្សនាផ្ទាល់គឺអាចអញ្ជើញទៅបានដោយសេរី៕