• 2021-11-16 07:00:53
  • ប្រដាល់

ONE ចាប់​គូឲ្យ​រតនា​ ជា​ច្រើន​ដង​ តែ​បរាជ័យ​ដោយ​សារ​មូលហេតុ​នេះ

  • 2021-11-16 07:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា មិនបានទៅប្រកួតរយៈពេលជិត១ឆ្នាំហើយ ចាប់តាំងពីរូបគេបានប្រកួតលើកចុងក្រោយបំផុត ONE Championship កាលពីខែធ្នូ ឆ្នាំ២០២០នៅប្រទេសសិង្ហបុរី។

ការប្រកួតចុងក្រោយ ចាន់ រតនា បានចាញ់កីឡាករចិន Wei Xie ក្នុងទឹកទី៣ក្នុងព្រឹត្តិការណ៍ប្រកួត ONE: Collison Course កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។ រយៈពេលជិត១ឆ្នាំចុងក្រោយនេះ អ្នកគាំទ្រពិតជាទន្ទឹងរង់ចាំវត្តមានរបស់អ្នកលេងគុនចម្រុះរូបនេះលេចមុខប្រកួតជាថ្មីណាស់។

តាមពិតទៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះមិនមែនគ្មានការផ្គូផ្គងឲ្យកីឡាករកម្ពុជារូបនេះទៅប្រកួតទេ ប៉ុន្តែដោយសារបញ្ហាវិបត្តិកូវីដ-១៩មិនអំណោយផលទើបការផ្គូផ្គងត្រូវបានផ្អាកវិញជាបន្តបន្ទាប់។

ចាន់ រតនា បានឲ្យដឹងថា កាលពីប៉ុន្មានខែមុន ខាងកម្មវិធីបានផ្គូផ្គងឲ្យប្រកួតជាមួយកីឡាករឥណ្ឌូណេស៊ី Eko Roni Suputra។ ពេលនោះមានការចាប់អារម្មណ៍ខ្លាំងទាំងអ្នកគាំទ្រកម្ពុជា និងឥណ្ឌូណេស៊ី ពីព្រោះកីឡាករឥណ្ឌូណេស៊ីរូបនេះចង់សងសឹកឲ្យមិត្តរួមជាតិ២ដែលធ្លាប់ចាញ់រូបគេក្នុងទឹកទី២ដូចគ្នា ប៉ុន្តែស្ថានភាពកូវីដមិនប្រសើរធ្វើឲ្យការផ្គូផ្គង់នោះត្រូវបានផ្អាកវិញ។

បន្ទាប់មកកាលពីខែតុលាកន្លងទៅនេះ ចាន់ រតនា ត្រូវបានផ្គូផ្គងជាថ្មីឲ្យជួបនឹងកីឡាករចិនម្នាក់ទៀត ប៉ុន្តែការផ្គូផ្គងមិនទាន់ត្រូវបានប្រកាសជាផ្លូវការផង ក៏ត្រូវបានផ្អាកវិញដោយសារនៅប្រទេសសិង្ហបុរីដែលជាកន្លែងរៀបចំការប្រកួតនៅតែមានហានិភ័យខ្ពស់នៃកូវីដ-១៩។

ចាន់ រតនា បាននិយាយថា ៖«ស្តាយដែរ តាមពិតត្រូវបានទៅប្រកួតហើយ តែខកខានវិញ ព្រោះបញ្ហាកូវីដ។ យ៉ាងណា ខ្ញុំនៅតែខំប្រឹងហ្វឹកហាត់រហូត។ និយាយទៅតាំងពីដើមឆ្នាំមក ខ្ញុំនៅតែបន្តហ្វឹកហាត់រហូត»។ បើទោះបីជាការផ្គូផ្គងពីរបីលើកត្រូវបានផ្អាក ប៉ុន្តែអ្នកលេងគុនកម្ពុជាដែលត្រូវបានគេចាត់ទុកលេចធ្លោជាងគេលើឆាកអន្តរជាតិសង្ឃឹមទទួលបានដំណឹងល្អនៅដើមឆ្នាំ២០២២ ពីព្រោះស្ថានភាពកូវីដ-កាន់តែល្អប្រសើរហើយ។

សូមបញ្ជាក់ថា ចាន់ រតនា ធ្លាប់បានទៅប្រកួតនៅសង្វៀនអន្តរជាតិ ONE Championship ចំនួន១១ដងក្នុងនោះទទួលបានជ័យជម្នះ៧ដង និងចាញ់៤ដង។ ក្នុងចំណោមចាញ់៤លើកនោះគឺ១លើកត្រូវបានកាត់ក្តីឲ្យចាញ់ សំអាង ឌុន ដោយសារវ៉ៃខុសបច្ចេកទេស និង៣លើកទៀតចាញ់កីឡាករចិន៕

ដោយ៖ ស៊ីធី

មតិយោបល់