• 2024-03-21 03:54:46
  • ប្រដាល់

ស៊ឹម​ ប៊ុនស្រ៊ន់៖​ ការ​វិល​ចូល​សង្វៀន​វិញ​នេះ​គ្រាន់​តែ​រំលឹក​ក្បាច់​គុន​ទេ​ បើ​ចាប់​ជា​អាជីព​ដូច​មុន​នោះ​អត់​កើត​ទេ​

  • 2024-03-21 03:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​គុន​ចម្រុះ​ (MMA)​ ល្បី​ឈ្មោះ​របស់​កម្ពុជា​ និង​ធ្លាប់​បង្ហាញ​មុខ​លើ​សង្វៀន​ ONE​ ពី​មុន​គឺ​ ស៊ឹម​ ប៊ុនស្រ៊ន់​ នឹង​ឡើង​ប្រកួត​ជា​ថ្មី​នៅ​សង្វៀន​ TOWN ​ថ្ងៃ​ទី២២​ ខែ​មីនា​ ឆ្នាំ​២០២៤​ នេះ​ជា​មួយ​អ្នក​ប្រដាល់​ Lethwei មក​ពី​មីយ៉ាន់ម៉ា។​

ប៊ុនស្រ៊ន់ កាលប្រកួតនៅ ONE

ស៊ឹម​ ប៊ុនស្រ៊ន់​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ឈប់​ពី​វិស័យ​ប្រដាល់​ខ្ទង់​ ៨​ឆ្នាំ​មក​ហើយ​ ពោល​តាំង​ពី​អំឡុង​ឆ្នាំ​២០១៧​ មក​ម្ល៉េះ។​ ការ​វិញ​ចូល​សង្វៀន​ប្រដាល់​វិញ​នេះ​គឺ​គ្រាន់​តែ​រំលឹក​ក្បាច់​គុន​ឡើង​វិញ​កុំ​ឲ្យ​ភ្លេច​ ណា​មួយ​កាយសម្បទា​ក៏​នៅ​រៀង​ល្អ​មិន​ទាន់​ឡើង​ទម្ងន់​ខ្លាំង​ណាស់​ណា​ដែរ។​

កីឡាករ ស៊ឹម ប៊ុនស្រ៊ន់

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​កំពង់ចាម​ខាង​លើ​នេះ​ប្រាប់​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​ស្អែក​នេះ​មិន​ថា​ឈ្នះ​ ឬ​ចាញ់​ក៏​មិនអាច​ឲ្យ​ខ្លួន​ចាប់​អាជីព​នេះ​ជាប់​ដូច​មុន​នោះ​ដែរ​ ព្រោះ​ទី១​ វ័យ​កាន់​តែ​ច្រើន​មិន​ដូច​ក្មេងៗ​នោះ​ទេ​ ទី២​ មាន​មុខ​របប​ផ្ទាល់​ខ្លួន​សព្វ​ថ្ងៃ​ទៅ​ហើយ​ដែល​ត្រូវ​មើល​ជា​ប្រចាំ។​

កម្មវិធីប្រកួតស្អែក

ម្ចាស់​មេដាយ​សង្វៀន​ ONE​ រូប​នេះ​លើក​ឡើង​ទៀត​ថា​ ការ​ត្រៀម​ខ្លួន​លើក​នេះ​មិន​សូវ​ជា​បាន​ល្អ​ ឬ​ជាប់​លាប់​នោះ​ទេ​ ដោយ​សារ​តែ​មាន​ការ​លំបាក​ខ្លះៗ​ត្រូវ​មើល​របប​រក​ស៊ី​នៅ​កំពង់ចាម​ ដូច្នេះ​បើ​ចង់​ហាត់​ជាប់​ត្រូវ​ឡើង​ទៅ​ភ្នំពេញ​វា​ខាត​ការងារ​ផ្ទាល់​ខ្លួន។​ ហេតុ​នេះ​ហើយ​មាន​តែ​ឆ្លៀតៗ​ហាត់​នៅ​កំពង់ចាម​ផង​ និង​ឆ្លៀត​មក​ហាត់​នៅ​ភ្នំពេញ​ផង។

ប៊ុនស្រ៊ន់​ សូម​អរគុណ​ដល់​បង​ប្អូន​ដែល​ស្រឡាញ់​ចូលចិត្ត​ និង​គាំទ្រ​ខ្លួន​កន្លង​ទៅ។​ ប្រសិន​បើ​ប្រកួត​នេះ​មិន​ឈ្នះ​ក្ដី​សូម​កុំ​ជេរប្រទេច​អ្វី​ ធម្មតា​កីឡាករ​ឡើង​ប្រកួត​តែ​ងចង់​ឈ្នះ​ហើយ។​ រូប​គេ​នឹង​ខំប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ចំពោះ​ការ​ប្រកួត​ស្អែក​នេះ។​

កម្មវិធីប្រកួតស្អែក

កីឡាករ​ ស៊ឹម​ ប៊ុនស្រ៊ន់​ អ្នក​ប្រដាល់​គុន​ចម្រុះ​របស់​កម្ពុជា​លើ​ប្រភេទ​ទម្ងន់​ស្រាល​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីតាំងពី​ ៨-៩​ឆ្នាំ​មុន​ពិសេស​នៅ​សង្វៀន​អន្តរជាតិ​ ONE។​ រូប​គេ​ក៏​ជាម្ចាស់ខ្សែក្រវាត់​ KWC​ របស់​ស្ថានីយទូរទស្សន៍​ CTN​ ដែល​រៀបចំ​ដោយ​លោក​ ម៉ា​ សេរី​ ផង​ដែរ។​ ស្អែក​នេះ​ ប៊ុនស្រ៊ន់​ នឹង​ប៉ះ​កីឡាករ​ Lethwei​ ណេវ ណេវ (NAW NAW)​ នៅ​សង្វៀន​ TOWN​ ចាប់​ពី​ម៉ោង​ ៧យប់​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់