• 2021-07-09 04:13:39
  • ប្រដាល់

កីឡាករ​ឥណ្ឌូណេស៊ី Eko Roni ប្រកាស​​ចង់​ជួប​​ ចាន់ រតនា សង​សឹកឲ្យ​មិត្តរួមជាតិ

  • 2021-07-09 04:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌូណេស៊ី Eko Roni Saputra ប្រកាស​ចង់​ជួប​អ្នក​លេង​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា នៅ​លើ​ឆាក​សង្វៀន​ពិភព​លោក​ ONE Championship។

ការ​ប្រកាស​ចង់​ជួប​​​នេះ​ បន្ទាប់​ពី​កីឡាករខ្លាំង​ៗ​ឥណ្ឌូណេស៊ី​ពីរ​នាក់​ហើយ​បាន​បរាជ័យ​ក្រោម​កណ្តាប់​ដៃ​របស់​តារា​ក្បាច់​គុន​ដែល​ជា​ទូត​សុច្ឆន្ទៈ​របស់​ Cellcard។

ក្នុង​ចំណោម​ជ័យជម្នះ​៦​លើក​នៅ​សង្វៀន ONE ចាន់ រតនា បាន​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់​គឺ​​ឆ្នាំ​២០១៨ បាន​ផ្តួល​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Abro Fernandes ក្នុង​ទឹក​ទី​២ និង​ឆ្នាំ​២០១៩​បាន​បន្ត​ផ្តួល​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី Rudy Agustian នៅ​ក្នុង​ទឹក​ទី​២​ទៀត។

Saputra បាន​លើក​ហេតុ​ផល​ថា ៖«ចាន់ រតនា បាន​ផ្តួល​កីឡាករ​ឥណ្ឌូណេស៊ី​​ច្រើន​នាក់​​ហើយ ដូច្នេះ​​គាត់​នឹង​ក្លាយ​ជា​ដៃ​គូ​លំបាក​សម្រាប់​ខ្ញុំ»។ តារា​គុន​ចម្រុះ​ឥណ្ឌូណេស៊ី​បាន​​និយាយ​ថា ៖«ចាន់ រតនា មាន​​​ជំនាញ​​វ៉ៃឈរ​ល្អ​​​ ដូច្នេះ​ខ្ញុំ​ចង់​ជួប​គាត់។ បើ​បាន​ជួបមែន​ ​ខ្ញុំ​ប្រហែល​ជា​លេង​ល្បាច់​ក្រោមជា​មួយ​គាត់។ សម្រាប់​ខ្ញុំ បើ​ជួប​គ្នា​មែន​នឹង​ក្លាយ​ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​រវាង​អ្នក​ជំនាញ​វ៉ៃ​ឈរ ប៉ះ​អ្នក​ពូកែ​ក្បាច់​ក្រោម»។

មុន​ពេល​ប្រកាស​ជួប​ជើង​ខ្លាំង​កម្ពុជា Eko Roni Saputra ក៏​មាន​បទ​ពិសោធ​ច្រើន​ដែរ​នៅ​សង្វៀន​អន្តរជាតិ ONE គឺ​ធ្លាប់​វ៉ៃ​បាន​៥​លើក​ក្នុង​នោះឈ្នះ​​៤​ដង និង​ចាញ់​១។ ក្នុង​ចំណោម​ជ័យជម្នះ​ទាំង​៤​ដង​នោះ រូប​គេ​ក៏​ធ្លាប់​ផ្តួល​កីឡាករ​កម្ពុជា ខុន ស៊ីចាន់ នៅ​ក្នុង​ទឹក​ទី​១​កាល​ពី​ខែកុម្ភៈ​ ឆ្នាំ​២០២០។

អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្រៅ​ពី​មានបំណង​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ​រៀង​ៗ​ខ្លួន អ្នក​ទាំង​ពីរ​ក៏​ប្តេជ្ញា​បង្កើត​កំណត់​ត្រា​ដែរក្នុង​នោះ Eko Roni ចង់​ក្លាយ​ជា​កីឡាករ​ឥណ្ឌូណេស៊ី​ទី​១​អាចយក​ឈ្នះ ចាន់ រតនា បន្ទាប់​ពី​កីឡាករ​ឥណ្ឌូណេស៊ី​ពីរ​នាក់​បរាជ័យ។ ចំណែក ចាន់ រតនា ចង់​រក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់​​កីឡាករ​ឥណ្ឌូណេស៊ី​របស់​ខ្លួន។

តាម​រយៈ​ការ​​ដង្ហោយ​ហៅ​រក​ដៃ​គូ​នេះ ជើង​ខ្លាំង Saputra ទន្ទឹង​រង់​ចាំ​ការ​ឆ្លើយ​តប​របស់​ជើង​ខ្លាំង​គុន​ខ្មែរ ចាន់ រតនា ថា​តើ​​ទទួល​យក​ឬ​ចង់​ជួប​ដៃ​គូ​ផ្សេង៕

ដោយ៖ ស៊ីធី

មតិយោបល់