• 2021-01-08 05:17:27
  • ប្រដាល់

Pacquiao ​នៅ​តែ​ទាមទារ ​ដាក់​ទោស​ប្រហារ​ជីវិត​លើ​អ្នក​សម្លាប់​ Dacera ​ទោះ​របាយការណ៍​....

  • 2021-01-08 05:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manny Pacquiao ​គឺ​ជា​អ្នក​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​នៃ​សពChristine Angelica Dacera ​ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ឆ្លង​ឆ្នាំ​កន្លង​ទៅ ​ក្រោយ​ពី​ចប់​ពិធី​ជប់​លៀង​។

​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ខាង​លើ​ធ្លាប់​បាន​ប្រកាស​ផ្ដល់​ប្រាក់​ច្រើន​ជាង​១​ម៉ឺន​ដុល្លារ​សម្រាប់​អ្នក​អាច​រក​មុខ​អ្នក​ដែល​សម្លាប់​នារី​អាកាសចរណ៍​ខាង​លើ​បាន ​និង​យក​មក​ដាក់​ទោស។ ​ខណៈ​ដែល​របាយការណ៍​ពិនិត្យ​សព​ចុង​ក្រោយ​វិញ ​បាន​បង្ហាញ​ថា​នាង​ស្លាប់​នោះ​ដោយសារ​តែ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ប៉ុណ្ណោះ ​មិន​មាន​អ្នក​រំលោភ​សម្លាប់​អ្វី​នោះ​ទេ។ ​ដោយ​បច្ចុប្បន្ន​មិត្ត​ទាំង​៣​នាក់​ដែល​ប៉ូលិស​ឃាត់​ខ្លួន​នោះ ​ក៏​ត្រូវ​បាន​ដោះ​លែង​ហើយ​ដែរ។

​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី គ្រួសារ​របស់​នាង Dacera ​ចង់​ឱ្យ​មាន​ការ​ពិនិត្យ​សព​ម្ដង​ទៀត​ដើម្បី​ដឹង​ច្បាស់ ព្រោះ​ពួកគេ​ជឿ​ជាក់​ថា​ពិត​ជា​មាន​អ្នក​រំលោភ​លើ​នាង ​និង​សម្លាប់​ពិត​មែន។ ​ខណៈ​ដែល​លទ្ធផល​ពិនិត្យ​នឹង​ចេញ​មក​ម្ដង​ទៀត​ដើម្បី​បញ្ជាក់​ច្បាស់​នា​ពេល​ខាង​មុខ​នេះ។

Pacquiao ​បាន​និយាយ​ដែរ​ថា​៖ “អ្វី​ដែល​ខ្ញុំ​ស្អប់​បំផុត​គឺ​ករណី​រំលោភ​សម្លាប់។ ​ដូច្នេះ​ខ្ញុំ​សូម​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត​លើ​ករណី​នេះ ​និង​មាន​ការ​សើប​អង្កេត​ឱ្យ​បាន​ម៉ត់ចត់​បំផុត”។ ​រហូត​មក​ដល់​ពេល​នេះ ​មាន​មតិ​ផ្ទុយ​គ្នា​ជា​ច្រើន​បាន​លើក​ឡើង។ ​ជាក់​ស្ដែង​ក្រុម​ពិនិត្យ​សព​ថា​មិន​មែន​ជា​ករណី​រំលោភ​ទេ គឺ​ជា​ករណី​ស្លាប់​ដោយសារ​តែ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ដោយសារ​ផឹក​ជ្រុល​ទៅ​វិញ។

តែ​បើ​តាម​ប៉ូលិស​វិញ ​បែរ​ជា​អះអាង​ថា​មាន​ទឹក​កាម​ក្នុង​ប្រដាប់​ភេទ​របស់​នារី​ដែល​ស្លាប់​ខាង​លើ។ បូក​ផ្សំ​ជាមួយ​ស្លាក​ស្នាម​នៅ​លើ​រាងកាយ​របស់​នាង​ទៀត គឺ​ច្បាស់​ណាស់​នេះ​ជា​ករណី​រំលោភ​រហូត​ដល់​ស្លាប់​។

​Christine Dacera ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអាងងូតទឹក ក្នុងសណ្ឋាគារ Makati City នៅក្នុងអំឡុងពេលប្រារព្ធពិធីឆ្លងឆ្នាំ។ ជនសង្ស័យ១១នាក់ ត្រូវបានកំណត់អត្តសញ្ញាណ ដោយក្រុមគ្រួសាររបស់់Dacera តាមរយៈរូបថតដែលថតជុំគ្នា ក្នុងអំឡុងពេលជប់លៀង ៕

ប្រភព៖ ABS-CBN អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់