- 2020-01-17 03:30:15
- ប្រដាល់
ឡៅ ចន្រ្ទា សងទាំងការទាំងដើម កងមឿងឆាង បានអត់ស្អែកនេះនៅកំពង់ចាម
- 2020-01-17 03:30:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចន្រ្ទា សងទាំងការទាំងដើម កងមឿងឆាង បានអត់ស្អែកនេះនៅកំពង់ចាម
ចន្លោះមិនឃើញ
ស្អែកនេះដល់ពេលដែលអ្នកប្រដាល់ ឡៅ ចន្រ្ទា សងសឹកអ្នកលេងគុនថៃ កងមឿងឆាង ហើយលើសង្វៀន CNC នៃកម្មវិធី «អ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២» ដែលធ្វើឡើងនៅឯខេត្តកំពង់ចាម។
ចន្រ្ទា ហាក់មិនពេញសោះចំពោះការប្រកួតជាមួយ កងមឿងឆាង លើកចុងក្រោយកាលពីខែវិច្ឆិកា ២០១៩ កន្លងទៅនេះ ដោយសារតែអ្នកលេងគុនថៃរូបនេះថែមជង្គង់នៅពេលកាច់ដួល។ មួយវិញទៀតនោះបងប្រុស ឡៅ ចិត្រា ម្នាក់នេះក៏មិនពេញចិត្តការវ៉ៃថែមរបស់ កងមឿងឆាង នៅប្រកួតមុនៗផងដែរ ហេតុនេះហើយបានជាការប្រកួតរវាងអ្នកទាំងពីរមិនដាច់ស្រលះបើទោះជាមានម្នាក់សន្លប់ក្ដី។
សិស្សគុនមកពីឆត្រោង ៩១១ រូបនេះនៅតែចញ្ចឹមចិត្តចង់ដោះស្រាយបំណុលចាស់ជាមួយអ្នកលេងគុនថៃ កងមឿងឆាង ជាថ្មីទៀត ហើយស្អែកនេះក៏ដល់ពេលដែលអ្នកទាំងពីរប៉ះគ្នាជាលើកទី៥។
មុនការប្រកួត ឡៅ ចន្រ្ទា បញ្ជាក់ថាខ្លួនបានហ្វឹកហាត់ត្រៀមរយៈពេល១សប្ដាហ៍ផងដែរ ខណៈក្បាច់ស្នៀតនោះគឺហ្វឹកហាត់គ្រប់មុខទាំងអស់ មិនថាការប្រើកែង ជង្គង់ ឬស្នៀតទាត់នោះទេ។ យ៉ាងណា ជើងខ្លាំងមកពីកំពង់ស្ពឺរូបនេះ ក៏មិនទាន់ហ៊ានថានឹងអាចសងសឹកបានឬមិនបាននោះទេ តែខ្លួននឹងខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព។
ចន្រ្ទា សរសើរកីឡាករ កងមឿងឆាង ថាជាកីឡាករល្អម្នាក់ និងមានក្បាច់ស្នៀតល្អគ្រប់ទាំងអស់ មិនថាការវ៉ៃប្រយោល វ៉ៃកៀកគឺមានប្រសិទ្ធភាព ហើយធ្ងន់ថែមទៀតផង។
ការប្រកួតលើកទី៥ របស់ ឡៅ ចន្រ្ទា និង កងមឿងឆាង នេះនឹងធ្វើឡើងនៅឯទឹកដីខេត្តកំពង់ចាម ចាប់ពីម៉ោង ៦ ដល់ ៨យប់។ ចំណែក រឿង សោភ័ណ្ឌ ក៏ត្រូវប៉ះជាមួយថៃ Phlang Nom ក្នុងកម្មវិធីនេះដែរ៕