• 2019-05-23 00:11:00
  • ប្រដាល់

មក​ស្គាល់​! កុមារា​កំពុង​ល្បី​លើ​ Facebook​ និង​មាន​មហិច្ឆតា​ធំ​ក្នុង​វិស័យ​ប្រដាល់​

  • 2019-05-23 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​បណ្ដាញ​សង្គម​ហ្វេសបុក​ ឬ​អ្នក​ចូលចិត្ត​វិស័យ​ប្រដាល់​មួយ​ចំនួន​ប្រហែល​ជា​បាន​ឃើញ​វីដេអូ​ហ្វឹកហាត់​ ក៏​ដូច​ជា​បាន​ចែកចាយ​បន្ត​ហើយ​អំពី​កុមារា​ វុទ្ធី​ ម៉ារ៉ានិត​ វ័យ​ក្មេង​អាយុ​ទើប​៩ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​មាន​សមត្ថភាព​មិន​ធម្មតា។ ​ថ្ងៃ​នេះ​ Sabay​ នឹង​បង្ហាញ​លំអិត​អំពី​ក្មេង​ប្រុស​ដែល​ស្រឡាញ់​គុន​ខ្មែរ​រូប​នេះ​ ថា​តើ​មាន​ប្រភព​មក​ពី​ណា​ កំពុង​រស់នៅ​ឯណា​ និង​មាន​ក្ដី​ស្រមៃ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​យ៉ាង​ណា?​

កុមារា វុទ្ធី ម៉ារ៉ានិត

ក្មេង​ប្រុស​​​ វុទ្ធី​ ម៉ារ៉ានិត​ អាយុ​៩​ឆ្នាំ​ កំពុង​សិក្សា​ថ្នាក់​ទី៣​ នៅ​​សាលា​បឋមសិក្សា​សម្ដេច​ ហេង​ សំរិន​ ព្រែកហូរ។​ មាន​ឪពុក​ឈ្មោះ​ ទូច​ វុទ្ធី​ និង​ម្ដាយ​ឈ្មោះ​ ខាត់​ ម៉ារ៉ាន់​ មុខរបរ​ជា​អ្នក​រក​ស៊ី​ បច្ចុប្បន្ន​នេះ​រស់នៅ​ក្នុង​សង្កាត់​ព្រែកហូរ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល។​

កុមារា វុទ្ធី ម៉ារ៉ានិត

ឪពុក​របស់​កុមារា​ខាង​លើ​នេះ​ ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ជា​អ្នក​ស្រឡាញ់​គាំទ្រ​ប្រដាល់​មួយ​រួប​ដែរ​ និង​តែងតែ​តាមដាន​ទស្សនា​ជា​និច្ច។​ អាច​ថា​ជា​និស្ស័យ​ក៏​ថា​បាន​ នៅ​ពេល​លោក​មាន​កូន​ប្រុស​ វុទ្ធី​ ម៉ារ៉ានិត​ គេ​ក៏​ចូលចិត្ត​ដូច​លោក​ផងដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្លាហាន​ កូន​ប្រុស​ចង់​ហ្វឹកហាត់​ប្រដាល់​រហូត​មក​ពេល​ឥលូវ។​ ម៉ារ៉ានិត​ ចាប់​ផ្ដើម​ហ្វឹកហាត់​ប្រដាល់​តាំង​ពី​អាយុ​ប្រហែល​៥ឆ្នាំ​មក​ម្ល៉េះ​។ ក្រៅ​តែ​ពី​ម៉ោង​សិក្សា​ ឬ​ពេល​ទំនេរ​កុមារា​រូប​នេះ​តែងតែ​ឲ្យ​ឪពុក​បង្ហាត់​បង្រៀន​ និង​ព្យាយាម​មើល​វីដេអូ​ប្រកួត​តាម​ Youtube​ ហើយ​ធ្វើ​តាម​ដូច​ជា​វ៉ៃ​ខ្យល់​ជា​ដើម។​

លោក ទូច​ វុទ្ធី និងក្រុមគ្រួសារ

បុរស​មាន​ដើម​កំណើត​មក​ពី​ខេត្ត​តាកែវ​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ ដោយ​ឃើញ​កូន​ស្រឡាញ់​ មាន​ទេពកោសល្យ​ខាង​ប្រដាល់​នេះ​ហើយ​ ក្នុង​នាម​ជា​ឪពុក​មាន​តែ​ជំរុញ​បន្ថែម​ ដូច​ជា​លើក​ទឹកចិត្ត​ឲ្យ​ខំប្រឹង​ប្រែង​ និង​ពន្យល់​ណែនាំ​ជា​បន្តបន្ទាប់។​ ក្រៅ​តែ​ការ​ប្រាប់​ឲ្យ​ខំប្រឹង​ប្រែង​យ៉ាង​នេះ​ក្ដី​ បុរស​សម្បុរ​ស្រអែម​ម្នាក់​នេះ​ ក៏​មិន​ឲ្យ​កូន​បោះបង់​ការ​សិក្សា​នោះ​ដែរ​ ពោល​​គឺ​ហ្វឹកហាត់​តែ​ពេល​ទំនេរ​ ឬ​សម្រាក​ពី​ការ​រៀន​សូត្រ​នោះ​ទេ។​ ចំណែក​កុមារា​រូបនេះ​ផ្ទាល់​ក៏​បង្ហាញ​មហិច្ឆតា​ចង់​ក្លាយ​ជា​អ្នក​ល្បីឈ្មោះ​ម្នាក់​ក្នុង​វិស័យ​ប្រដាល់នៅពេលខាង​មុខ។​

កុមារា វុទ្ធី ម៉ារ៉ានិត

​កុមារា​ វុទ្ធី​ ម៉ារ៉ានិត​ ជា​ក្មេង​ប្រុស​ម្នាក់​ល្បី​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ និង​មាន​គេ​ចែកចាយ​បន្ត​អំពី​វីដេអូ​ហ្វឹកហាត់​ និង​រូបភាព​បញ្ចេញ​សាច់​ដុំ​របស់​គេ​។ ​បច្ចុប្បន្ន​នេះ​កុមារា​រូប​នេះ​ទើប​ចូល​ហ្វឹកហាត់​នៅ​ក្លឹប​ឆ្មា​ស​សែនសុខ​ របស់​លោក​ ស៊ន​ អេលីត៕​

ទស្សនា​វីដេអូ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់