- 2018-07-19 07:37:20
- ប្រវត្តិ
រឿងពិតពីពាន World Cup ដែលអ្នកនឹកស្មានមិនដល់
- 2018-07-19 07:37:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិតពីពាន World Cup ដែលអ្នកនឹកស្មានមិនដល់
ចន្លោះមិនឃើញ
ការប្រកួត World Cup បានបញ្ចប់ទៅជិតមួយសប្ដាហ៍ហើយខណៈជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង។ ទោះឈ្នះពានមែន តែក្រុមមាន់គកបានត្រឹមយកពានសិប្បនិមិត្តត្រឡប់ទៅប្រទេសខ្លួនវិញប៉ុណ្ណោះ ដោយពានពិតត្រូវរក្សាទុកជាមួយ FIFA។
ក្រៅពីរឿងខាងលើមានរឿងរ៉ាវចាប់អារម្មណ៍ជាច្រើនទៀតដែលប្រិយមិត្តអាចមិនដឹងពីពាន World Cup។ Sabay សូមជម្រាបជូនការពិតមួយចំនួនដូចខាងក្រោម៖
១. ពាន World Cup ប្រហោងក្នុង
បើសិនជាពានមាសនេះមិនប្រហោងក្នុងទេ វាអាចមានទម្ងន់រហូតដល់ ៧០គីឡូក្រាមដូច្នេះ កីឡាករពិតជាពិបាកក្នុងការលើកពានពេលឈ្នះម្ដងៗ។ ពានដែលកីឡាករលើកដែលយើងឃើញនោះគឺត្រឹម ៦,១គីឡូក្រាមប៉ុណ្ណោះ។
២. ក្រុមឈ្នះគ្មានសិទ្ធរក្សាពាន
ដូចជម្រាបជូនពីខាងលើ ក្រុមឈ្នះអាចលើកពានពិតនៅលើទីលាន ប៉ុន្តែបានត្រឹមយកពានសិប្បនិមិត្តប៉ុណ្ណោះត្រឡប់ទៅផ្ទះវិញ។ មូលហេតុ FIFA មិនឲ្យពានពិត ព្រោះស្ថាប័នមួយនេះបារម្ភពីសុវត្ថិភាពពាន និងគ្មានជំនឿថាប្រទេសដែលយកទៅអាចរក្សាវាឲ្យគង់វង្ស។
៣. ពានចម្លងមានតម្លៃថោកជាងពានពិត
ពានចម្លងដែល FIFA ប្រគល់ឲ្យម្ចាស់ផ្ទះយកទៅទុកគឺស្រោបមាសតែបន្តិចបន្តួចប៉ុណ្ណោះ ដោយការចំណាយលើការធ្វើពានគឺមានតម្លៃថោកជាងពានពិត។
៤. ពាន World Cup បច្ចុប្បន្នមិនមែនជាពានដំបូងទេ
ពាន World Cup ដំបូងបំផុតគឺមានរូបរាងខុសពីពានបច្ចុប្បន្ន ដែលវាមានឈ្មោះថា Jules Rimet Cup។ ពាននោះបានប្រគល់ដាច់ទៅឲ្យប្រេស៊ីល ក្រោយប្រទេសនេះឈ្នះ World Cup លើកទី៣ក្នុងឆ្នាំ ១៩៧០។
៥. ពាន World Cup ធ្លាប់ត្រូវចោរលួច
នៅក្នុងឆ្នាំ ១៩៨៣ ពាន World Cup ត្រូវលួចពីទីក្រុង Rio de Janiero ប្រទេសប្រេស៊ីល ហើយគេជឿថាចោរបានរំលាយវា និងលក់ឲ្យឈ្មួញ។ មុនការលួចខាងលើ ពានដដែលនេះធ្លាប់បាត់ម្ដងដែរក្នុងឆ្នាំ១៩៦៦ ក្នុងការតាំងពិពរណ៍នៅទីក្រុង Westminster ប្រទេសអង់គ្លេសតែត្រូវរកឃើញវិញ។ ប្រហែលជាមូលហេតុទាំងនេះ ទើប FIFA លែងទុកចិត្តឲ្យប្រទេសដែលឈ្នះរក្សាពានពិត។
៦. ការអស់ចន្លោះសរសេរក្រុមឈ្នះជើងឯក
តាមការប៉ាន់ស្មាន ក្រោយចារឈ្មោះបារាំងដែលជាជើងឯកថ្មីៗនេះរួច ពាន World Cup សល់ចន្លោះសរសេរឈ្មោះជើងឯកនៅបាតពាន តែ៣ទៀតប៉ុណ្ណោះ ដូច្នេះក្រោយ World Cup ឈ្នះ ២០៣០ពាននេះនឹងអស់ចន្លោះចារឈ្មោះជើងឯក។
៧. ការប្រាសចាកពីពាក្យថា "Cup”
ប្រិយមិត្តដឹងទេថាភាសាអង់គ្លេសហៅពានរង្វាន់ក្នុងកីឡាបាល់ទាត់ថា “Cup” ព្រោះវាអាចដាក់ទឹកបាន ដូចជាពាន Champions league, FA Cup, Premier League និង League Cup ជាដើម។ ប៉ុន្តែពាន World Cup គឺមានរាង ដុំតាន់គ្មានប្រហោង ខុសពីពានភាគច្រើនក្នុងកីឡាករបាល់ទាត់ ដូច្នេះវាមិនសក្ដិសមនឹងហៅថា Cup ឡើយ៕