- 2018-06-28 08:12:34
- វិភាគ
កីឡាករ៤រូបអាចឈ្នះបាល់មាសនៅ World Cup
- 2018-06-28 08:12:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ៤រូបអាចឈ្នះបាល់មាសនៅ World Cup
ចន្លោះមិនឃើញ
FIFA World Cup 2018 បានបើកឆាកប្រយុទ្ធគ្នា២សប្ដាហ៍មកហើយ ស្របពេលយប់នេះការប្រកួតបិទពូលក៏ឈានចូលមកដល់ដូចគ្នា។ បេសកកម្មនៅរុស្ស៊ីលើកនេះមានរឿងភ្ញាក់ផ្អើលជាច្រើនបានកើតឡើងដូចជាក្រុមខ្លាំងចាញ់ក្រុមតូច និងក្រុមជើងឯកចាស់បានធ្លាក់ចេញពីកម្មវិធីជាដើម។
ឆ្លងកាត់ការប្រកួតយ៉ាងក្ដៅគគុកក្រៅពី Top Scorer ដែលប្រជែងគ្នាយកស្បែកជើងមាស គេមិនភ្លេចទេនូវពានរង្វាន់បាល់មាស ដែលផ្ដល់ឲ្យកីឡាករលេចធ្លោ និងនាំលេងនៅ World Cup ហើយបាល់មាសនេះដែរអ្នកឈ្នះកាលពី៤ឆ្នាំមុនគឺ Lionel Messi។ ខាងក្រោមគឺជាកីឡាករលេចធ្លោ៤រូបអាចជាម្ចាស់បាល់មាសឆ្នាំ២០១៨៖
#៤ Philippe Coutinho
Coutinho គឺជាកីឡាករដ៏លេចធ្លោបំផុតមួយរូបនៅ World Cup ដោយស៊ុតបញ្ចូលទី២គ្រាប់ នៅ២ប្រកួតដំបូង និងជាអ្នកនាំលេងក្នុងក្រុម។ មិនអាចប្រកែកបាន ខ្សែបម្រើ Barcelona ជាអ្នកស៊ុតក្រៅប្រអប់បញ្ចូលទីស្វីស និងគ្រាប់ចុងម៉ោងយកឈ្នះកូស្តារីកា។ Coutinho ក៏ជាអ្នកចែកបាល់គន្លឹះសំខាន់ៗឲ្យទៅ Neymar និង Douglas Costa។ ជាការពិតបើប្រេស៊ីលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬលើសពីនេះ Coutinho ប្រាកដជាអ្នកប្រជែងពានបាល់មាស។
#៣ Isco
ខ្សែបម្រើសម្បូរបច្ចេកទេស Isco បានបង្ហាញទម្រង់លេងល្អបំផុតនៅ World Cup គិតមកទល់នឹងពេលនេះ។Isco ស៊ុតបាន១គ្រាប់ និងបង្កើតឱកាសច្រើននៅ៣ប្រកួតកន្លងមកឲ្យអេស្ប៉ាញមានកៅអីវគ្គ១៦ក្រុម។ ជាមធ្យមតារាឆ្នើមមកពី Real Madrid ប៉ះបាល់ជាង១០០ដងក្នុង១ប្រកួត ហើយគេរត់នៅតំបន់ស្លាប និងគាំទ្រក្រោយខ្សែប្រយុទ្ធ។ Isco បន្តិចម្ដងៗបានឆក់តួនាទីជា អ្នកនាំលេងក្នុងក្រុមពី Andres Iniesta ដែលធ្វើឲ្យអេស្ប៉ាញមិនអាចអត់រូបគេបាន។
#២ Cristiano Ronaldo
ទោះមិនបានស៊ុតចូលប្រកួតចុងក្រោយទល់នឹងអ៊ីរ៉ង់ តែ២ប្រកួតមុន គ្រាប់បាល់ទាំងអស់របស់ព័រទុយហ្គាល់សរុប៤គ្រាប់គឺជាថ្វីជើងរបស់ Cristiano Ronaldo។ ទាំងភាពជាអ្នកដឹកនាំ ល្បឿន កម្លាំង បច្ចេកទេស ធ្វើឲ្យខ្សែប្រយុទ្ធ Real Madrid នៅតែជាក្បាលម៉ាស៊ីនក្នុងក្រុមព័រទុយហ្គាល់បើទោះជាមានវ័យ៣៣ឆ្នាំទៅហើយក្ដី។
#១ Luka Modric
បើនិយាយពីកីឡាករល្អទាំងនៅក្លឹបអាជីព និងក្រុមជម្រើសជាតិ Luka Modric ត្រូវតែមានឈ្មោះមិនអាចខ្វះបាន។ Modric រត់គ្មានឈប់ក្នុងប្រកួតទាំង៣របស់ក្រូអាត ថែមទាំងស៊ុតបញ្ចូលទីបាន២គ្រាប់ផង។ ខ្សែបម្រើមកពី Real Madrid ប៉ះបាល់ជោគជ័យ៨៧% និងជាអ្នកនាំលេងជួយជម្រើសជាតិឡើងដល់វគ្គ១៦ក្រុមចុងក្រោយ ហើយបើក្រូអាតអាចទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គេនឹងមានឱកាសខ្ពស់ជាងមិត្តរួមក្រុម Rakitic, Rebic និង Perisic ក្នុងការឈ្នះបាល់មាស៕