• 2017-10-20 06:49:56
  • ព័ត៌មាន

ពិត​ជា​កក្រើក ​រត់​ប្រណាំង និង​ប្រណាំង​កង់​នៅ​បូកគោ​ឆ្នាំ​នេះ មាន​ប្រគំ​តន្ត្រី​ខ្នាត​យក្ស​ទៀត

  • 2017-10-20 06:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​និង​ប្រណាំង​កង់​ឋាន​សួគ៌​បូកគោ​នៅ​ឆ្នាំ​នេះ ​នឹង​កាន់​តែ​កក្រើក​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ ​ស្រប​ពេល​ក្រុមហ៊ុន Ganzberg ​និង​សណ្ឋាគារ​សុខា ​បាន​បង្កើត​ការ​ប្រគំ​តន្ត្រី​ធំ​ជា​ប្រវត្តិ​សាស្ត្រ​នៅ​ភ្នំ​នេះ​ផង​ដែរ។

រូបសន្និសីទកាសែត

នេះ​ជា​លើក​ទី​៤​ហើយ​ដែល​ក្រុមហ៊ុន​ខាង​លើ​បាន​បង្កើត​ជា​ព្រឹត្តិការណ៍​កីឡា​នេះ​ឡើយ ​ក្នុង​គោល​បំណង​ប្រមូល​ប្រាក់​ពី​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត ​យក​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។ ក្នុង​ឆ្នាំ​នេះ​ដែរ ​វា​នឹង​ក្លាយ​ជា​ឆ្នាំ​ប្រវត្តិ​សាស្ត្រ​មួយ​នៅ​លើ​ភ្នំ​បូកគោ ព្រោះ​មាន​ការ​ប្រគំ​តន្ត្រី​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដោយ​មាន​សិល្បករ សិល្ប​ការិនី ​ជាតិ​និង​អន្តរ​ជាតិ​រហូត​ដល់​៣០​នាក់​ឯ​ណោះ។ ក្នុង​នោះ​រួម​មាន ឱក សុគន្ធកញ្ញា ពេជ្រ សោភា G-Devith រ៉េត ស៊ូហ្សាណា Step ​ខាន់ ជែម ​និង​ក្រុម​ Small World Small Band ​ជា​ដើម។

លោក Fanz Josef Brune

លើស​ពី​នេះ​ទៅ​ទៀត ​លោក Fanz Josef Brune ​តំណាង​ក្រុម​ហ៊ុន Ganzberg ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា​ក្រៅ​ពី​ការ​ប្រគំ​តន្ត្រី​នេះ​ទៅ ​ក៏​នៅ​មាន​កម្មវិធី Adventure ​មួយ​ទៀត​ដែរ ​ពោល​គឺ​ការ​បោះ​ជំរំ​នៅ​លើ​ភ្នំ​បូកគោ​ផ្ទាល់​តែ​ម្ដង។ នេះ​ជា​បទ​ពិសោធ​ថ្មី​មួយ​សម្រាប់​អ្នក​គ្រប់​គ្នា ដែល​ចង់​បាន​ការ​បោះ​ជំរំ​នៅ​លើ​កំពូល​ភ្នំ និង​ដំណើរ​រុក​រក​ផ្សេង​ៗ​ទៀត​ជាមួយ​ក្រុម​ការងារ​ដែល​ស្គាល់​ទី​កន្លែង​ច្បាស់។

៣​លើក​កន្លង​មក​ដែល​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ប្រារព្ធ​ឡើង ​លោក កៅ សិទ្ធ ​ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន​សុខា ​បាន​បញ្ជាក់​ថា​ពួកគេ​បាន​ប្រមូល​ប្រាក់​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ​រូច​ហើយ ​ដើម្បី​យក​ទៅ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា។ ដោយ​លើក​ទី ៤​នេះ ​រំពឹង​ថា​នឹង​ទទួល​បាន​ច្រើន​បន្ថែម​ទៀត ព្រោះ​ការ​ចុះ​ឈ្មោះ​កំពុង​ដំណើរ​ការ​ទៅ​បាន​យ៉ាង​រលូន។

រូបតំណាងប្រណាំងកង់

និយាយ​ពី​ការ​ចុះ​ឈ្មោះ​ចូល​រួម​រត់​ប្រណាំង​វិញ​ សម្រាប់​ចម្ងាយ​៥​គីឡូម៉ែត្រ ​ត្រូវ​បង់​៥​ដុល្លារ ​១០​គីឡូម៉ែត្រ​បង់​១០​ដុល្លារ និង​១៥​គីឡូម៉ែត្រ​បង់​១៥ដុល្លារ។ អ្នក​ចុះ​ឈ្មោះ​អាច​ទាក់ទង​តាម​www.bokormarathon.com ​ឬ​លេខ​ទូរសព្ទ​ 016 616 126 ​សម្រាប់​ព័ត៌មាន​លម្អិត។ ខណៈ​ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨​ខែ​តុលា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ហើយ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់