• 2015-12-08 22:54:09
  • ព័ត៌មាន

ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ​ឆ្នាំ​នេះ ប្រើ​បច្ចេកទេស​កាន់​តែ​ទំនើប​ជាង​មុន

  • 2015-12-08 22:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកទេស​គ្រប់​គ្រង​ការ​រត់​ប្រណាំង​ពាក់​កណ្ដាល​​ម៉ារ៉ាតុង​អន្តរជាតិ​នៅ​អង្គរ​វត្ត​លើក​ទី​២០ ក្នុង​ឆ្នាំ​២០១៥ ដែល​ទើប​បញ្ចប់​​ទៅ​កាល​ពី​ថ្ងៃ​ទី០៦ ខែ​ធ្នូ កាន់​តែ​ទំនើប​ជាង​ឆ្នាំ​មុនៗ ធ្វើ​ឲ្យ​លទ្ធផល​មាន​ភាព​សុក្រឹត​បំផុត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯក​ឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

 

 

ឯក​ឧត្ដម ថោង ខុន បាន​បញ្ជាក់​ក្រោយ​បញ្ចប់​ការ​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​​អន្តរជាតិ​នៅ​មុខ​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​ថា ព្រឹត្តិការណ៍​នេះ​មាន​ប្រវត្តិ​តាំង​ពី​រត់​ស្បែក​ជើង​ធម្មតា រហូត​ដល់​​ប្រើ​បច្ចេកទេស​កាន់​តែ​ទំនើប​តាម​ប្រព័ន្ធ​​ព័ត៌មាន​វិទ្យា(IT)។ អ្នក​ចូល​រួម​មាន​ការ​បំពាក់​បន្ទះ Chip។ ពេល​ចេញ​ដំណើរ​អាច​ជាន់​ដឹង​លេខ​រៀង​​នៅ​ក្នុង​កុំព្យូទ័រ ហើយ​ពេល​ដល់​​ទី​ផ្ដាច់​ព្រ័ត្រ​វិញ ក៏​អាច​ដឹង​តាម​ប្រព័ន្ធ​កុំព្យូទ័រ។

 

ឯក​ឧត្ដម ថោង ខុន

 

​ដោយសារ​បច្ចេកទេស​ទំនើប​ទាំង​នេះ ម្ចាស់​ជយលាភី​ទាំង​អស់​សុទ្ធតែ​មាន​សមត្ថភាព​ពិត​ៗ គ្មាន​ការ​ខុស​​ឆ្គង​ឡើយ។ ការវិវឌ្ឍន៍​ថ្មី​នេះ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ទុក​ចិត្ត​ថា ការ​រត់​ប្រណាំង​ពាក់​កណ្ដាល​​ម៉ារ៉ាតុង​អន្តរជាតិ​នៅ​តំបន់​អង្គរ មាន​ភាព​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ។ ឯក​ឧត្ដម ថោង ខុន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​រៀប​ចំ​ដ៏​ល្អ​បែប​នេះ​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន តាម​រយៈ​ការ​ផ្សព្វផ្សាយ​តៗ​គ្នា។ ​​​​

​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​​ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត​លើក​ទី​២០ ក្នុង​ឆ្នាំ​២០១៥ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី៦ ខែ​ធ្នូ មាន​អ្នក​ចូល​រួម​ជាក់​ស្ដែង​រហូត​ដល់​ទៅ​ជាង​មួយ​ម៉ឺន​នាក់ គ្រប់​ជាតិសាសន៍​មក​ពី ៧៥​ប្រទេស​ទូទាំង​ពិភពលោក។ ព្រឹត្តិការណ៍​​ដ៏​ធំ​នេះ​បាន​ចាប់​ផ្ដើម​ឡើង​​ដំបូង​តាំង​ពី​ឆ្នាំ​១៩៩៦ ដែល​គិត​មក​ដល់​ឆ្នាំ​២០១៥ គឺ​ជា​លើក​ទី២០ ហើយ៕

អត្ថបទ៖ គង់ វិសាល
មតិយោបល់