• 2019-12-26 07:52:38
  • ប្រដាល់

រិន​ សារ័ត្ន​ ប្ដេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​នៅ​ប្រកួត​បន្ទាប់​ទៀត​នៃ​ពាន​រង្វាន់​ TV5​

  • 2019-12-26 07:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ រិន​ សារ័ត្ន​ ថា​នឹង​ប្ដេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ នៅ​ប្រកួត​បន្ទាប់​ទៀត​ដើម្បី​បាន​ឱកាស​ឡើង​ទៅ​វគ្គ​សំខាន់​នៃ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ លើ​សង្វៀន​ប៉ុស្តិ៍លេខ៥​នេះ។​

កីឡាករ រិន សារ័ត្ន

សារ័ត្ន​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី២​ហើយ​ដែល​ខ្លួន​ចូលរួម​លេង​ពាន​រង្វាន់​ TV5​ នេះ​ ដោយ​លើក​មុន​នោះ​លេង​លើ​ប្រភេទ​ទម្ងន់​ ៦៥​គីឡូក្រាម​ ប៉ុន្តែ​លើក​នេះ​លេង​លើ​ទម្ងន់​ ៦៣,៥​គីឡូក្រាម​វិញ​ម្ដង។​ លើក​ទី១​ គឺ​អ្នក​ប្រដាល់​រូប​នេះ​ធ្លាក់​នៅ​ជុំ​ទី២​ ក្រោម​ថ្វីដៃ​សិស្ស​គុន​មក​ពី​ឆត្រ​យោង​ ៩១១។​

រិន សារ័ត្ន(ក្រហម)

អ្នក​លេង​គុន​ខ្មែរ​មិន​សូវ​ចេះ​និយាយ​ច្រើន​រូប​នេះ​បន្ត​ថា​ ខ្លួន​ពិត​ជា​អរគុណ​ខ្លាំង​ណាស់​ចំពោះ​ស្ថានីយ៍​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ ដែល​ផ្ដល់​ឱកាស​ជា​ថ្មី​ទៀត។​ សារ័ត្ន​ ក៏​នឹង​ប្ដេជ្ញា​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ និង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ដើម្បី​ប្រកួត​ឈ្នះ​បាន​ឡើង​ទៅ​ជុំ​បន្តបន្ទាប់​ទៀត។​ ចំពោះ​បេក្ខភាព​ទាំង​អស់​ក្នុង​កម្មវិធី​នេះ​គឺ​ កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ ម្នាក់​នេះ​ថា​មាន​២រូប​ប៉ុណ្ណោះ​ជា​ឧបសគ្គ​សម្រាប់​ខ្លួន។​

រិន សារ័ត្ន ពេលឈ្នះ​ដៃគូ

រំលឹក​ដែរ​ថា​ កីឡាករ​ រិន​ សារ័ត្ន​ បាន​ឡើង​ទៅ​ជុំ​ទី២​រួច​ហើយ​ ក្រោយ​អ្នក​ប្រដាល់​រូប​នេះ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​ព្រោះ​ដៃគូ​រក្សា​ទម្ងន់​មិន​បាន។​ ប៉ុន្តែ​ការ​ប្រកួត​បង្គ្រប់​កិច្ច​របស់​គេ​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នោះ​ផ្ដួល​កីឡាករ​ សល់​ ពិសិដ្ឋ​ ក្នុង​ទឹក​ទី១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់