• 2019-05-22 04:00:07
  • បាល់ទាត់

មិន​ធម្មតា​ទេ​ ប៉ាគីស្ថាន​កូន​កាត់​ច្រើន ​បោះជំរំ​ហាត់​តាំង​ពី​សប្ដាហ៍​មុននៅបារ៉ែនត្រៀមប៉ះកម្ពុជា

  • 2019-05-22 04:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 58

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ប៉ាគីស្ថាន​​បាន​ប្រមូល​ផ្តុំ​ហ្វឹកហាត់​​កាល​ពី​​យប់​ថ្ងៃ​​អង្គារ​ ទី​១៤​ ខែ​ឧសភា​កន្លង​ទៅ​នៅ​ប្រទេស​បារ៉ែន​ដើម្បី​​ត្រៀម​ខ្លួន​​ធ្វើ​ដំណើរ​មក​កម្ពុជា​​ក្នុង​យុទ្ធនា​ការណ៍​វគ្គ​ជម្រុះ​ជើង​ឯក​ពិភព​លោក​ FIFA World Cup 2022 ​ជុំ​ទី​១​ប្រចាំ​តំបន់​អាស៊ី និង​ជម្រុះ​ពាន​រង្វាន់​អាស៊ី​​ 2023 AFC Asian Cup។

ក្រុម​គ្រូ​បង្វឹក (រូបថត៖ PFF)

ការ​បោះ​ជំរំ​នេះ​ ប៉ាគីស្ថាន​​ជម្រើស​យក​កីឡាករ​២២​នាក់​​​ចុង​ក្រោយ​ដែល​មាន​កីឡាករ​​លេង​នៅ​ក្រៅ​ប្រទេស​១២​នាក់​ និង​កីឡាករ​លេង​ក្នុង​ស្រុក​តែ​១០​នាក់​ប៉ុណ្ណោះ​ដែល​ដឹក​នាំ​ដោយ​លោក​គ្រូ​បង្វឹក​ជន​ជាតិ​ប្រេស៊ីល​ Jose Antonio Nogueira។

កីឡាករ​មក​ពី​​ក្រៅ​ប្រទេស​១២​នាក់​

  • ១-អ្នក​ចាំ​ទី​ Yousuf Butt លេង​នៅ​ក្លឹប​ Tamby Boldklub ប្រទេស​ដាណឺម៉ាក​
  • ២-ខ្សែ​ការពារ​ Kamran Ali Iqbal អាយុ​២៤​ឆ្នាំ​ លេង​នៅ​ក្លឹប​ Grorud ប្រទេស​ន័រវែស
  • ៣-ខ្សែ​ការពារ​ Zesh Rehma អាយុ​​៣៥​ឆ្នាំ​ លេង​នៅ​ក្លឹប​ Southern ទី​ក្រុង​ហុងកុង​
  • ៤-ខ្សែ​ការពារ​ Abdullah Qazi អាយុ​២៣​ឆ្នាំ​ លេង​នៅ​ក្លឹប​ La Maquina FC សហរដ្ឋ​អាមេរិក​
  • ៥-ខ្សែ​ការពារ​ Yaqoob Ijaz Buut អាយុ​៣០​ឆ្នាំ​ លេង​នៅ​ក្លឹប​ Greve Foodbold ប្រទេស​ដាណឺម៉ាក
  • ៦-ខ្សែ​ការពារ​​ ​​ Rahis Nabi អាយុ​២០​ឆ្នាំ​ ធ្លាប់​ជា​យុវជន​ West Brom FC និង​​ Burnley FC អង់គ្លេស
  • ៧-ខ្សែ​បម្រើ​ Adel Rehman អាយុ​២៣​ឆ្នាំ​ លេង​នៅ​ក្លឹប​ ProStars ប្រទេស​កាណាដា​
  • ៨-ខ្សែ​បម្រើ​ Samir Nabi អាយុ​២២​ឆ្នាំ​ លេង​នៅ​ក្លឹប​ Torquay United ប្រទេស​អង់គ្លេស​
  • ៩-ខ្សែ​បម្រើ​ Navid Rahman អាយុ​២២​ឆ្នាំ​ លេង​នៅ​ក្លឹប​ Achilles ប្រទេស​ហុល្លង់​
  • ១០-ខ្សែ​ប្រយុទ្ធ​ Muhammad Ali អាយុ​២៩​ឆ្នាំ​ លេង​នៅ​​ក្លឹប​ Greve Fodbold ប្រទេស​ដាណឺម៉ាក
  • ១១-ខ្សែ​ប្រយុទ្ធ​ Hassan Bashir អាយុ​៣២​ឆ្នាំ​ លេង​នៅ​ក្លឹប​ Tamby Boldklub ប្រទេស​ដាណឺម៉ាក
  • ១២-ខ្សែ​ប្រយុទ្ធ​ Adnan Mohammad អាយុ​២២​ឆ្នាំ​ លេង​នៅ​ក្លឹប​ Lyngby ប្រទេស​ដាណឺម៉ាក​​
កីឡាករ Samir និង Rahis នៅ​កណ្តាល (រូបថត៖ PFF)

កីឡាករ​កូន​កាត់​គួរ​ឲ្យ​ចាប់​អារម្មណ៍​

  • Samir Nabi អាយុ​២២​ឆ្នាំ​​ជា​យុវជន​របស់​​ក្លឹប​អង់គ្លេស​ West Bromwich Albion ពី​ឆ្នាំ​២០០៥​ដល់​២០១៦។ ឆ្នាំ​២០១៩​នេះ​រូប​គេ​ត្រូវ​ខ្ចី​ជើង​ទៅ​លេង​នៅ​ក្លឹប​ Halesowen Town ក្រប​ខណ្ឌ​ Southern League ប្រទេស​អង់គ្លេស។ រូប​គេ​ត្រូវ​បាន​ដឹង​ថា​ ជា​កីឡាករ​នាំ​លេង​ដ៏​សំខាន់​ម្នាក់​ និង​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ឲ្យ​ក្រុម​ West Bromwich Albion អាយុ​២១​ឆ្នាំ​​រដូវ​កាល​២០១៥-២០១៦។

  • Rahis Nabi អាយុ​២០​ឆ្នាំ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ប៉ាគីស្ថាន។ រូប​គេ​​​ក៏​ជា​យុវជន​អាយុ​១៨​ឆ្នាំ​របស់​ក្រុម​ West Brom FC និង​ជា​សមាជិក​អាយុ​២៣​ឆ្នាំ​របស់​ក្រុម​ Burnley FC នៅ​ប្រទេស​អង់គ្លេស។

  • ខ្សែ​ប្រយុទ្ធ​ Mohammad Ali មាន​ដើម​កំណើត​នៅ​ប្រទេស​ដាណឺម៉ាក​ដែល​ជា​​សមាជិក​សំខាន់​របស់​ប៉ាគីស្ថាន ហើយ​ក៏​​ជា​កីឡាករ​ដែល​មាន​បទ​ពិសោធ​ជោកជាំ​ដែរ។

  • អនុប្រធាន​ក្រុម​ Hassan Bashir មាន​ដើម​កំណើត​នៅ​ប្រទេស​​ដាណឺម៉ាក​​ដែល​​ជា​ខ្សែ​ប្រយុទ្ធ​មាន​បទ​ពិសោធ​។ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​រហូត​ដល់​បច្ចុប្បន្ន​នេះ​ រូប​គេ​ឆ្លង​កាត់​ក្លឹប​ជាង​១០​ហើយ​ ខណៈ​ជាប់​ជម្រើស​ជាតិ​ប៉ាគីស្ថាន​តាំង​ពី​ឆ្នាំ​២០១២​លេង​បាន​១៩​ប្រកួត រក​បាន​៨​​គ្រាប់។

  • កីឡាករ Zesh Raman ជា​ខ្សែ​ការពារ​មាន​បទ​ពិសោធ​ក្រាស់​ណាស់។ កីឡាករ​ដែល​មាន​ដើម​កំណើត​នៅ​​ប្រទេស​អង់គ្លេស​​រូប​នេះ​លេង​ច្រើន​ក្លឹប​ណាស់​គិត​ពី​ឆ្នាំ​​២០០៣​រហូត​ដល់​២០១៩​នេះ​ដូច​ជា​ Hulham, Brighton & Hove Alblion, Norwich City, Queens Park Rangers, Blackpool, Bradford City, Maungthong United, Ktichee, Pahang FA, Gillingham និង​​ Southern។​

ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន (រូបថត៖ PFF)

បោះ​ជំរំ​ហាត់​នៅ​ប្រទេស​បារ៉ែន

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ប៉ាគីស្ថាន​បាន​​ជម្រើស​​កីឡាករ​២២​ឆ្នាំ​នាក់​ហើយ​ក្នុង​នោះ​​កីឡាករ​១២​នាក់​មក​ពី​ក្រៅ​ប្រទេស​ និង​១០​នាក់​លេង​​នៅ​ក្នុង​ស្រុក។ ពួក​គេ​​បាន​ចាប់​ផ្តើម​បោះ​ជំរំ​ហ្វឹកហាត់​នៅ​​ទី​ក្រុង​ Manama ប្រទេស​បារ៉ែន ​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ​ដើម្បី​​ត្រៀម​ World Cup 2022 ទល់​នឹង​កម្ពុជា។​​​

នា​ថ្ងៃ​ទី​៦​ ខែ​មិថុនា ឆ្នាំ​២០១៩​ខាង​មុខ​ ​គឺ​ជា​ការ​ជួប​គ្នា​លើក​ទី​២​ក្នុង​​ពាន​រង្វាន់​ផ្លូវ​ការ​ដែល​​កម្ពុជា​​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ដើម្បី​ទទួល​​ស្វាគមន៍​ប៉ាគីស្ថាន​ និង​ជើង​ទី​២​ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩​ ប៉ាគីស្ថាន​ទទួល​កម្ពុជា​វិញ៕

កាសែតចេញ​ផ្សាយ​ពី​ការ​ចាប់​អារម្មណ៍​លើ​កីឡាករ​មក​ពី​អង់គ្លេស

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់