- 2024-04-19 13:08:10
- បាល់ទាត់
Neuer បង្កើតកំណត់ត្រាថ្មីក្នុង Champions League
- 2024-04-19 13:08:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neuer បង្កើតកំណត់ត្រាថ្មីក្នុង Champions League
ចន្លោះមិនឃើញ
អ្នកចាំទីដៃទីមួយរបស់ក្លឹប Bayern Munich កីឡាករ Manuel Neuer ក្លាយទៅជាអ្នកចាំទីដែលរារាំងឲ្យមិនឲ្យគូប្រកួតស៊ុតចូលទីច្រើនប្រកួតជាងគេ (Clean Sheet) ក្នុងប្រវត្តិសាស្ត្រកម្មវិធី UEFA Champions League។
ក្រោយជួយក្លឹប Bayern ទម្លាក់ក្លឹបកាំភ្លើងធំ Arsenal ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីពាក់កណ្ដាលសប្ដាហ៍នេះ អ្នកចាំទី Neuer បានបង្កើតកំណត់ត្រាថ្មីសម្រាប់ខ្លួនឯង។ កីឡាករសញ្ជាតិអាល្លឺម៉ង់វ័យ ៣៨ ឆ្នាំរូបនេះ បានក្លាយជាអ្នកចាំទីដែលរកបាន Clean Sheet ច្រើនប្រកួតជាងគេក្នុងប្រវត្តិសាស្ត្រកម្មវិធីលីគកំពូលអឺរ៉ុប។ គិតមកទល់ពេលនេះ Neuer អាចរកបាន Clean Sheet ដល់ទៅ ៥៨ ប្រកួត ក្នុងចំណោម ១៣៨ ប្រកួត UCL ដែលកីឡាកររូបនេះបានចូលលេង។
តួលេខនេះធ្វើឲ្យ Neuer មានចំនួន Clean Sheet ច្រើនជាងកំណត់ត្រាចាស់របស់វីរបុរសរបស់ក្លឹប Real Madrid អតីតអ្នកចាំទីអេស្ប៉ាញ Iker Casillas ដែលរកបាន Clean Sheet ចំនួន ៥៧ លើក ក្នុងចំណោម ១៧៧ ប្រកួត UCL។ បច្ចុប្បន្នតួលេខ Clean Sheet របស់ Casillas ធ្វើឲ្យអតីតអ្នកចាំទីរូបនេះឈរលេខ ២ ក្នុងនាមកីឡាករដែលរក Clean Sheet ជាងគេក្នុងកម្មវិធី UCL។
ដោយឡែកវីរបុរសក្លឹប Juventus អតីតអ្នកចាំទី Gianluigi Buffon ឈរលេខ ៣ ក្នុងកំណត់ត្រា Clean Sheet ក្នុង UCL។ អតីតកីឡាកររូបនេះរកបាន Clean Sheet បានសរុបចំនួន ៥២ ដង ក្នុងប្រកួតចំនួន ១២៤ ប្រកួតកម្មវិធីលីគកំពូលអឺរ៉ុបមួយនេះ។
ទាំង Casillas ក្ដី និង Buffon ក្ដី សុទ្ធតែបានចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់រួចទៅហើយ។ Casillas បានចូលនិវត្តន៍នៅឆ្នាំ ២០២០ ចំណែកឯ Buffon បានព្យួរស្រោមដៃចាំទីនៅឆ្នាំ ២០២៣។
Manuel Neuer ប្រកបអាជីពជាអ្នកចាំទីជិត ២០ ឆ្នាំមកហើយ។ កីឡាករចាប់ផ្ដើមលេងបាល់អាជីពក្នុងឈុតធំក្លឹបអាល្លឺម៉ង់ Schalke 04 កាលពីឆ្នាំ ២០០៥ ហើយលេងនៅទីនោះសរុប ២០៣ ប្រកួតរហូតដល់ឆ្នាំ ២០១១។ នៅឆ្នាំ ២០១១ រហូតដល់ពេលបច្ចុប្បន្ន Neuer ជាកីឡាករអ្នកចាំទីប្រចាំក្លឹប Bayern Munich។ គិតមកទល់ពេលនេះ កីឡាកររូបនេះលេងសរុបឲ្យក្លឹបចំនួន ៥១៤ ប្រកួត ហើយត្រូវបានមជ្ឈដ្ឋានជាច្រើននៃអ្នកគាំទ្រក្លឹបយក្សអាល្លឺម៉ង់ Bayern ចាត់ទុកជាវីរបុរស៕