- 2019-04-04 04:12:53
- ប្រដាល់
ឡៅ ចិត្រា រៀបរាប់ពីការចងចាំបំផុតនៅសង្វៀន ONE ប្រកួតដំបូងរបស់ខ្លួន
- 2019-04-04 04:12:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡៅ ចិត្រា រៀបរាប់ពីការចងចាំបំផុតនៅសង្វៀន ONE ប្រកួតដំបូងរបស់ខ្លួន
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ ឡៅ ចិត្រា បានបង្ហើបអំពីចំណុចចងចាំបំផុតមិនអាចបំភ្លេចបានក្នុងការប្រកួតនៅសង្វៀន One Championship ពេលចាញ់ពិន្ទុជើងខ្លាំងថៃ Superlek Kiatmoo9 នៅប្រទេសថៃកាលពាក់កណ្ដាលខែ កុម្ភៈ កន្លងទៅ ហើយ សន្យាថានឹងធ្វើឲ្យល្អប្រសើរចំពោះការប្រកួតលើកក្រោយ បើសិនត្រូវផ្គូផ្គងឲ្យឡើងវ៉ៃនៅសង្វៀនដដែលនេះ។
ស្ថិតក្នុងវ័យ១៩ឆ្នាំ ឡៅ ចិត្រា ប្រាប់ ៖«ខ្ញុំតូចចិត្តខ្លាំងណាស់ដែលវ៉ៃគេមិនត្រូវ គេរហ័សពេកមិននឹកស្មានដល់ ទោះខ្ញុំបានទស្សនាវីដេអូគេជាច្រើនក៏ដោយ។ គេមានបម្លាស់ទីលឿនខ្លាំងណាស់។ ក្នុងនោះគេវ៉ៃសន្ធាប់មកលើយើងតាំងពីដើមទឹកមក មិនឲ្យខ្ញុំដកឃ្លារួច។ ខ្ញុំវិញ វ៉ៃចេញដៃ និង ជើងយឺតជាងគេហើយ មានជំហរយឹតជាង Superlek ទៀតផង»។ កីឡាករប្រដាល់គុនខ្មែរក្លឹប ប្រដាល់ឆត្រយោង៩១១ បានបញ្ជាក់ទៀតថា ការប្រកួតនៅសង្វៀនកម្រិតពិភពលោកខាងលើ ប្លែកខ្លាំងទោះគេធ្លាប់ប្រកួតក្នុងស្រុក និង អន្តរជាតិជាច្រើនដងក្ដី។ ការប្រកួតក្នុងក្របខ័ណ្ឌអន្តរជាតិ One មានលក្ខណៈតឹងតែងណាស់។ ទោះជាការប្រកួតលើកដំបូងនៅ សង្វៀន One ប៉ុន្តែ ចិត្រា មិនមានបញ្ហាប្រឈមដូចជាការធ្វើដំណើរតាមយន្តហោះ ឬ បញ្ហាញុំាម្ហូបអាហារនៅថៃនោះឡើយ ព្រោះគេអះអាងថា មានលក្ខណៈស្រដៀងគ្នាទៅនឹងការរស់នៅ និង ហូបចុកដូចនៅកម្ពុជាដែរ។
បន្ទាប់ពីបរាជ័យសឹងមិននឹកស្មានដល់ ប្អូនប្រុសបង្កើតរបស់ ឡៅ ស៊ីណាត់ និង ឡៅ ចន្ទ្រា នឹងខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងក្លាថែមទៀតដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការចេញទៅប្រកួតជាថ្មីក្នុងកម្រិតអន្តរជាតិ និង ព្យាយាមប៉ះប៉ូវរាល់ចំណុចខ្សោយ ដែលបានទទួលជាមេរៀនពីកីឡាករកំពូលថៃ Superlek។ ម្ចាស់ខ្សែក្រវាត់ទម្ងន់ទម្ងន់៦០គីឡូក្រាមនៅសង្វៀនបាយ័ន ប្ដេជ្ញាអភិវឌ្ឍខ្លួនហ្វឹកហាត់ឲ្យមានបម្លាស់ទីលឿន វ៉ៃចេញលឿន និងបង្កើនជំហរឲ្យរឹងមាំដើម្បីទប់ទល់នឹងគូបដិបក្ខអន្តរជាតិខ្លាំងៗនៅថ្ងៃអនាគត។ យ៉ាងណាក្ដី បន្ទាប់ពីរងបរាជ័យនៅប្រទេសថៃកាលខែ កុម្ភៈ ប៉ុន្តែ ឡៅ ចិត្រា បានស្ដារមុខមាត់ឡើងវិញដោយឈ្នះ ជើងខ្លាំងថៃ ម៉ៃ សុទ្ធ ដោយពិន្ទុកាលចុងសប្ដាហ៍កន្លងទៅនេះ នៅសង្វៀន ស៊ីអិនស៊ី។
ក្រៅពីការហ្វឹកហាត់នៅក្លឹបរបស់ខ្លួន និង ខិតខំឥតឈប់ឈរដោយខ្លួនឯង អ្នកលេងគុនខ្មែរដដែលនេះនឹងចូលហ្វឹកហាត់ប្រដាល់ក្នុងក្រុមជម្រើសជាតិជាមួយ លោក គ្រូ ឡុង សាលវ័ន្ត និង អេ ភូថង ក្រោយពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដើម្បីត្រៀមប្រកួតនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម តំណាងឲ្យកម្ពុជា ដែលរៀបចំនៅហ្វីលីពីន នាចុងឆ្នាំ ២០១៩ នេះ។
បច្ចុប្បន្ន ឡៅ ចិត្រា មានកំណត់ត្រាប្រកួត៨៤ លើក ដែលក្នុងនោះ ឈ្នះ៧៦ ចាញ់២ លើក និងស្មើ៦លើក៕