• 2019-02-01 02:14:17
  • ប្រដាល់

ថ្មី​ទៀត​ហើយ​! ONE ទើប​តែង​តាំង​អនុប្រធានអន្តរជាតិថ្មី​

  • 2019-02-01 02:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ស្ថាប័ន​ប្រដាល់​ ONE Championship បាន​ពង្រីក​ខ្លួន​ធំ​មួយ​កម្រិត​ទៀត​ហើយ​ ពេល​នេះ​បាន​ប្រកាស​តែង​តាំង​អ្នក​ស្រី​ Meghan​ Jenkins​ ជា​អនុប្រធាន​ផ្នែក​អន្តរជាតិ។ អ្នកស្រី​ធ្លាប់​ជា​អតីត​អនុប្រធាន​ និង​ជា​ប្រធាន​យុទ្ធសាស្ត្រ​របស់​ NBA​ Asia​ តាំង​ពី​ឆ្នាំ​២០១៥​ នៅ​​ទី​ក្រុង​ហុងកុង។

មុន​ការ​កាន់​តំណែង​នៅ​ហុងកុង​នោះ​ អ្នក​ស្រី​មាន​ប្រវត្តិ​ធ្វើ​ការ​នៅ​ទីស្នាក់​ការ​កណ្តាល​របស់​ NBA​ ទី​ក្រុងញូវយ៉ក​ សហរដ្ឋអាមេរិក​ អ្នក​ស្រី​បាន​ចំណាយ​ពេល​វេលា​ជាង​ ១០​ឆ្នាំ​ប្រឡូក​ក្នុង​សកម្មភាព​ដឹក​នាំ​វិស័យ​កីឡា​បាល់បោះ​ទូទាំង​ពិភពលោក​ រហូត​ត្រូវ​បាន​ ONE Championship​ តែង​តាំង​ជា​អនុប្រធាន​អន្តរជាតិ​តែ​ម្តង។

លោក​ស្រី Meghan​ Jenkins​

ប្រធាន​ និង​នាយក​ប្រតិបត្តិ​របស់ ONE​ លោក​ Chatri Sityodtong ថ្លែង​ថា៖​ «​វា​ជា​កិត្តិយស​ក្រៃ​លែង​​ដែល​ប្រកាស​​ផ្លូវ​ការ​នេះ​ថា​ Meghan​ Jenkins​ នឹង​ចូល​រួម​ជា​អ្នក​ដឹក​នាំ​ក្រុម​ជាន់​ខ្ពស់​នៅ​ ONE Championship​ ក្នុង​តំណែង​ជា​អនុប្រធានអន្តរជាតិ។ Meghan នឹង​ធ្វើ​ការ​ជា​មួយ​ខ្ញុំ​ផ្ទាល់​ ក៏​ដូច​ជា​សមាជិក​ថ្នាក់​ដឹក​នាំ​ផ្សេង​ៗ​ទៀត​ ដើម្បី​ធ្វើ​យ៉ាង​ណា​ដឹក​នាំ​ស្ថាប័ន​ ONE​ឲ្យ​ក្លាយ​ទៅ​ជា​ស្ថាប័ន​ផ្សព្វផ្សាយ​កីឡា​តម្លៃ​រាប់​លាន​ដុល្លារ​ដំបូង​តែ​មួយ​គត់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាស៊ី»។

កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៥​ ខែ​មករា​ ONE Championship​ ប្រកាស​ធ្វើ​ជា​ដៃ​គូ​ផ្តាច់​មុខ​ជា​មួយ​ស្ថាប័ន​ក្បាច់​គុន ​ Shooto។ ស្ថាប័ន​ ONE ​មាន​ស្នាក់​ការ​នៅ​ប្រទេស​សិង្ហបុរី​ នេះ​ក៏​បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​គុន​នា​ចុង​ឆ្នាំ​២០១៨​​កន្លង​ទៅ​នៅ​ពេល​ប្រកាស​ចុះ​ហត្ថលេខា​បញ្ចូល​កីឡាករ​ចំណូល​ថ្មី​បី​រូប​ គឺ​អតីត​តារា​ប្រដាល់​ UFC ដ៏​ល្បី​ឈ្មោះ​ Demetrious​ Johnson​ និង​ Eddie Alvarez រួម​ទាំង​ Sage Northcutt ធ្វើ​ឲ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ពិភពលោក​ភ្ញាក់​ផ្អើល​ខ្លាំង៕

អត្ថបទ៖ Matias Andres

មតិយោបល់