• 2018-11-02 04:36:12
  • វិភាគ

AFF៖ ប្រាក់ ធី​វ៉ា ស្ថិត​ក្នុង​ចំណោម​កីឡាករ​៥​នាក់​​មាន​ឥទ្ធិពល​​នៅ​ពូល A

  • 2018-11-02 04:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ការ​ប្រកួត AFF Suzuki Cup ២០១៨ មក​ដល់​នៅ​ថ្ងៃ​ទី ៨ ខែ​ វិច្ឆិកា ឆ្នាំ ២០១៨ វិបសាយ​របស់​​កម្មវិធី​មួយ​នេះ​បាន​បញ្ចេញ​កីឡាករ​៥​រូប​មាន​ឥទ្ធិពល​ក្នុង​ពូល A ដែល​មាន​កម្ពុជា វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី​និង​ឡាវ​ស្ថិត​ក្នុង​ពូល​នេះ​។ កីឡាករ​ប្រាក់ ធីវ៉ា ត្រូវ​បាន​គេ​ជ្រើសរើស​​ជា​កីឡាករ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​សម្រាប់​ជម្រើស​ជាតិ​កម្ពុជា៖

១. ប្រាក់ ធីវ៉ា (កម្ពុជា)

ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​ការ​ថ្មី​​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រាក់ ធីវ៉ា​ត្រូវ​បាន​ផ្ដល់​ឱកាស​​លេង​ជម្រើស​ដំបូង​សម្រាប់​ប្រកួត​មិត្តភាព​២​ប្រកួត​ចុងក្រោយ​ជាមួយ​ទីម័រខាងកើត​និង​សិង្ហបុរី។ កីឡាករ​វ័យ​១៩​ឆ្នាំ​សមាជិក​របស់​ក្លឹប​ភ្នំពេញ​ក្រោន ត្រូវ​បាន​​គេ​ចាត់​ទុក​ជា​ខ្សែ​ប្រយុទ្ធ​​​មាន​ការ​បញ្ចប់​ទី​ល្អ និង​អាច​ជា​ដៃ​គូ​យ៉ាង​សំខាន់​ជាមួយ ចាន់  ចាន់ វឌ្ឈានាកា។

២. Pham Duc Huy (វៀតណាម)

ក្នុង​ក្រុម​មួយ​សំបូរ​ទៅ​ដោយ​កីឡាករ​មាន​ទេពកោសល្យ Pham Duc Huy ត្រូវ​បាន​គេ​កត់សម្គាល់​ជា​កីឡាករ​សំខាន់​ម្នាក់​​ក្នុង​ក្រុម​ជម្រើស​ជាតិ​វៀតណាម។ គេ​ចាប់​ផ្ដើម​​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ឆ្នាំ​នេះ​ក្នុង​ព្រឹត្តិការណ៍ AFC U23 Championship ពេល​ដែល​ទាត់​បញ្ចូល​​ទី​លើ​ក្រុម​អ៊ីរ៉ាក់​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ។ កីឡាករ​វ័យ​២៣​ឆ្នាំ​អាច​នឹង​ដើរ​តួ​នាទី​នាំ​លេង​សម្រាប់​ព្រឹត្តិការណ៍ AFF Suzuki Cup។

៣. Norshahrul Idlan Talaha (ម៉ាឡេស៊ី)

ជម្រើស​ជាតិ​ម៉ាឡេស៊ី​ពិត​ជា​ពិបាក​រក​ខ្សែ​ប្រយុទ្ធ​ខ្លាំង​ដើម្បី​រក​គ្រាប់​បាល់​នៅ​លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​បទពិសោធន៍​របស់ Talaha គ្រប់គ្រាន់​ឲ្យ​គេ​បន្ត​លេង​​ក្នុង​ពាន AFF Suzuki Cup ២០១៨​នេះ។ រក​គ្រាប់​បាល់​ចុងក្រោយ​បំផុត​​បាន​នៅ​ឆ្នាំ​២០១៤ កីឡាករ​វ័យ​៣២​ឆ្នាំ​សង្ឃឹម​​នឹង​រក​បាន​គ្រាប់​នៅ​កម្មវិធី​​នេះ និង​អាច​ជា​ចាស់​ទុំ​ជួយ​ជ្រោមជ្រែង​​​ដល់​យុវជន​ក្នុង​ក្រុម​ជម្រើស​ជាតិ។

៤. Soukaphone Vongchiengkham (ឡាវ)

ឡាវ​មិន​សូវ​មាន​តារា​ឆ្នើម​លេចធ្លោ​​ដូច​ក្រុម​ជម្រើសជាតិ​ដទៃ ប៉ុន្តែ​កីឡាករ​ម្នាក់​ដែល​ជា​ខ្សែ​ប្រយុទ្ធ​គឺ Soukaphone Vongchiengkham គ្រប់គ្នា​មិន​គួរ​រំលង។ កីឡាករ​វ័យ​២៦​ឆ្នាំ​គឺ​ជា​ប្រធាន​ក្រុម​​ល្អ​ម្នាក់​ក្នុង​ជម្រើស​ជាតិ​ឡាវ និង​ជា​កីឡាករ​មាន​ការ​គោរព​ សរសើរ​​ច្រើន​ក្នុង​ក្រុម។ ហើយ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ​​នៃ​ភាព​ជោគជ័យ​​នៃ​ជម្រើស​ជាតិ​ក្នុង​ពាន AFF Suzuki Cup។

៥.​ David Htan (មីយ៉ាន់ម៉ា)

David Htan ខ្សែ​ការពារ​កណ្ដាល​មាន​បទពិសោធន៍​ពេញ​ខ្លួន​​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​តំបន់​​ការពារ​៤​ខាង​ក្រោម តទល់​នឹង​សត្រូវ​ក្នុង​ពូល A។ AFF Suzuki Cup លើក​ចុងក្រោយ​កីឡាករ​វ័យ​២៨​ឆ្នាំ​ក៏​បាន​ចូលរួម ត្បិត​មិន​សូវ​ខ្ពស់​​ប៉ុន្តែ​គេ​បំពេញ​តួនាទី​ល្អ​នៅ​ផ្នែក​ខាង​ក្រោម៕

ប្រភព៖ AFF Suzuki Cup ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់