• 2018-08-03 03:03:16
  • វិភាគ

មូលហេតុ​សំខាន់​៣​​ ដែល​ Man United ពិបាក​ឈ្នះ​ Premier League

  • 2018-08-03 03:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League នឹង​ចាប់​ផ្ដើម​រដូវ​កាល​របស់​ខ្លួន​នៅ​ប្រហែល​១​សប្ដាហ៍​​ទៀត​ទេ​ ខណៈ​ក្រុម​ទាំង​២០​កំពុង​ដុត​ដៃ​ដុត​ជើង​រុះរើ​ក្រុម​។​ Manchester United ដែល​ជា​ក្រុម​រង​ជើង​ឯក​ចាស់​កាល​ពី​រដូវ​កាល​មុន​គឺ​ជា​បេក្ខភាព​មួយ​ដែល​គេ​គិត​ថា​អាច​ដណ្ដើម​ពាន​លីគ​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ។

យ៉ាង​ណា​បើ​មើល​ឲ្យ​ជ្រៅ​ទៅ​ក្រុម​រហស្សនាម​ថា​បិសាច​ក្រហម​ហាក់​ទន់​ដៃ​ជាង​រដូវ​កាល​មុន​ៗ​បើ​ធៀប​នឹង​គូ​ប្រជែង​ធំៗ​ដូចជា Manchester City, Chelsea, Arsenal, Tottenham Hotspur និង​ Liverpool ជា​ដើម។​ ហេតុ​ផល​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ក្រុម​ជើង​ឯក​អង់គ្លេស​២០​សម័យ​កាល​ពិបាក​ក្នុង​ការ​ឈ្នះ​ពាន Premier League នៅ​រដូវ​កាល​នេះ? យើង​ទៅ​មើល​នៅ​ខាង​ក្រោម៖​

#១ ការ​ចាប់​ផ្ដើម​រដូវ​កាល​ដោយ​លំបាក​

បើ​មើល​លើ​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​វិញ​ Manchester United ធ្វើ​មិន​បាន​ល្អ​សោះ​ដោយ​ស្មើ​៣​ប្រកួត​ជាប់​គ្នា, ចាញ់​ Liverpool ធ្ងន់​.​ក រហូត​៤-១ ហើយ​ឈ្នះ​ Real Madrid ទាំង​មាន​ទម្រង់​លេង​ការពារ​ច្រើន​ក្នុង​ប្រកួត​មិត្តភាព។​ ទទួល​ស្គាល់​ថា​លោក​ Jose Mourinho អ​វត្តមាន​កីឡាករ​សំខាន់​ច្រើន​ដូចជា Paul Pogba, Romelu Lukaku, Jesse Lingard និង​ Marouane Fellaini ដែល​កំពុង​លំហែ​កាយ​ក្រោយ​ចប់ World Cupប៉ុន្តែ​លទ្ធផល​ទាំង​នេះ​មិន​មែន​ជា​សញ្ញា​វិជ្ជមាន​ដល់​ក្រុម​​ទេ។​ ​សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​វិញ​ United ក៏​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ខ្លាំង​ចំនួន​២​ដែរ​នៅ​ក្នុង​ខែ​សីហា​ដូចជា​ការ​ប៉ះ​ Leicester City និង​ Tottenham Hotspur ជា​ដើម​ ​បើ​ភ្លាត់​ចាញ់​ពួកគេ​ពិត​ជា​ពិបាក​ក្នុង​ការ​ប្រដេញ​ពិន្ទុ​ជាមួយ​ក្រុម​ធំ​ដទៃ។

#២ បញ្ហា​កីឡាករ​បម្រុង​

ជម្រើស​១១​នាក់​ដំបូង​របស់​ Manchester United មិន​ពិបាក​ទាយ​ដូច​ក្រុម​ដទៃ​ឡើយ​ដោយ​សារ​អ្នក​ចាត់ការ​ទូទៅ​ច្រើន​តែ​ប្រើ​កីឡាករ​ដដែល​ៗ​មិន​សូវ​មាន​ការ​ផ្លាស់ប្ដូរ។​ មូលហេតុ​មាន​ការ​ប្រែប្រួល​តិច​អាច​មក​ពី​កីឡាករ​ឈុត​ដំបូង​លេង​ត្រូវ​ជើង​គ្នា​ ឬ​អាច​មក​ពី​កីឡាករ​បម្រុង​មាន​គុណភាព​ខុស​គ្នា​ឆ្ងាយ​ជា​មួយ​ឈុត​ធំ​ខ្លាំង​ពេក​។​ ឧទាហរណ៍​ដូចជា​ Paul Pogba គឺ​ជា​កម្លាំង​សំខាន់​ក្នុង​ក្រុម​ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​គេ​ធ្លាក់​ទម្រង់​​លេង​ ឬ​មាន​បញ្ហា​របួស​ក្រុម​ទាំង​មូល​គ្មាន​កីឡាករ​ណា​អាច​ជំនួស​គេ​បាន ទោះ​បី​ Mourinho សាកល្បង​ដាក់​កីឡាករ​ Scott McTominay ក៏​សមត្ថភាព​របស់​គេ​នៅ​មាន​កម្រិត​ដែរ។​ Lukaku ចាប់​ផ្ដើម​រដូវ​កាល​មុន​បាន​យ៉ាង​ល្អ​តែ​ហាក់​ធ្លាក់​ចុះ​ខ្លាំង​នៅ​ពាក់​កណ្ដាល​រដូវ​កាល​រហូត​ធ្វើ​ឲ្យ​ក្លឹប​នាំ​យក​ Sanchez ទៅ​ជួយ​តំបន់​ប្រយុទ្ធ​តែ​មិន​សូវ​ទទួល​ផល​ដូចគ្នា។​ ​ទំនាក់ទំនង​មិន​សូវ​​ល្អ​រវាង​កូន​ក្រុម​ដូចជា Anthony Martial, Lingard និង​ Pogba ជាមួយ​លោក​ Mourinho ក៏​ជា​បញ្ហា​ក្នុង​ក្រុម​ដែរ​។

#ថយ​ចុះ​សកម្មភាព​ទិញ​ដូរ​កីឡាករ

Manchester City ឈ្នះ​លីគ​សឹង​តែ​មិន​ចាញ់​សោះ​នៅ​រដូវ​កាល​មុន​ ប៉ុន្តែ​ពួកគេ​នៅ​តែ​ទិញ​កីឡាករ​ខ្លាំង​ៗ​ចូល​ក្រុម​ដូចជា Riyad Mahrez។ ងាក​ទៅ​មើល​ Liverpool វិញ​បាន​ចាយ​​ក្បែរ​ ២០០​លាន​អឺរ៉ូ​ទិញ​យក​អ្នក​ចាំទី​ Alisson, ខ្សែ​បម្រើ​ Xherdan Shaqiri, Fabinho និង​​ Naby Keita ដើម្បី​ប្រជែង​ពាន។ ដោយ​ឡែក​​ Manchester United វិញ​ ទោះ​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទីផ្សារ​បិទ​ក៏​ដោយ​ ក៏​ក្លឹប​ហាក់​មិន​ផុលផុស​ទិញ​កីឡាករ​ថ្មី​ដូច​រដូវកាល​មុន​សោះ​។ Mourinho បាន​នាំ​យក​ Diogo Dalot និង​ Fred មក​ចូល​ក្រុម​តែ​កីឡាករ​ទាំង​២​នេះ​មិន​ទាន់​អាច​ធានា​បាន​ថា​ United អាច​ប្រជែង​ក្រុម​យក្ស​ដទៃ​ទៀត​នៅ​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​បាន​ឬ​ក៏​អត់​ឡើយ៕

ប្រភព៖ Wikipedia | Premier League អត្ថបទ៖ វិរ័ត្ន

មតិយោបល់