• 2024-12-04 05:03:54
  • កីឡា​ផ្សេង​ៗ

គ្រូ​បង្វឹក​ក្លឹប​ចំបាប់​ប្រយ៉ាបមានរិទ្ធ​៖​ រីករាយ​ចំពោះ​ការ​បង្កើត​សកម្មភាព​ផ្សេងៗ​ ប៉ុន្តែ​បើ​សហព័ន្ធ​មាន​ជា​ការ​ឧបត្ថម្ភ​សម្ភារ​ដល់​ក្លឹប​តាម​ខេត្ត​ទៀត​រឹតតែ​ល្អ​

  • 2024-12-04 05:03:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​ចំបាប់​ប្រយ៉ាបមានរិទ្ធ​​ នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង​ថា​លោក​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​រៀបចំ​ឲ្យ​មាន​ជា​ការ​ប្រកួត​ ឬ​សកម្មភាព​ផ្សេងៗ​កន្លង​មក​ ប៉ុន្តែ​បើ​មាន​ជា​ការ​ឧបត្ថម្ភ​សម្ភារ​ហ្វឹកហាត់​កាន់​តែ​ប្រសើរ​ថែម​ទៀត។​

លោក​ ហ៊ូ​ សារិទ្ធ​ 

លោក​ ហ៊ូ​ សារិទ្ធ​ គ្រូ​បង្វឹក​មក​ពី​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ ទំហំ​នៃ​ទឹកចិត្ត​ស្រឡាញ់​ចំពោះ​កីឡា​ចំបាប់​នេះ​គឺ​ធំធេង​ណាស់​សម្រាប់​រូប​លោក​ក៏​ដូច​ជា​អ្នក​ខេត្ត​កំពង់ឆ្នាំង។​ រាល់​ពេល​បុណ្យ​ទាន​ម្ដងៗ​ពិសេស​នៅ​ស្រុក​រលាប្អៀរ​ ​ខេត្ត​កំពង់ឆ្នាំង​ គឺ​តែងតែ​​ប្រជុំ​គ្នា​ប្រកួត​កីឡា​ចំបាប់​បុរាណ​ជា​និច្ច​​ជា​ការ​កម្សាន្ត​សប្បាយ។​

ចំណុច​ទាំង​នេះ​ហើយ​ទើប​ជំរុញ​ទឹកចិត្ត​របស់​លោក​បន្ត​​ចូលរួម​អភិរក្ស​ និង​អភិវឌ្ឍន៍​វិស័យ​កីឡា​ចំបាប់​ទាំង​បុរាណ​-សម័យ​ ឲ្យគង់វង្ស​យូរអង្វែង​បន្ថែម​ទៀត។​ ព្រោះ​នេះ​ជា​ប្រពៃណី​បុរាណ​របស់​ខ្មែរ​ដែល​មាន​ជា​យូរលង់​មក​ហើយ។​ នៅ​ពេល​ដែល​ឃើញ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បង្កើត​ឲ្យ​មាន​ជា​ការ​ប្រកួត​ជា​បន្តបន្ទាប់​ មាន​ជា​ការ​បណ្ដុះបណ្ដាល​ផ្សេងៗ​ផង​នោះ​ធ្វើ​ឲ្យ​លោក​ ហ៊ូ​ សារិទ្ធ​ រឹតតែ​មាន​សង្ឃឹម​ចំពោះ​កីឡា​​មួយ​នេះ។​

លោក​ ហ៊ូ​ សារិទ្ធ​ 

គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​​ប្រយ៉ាបមានរិទ្ធ​​បន្ថែម​ទៀត​ថា​ សព្វ​ថ្ងៃ​នេះ​ការ​បណ្ដុះបណ្ដាល​ធនធាន​ ឬ​ការ​បង្ហាត់បង្រៀន​ដល់​​យុវជន​ក្នុង​តំបន់​របស់​លោក​គឺ​មិន​មាន​ជា​ការ​ឧបត្ថម្ភ​ថវិកា​អ្វី​នោះ​ឡើយ​ ពោល​ធ្វើ​ឡើង​ទៅ​តាម​លទ្ធភាព​ផ្ទាល់​ខ្លួន​របស់​លោក​ប៉ុណ្ណោះ។​ យ៉ាងណា​លោក​ក៏​សំណូមពរ​ដល់​សហព័ន្ធ​ចំបាប់​ផង​ដែរ​ប្រសិន​ជា​អាច​សូម​ជួយ​ឧបត្ថម្ភ​សម្ភារ​ហ្វឹកហាត់​ផ្សេងៗ​ដល់​ក្លឹប​​នៅ​តាម​បណ្ដា​ខេត្ត​ដើម្បី​ជួយ​សម្រួល​ដល់​លោក​ ឬ​គ្រូ​ៗ​ផ្សេង​ទៀត​អាច​ងាយ​ស្រួល​ដល់​ការ​បង្ហាត់​បង្រៀន​ដល់​យុវជន​ថ្នាល​ជំនាន់​ក្រោយ​ផង​ដែរ​។​ ការ​ជួយ​របស់​សហព័ន្ធ​ជា​ការ​ជំរុញ​ទឹកចិត្ត​ដល់​លោក​បន្ត​ដំណើរ​ពង្រីក​ធនធាន​ចំបាប់​ឲ្យ​មាន​កាន់​តែ​ច្រើន​ពិសេស​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ​តែ​ម្ដង។​

បញ្ជាក់​ដែរ​ថា​ លោក​ ហ៊ូ​ សារិទ្ធ​ គឺ​ជា​គ្រូ​បង្វឹក​ប្រចាំ​ក្លឹប​ចំបាប់​ប្រយ៉ាបមានរិទ្ធ​ នៅ​ភូមិ​អណ្ដូង​ឫស្សី​ ឃុំ​ស្រែថ្មី​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់ឆ្នាំង។​ លោក​​បាន​បង្ហាត់​បង្រៀន​សិស្ស​សរុប​មក​ខ្ទង់​រាប់​រយ​នាក់​មក​ហើយ​ ប៉ុន្តែ​ដោយ​សារ​នេះ​មិនមែន​ជា​កីឡា​អាជីព​ដូច្នេះ​អ្នក​ខ្លះ​ហាត់​ចេះ​ល្មមៗ​ក៏​ឈប់​ទៅ​ធ្វើ​ការ​រកស៊ី​ដើម្បី​ជីវភាព​ប្រចាំ​ថ្ងៃ​ទៅ​វិញ​ទៅ​លុះ​ដល់​មាន​ពេល​ប្រកួត​ទើប​ហៅ​ប្រមូល​ផ្ដុំ​មក​វិញ​តាម​ជាក់ស្ដែង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី