• 2024-11-11 09:42:18
  • កីឡា​ផ្សេង​ៗ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​៖​ ពេញចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​រីកចម្រើន​របស់​យុវជន​បន្ទាប់​ពី​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី៤​

  • 2024-11-11 09:42:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ និង​ជា​គ្រូ​បង្វឹក​ជើងចាស់​នៃ​កីឡា​កាយសម្ព័ន្ធ​មាន​សេចក្ដី​រីករាយ​ជា​ខ្លាំង​បន្ទាប់​ពី​ឃើញ​យុវជន​ថ្នាល​ចូលរួម​ការ​ប្រកួត​កីឡា​ជាតិ​ឆ្នាំ​នេះ​មាន​ចំនួន​ច្រើន​ និង​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​លក្ខណៈ​បច្ចេកទេស​តែ​ម្ដង។​

រូបភាពហ្វេសបុក Olympic Cambodia

ឯកឧត្ដម​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​ខាង​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​នៅ​កីឡា​ជាតិ​ លើក​ទី៤​ នេះ​ថា​ការ​ប្រកួតប្រជែង​មាន​ភាព​ស្វិតស្វាញ​ និង​បាន​បញ្ចប់​ដោយ​រលូន​ សុខសុវត្ថិភាព​មិន​មាន​ជួប​បញ្ហា​ប្រឈម​ ឬ​គ្រេច​ដៃជើង​អ្វី​នោះ​ទេ។​

រូបភាពហ្វេសបុក Olympic Cambodia

ដែល​ធ្វើ​ឲ្យ​ឯកឧត្ដម​សប្បាយ​រីករាយ​ទៀត​នោះ​គឺ​មាន​ការ​ចូលរួម​ច្រើន​ពី​យុវជន​ និង​ការ​បង្ហាញ​លក្ខណៈ​បច្ចេកទេស​គឺ​ល្អ​មាន​ភាព​រីកចម្រើន។​ ជា​មួយ​គ្នា​នេះ​ថ្នាក់ដឹកនាំ​សំខាន់​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ខាង​លើ​សំណូមពរ​ដល់​គ្រូ​បង្វឹក​បន្ត​ខំប្រឹង​បង្ហាត់​បង្ហាញ​ដល់​កីឡាករ​ កីឡា​ការិនី​ពង្រឹង​សមត្ថភាព​បន្ថែម​ត្រៀម​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​ឯកឧត្ដម​បណ្ឌិត​ ថោង​ ខុន​ អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៤​ នេះ​បន្ត​ទៀត។​ ពិសេស​ម្ចាស់​មេដាយ​កីឡា​ជាតិ​លើក​ទី៤​ ត្រូវ​បន្ត​ខំប្រឹង​ដើម្បី​អាច​រក្សា​នូវ​ជ័យជម្នះ​របស់​ខ្លួន​ឲ្យ​បាន​ផង​ដែរ។​

រូបភាពហ្វេសបុក Olympic Cambodia

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​បញ្ចប់​ការ​ប្រកួត​កីឡា​ជាតិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ក្រោយ​ចំណាយ​ពេល​ ២ថ្ងៃ​ ក្នុង​សាល​ហ្វឹកហាត់​របស់​សហព័ន្ធ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំណាត់ថ្នាក់​លេខ១​ បាន​លើ​ក្រសួង​មហាផ្ទៃ​ ឈ្នះ​មេដាយ​មាស៥​ ប្រាក់៧​ សំរឺទ្ធ១ សរុប​១៣គ្រឿង​ លេខ២​ បាន​លើ​ក្រសួង​ការពារ​ជាតិ​ ឈ្នះ​មេដាយ​មាស៣​ ប្រាក់២ សំរឹទ្ធ៥​ សរុប​១០គ្រឿង​ លេខ៣​ បាន​លើ​ខេត្ត​កំពង់ឆ្នាំង​ ឈ្នះ​មេដាយ​មាស៣​ ប្រាក់១ សំរឹទ្ធ៣​ សរុប​៧គ្រឿង លេខ៤​ បាន​លើ​ខេត្ត​ក្រចេះ​ ឈ្នះ​មេដាយ​មាស២ ប្រាក់៣​ សំរឹទ្ធ៤​ សរុប​៩គ្រឿង៕​

រូបភាពហ្វេសបុក Olympic Cambodia

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី