• 2024-11-03 09:19:31
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​រាំ​កម្ពុជា៖ ការប្រកួត​កីឡាជាតិ​ឆ្នាំ​នេះ​សហព័ន្ធ​បានបញ្ចូល​២វិញ្ញាសា​ថ្មី​បន្ថែម​ស្រប​តាម​អន្តរជាតិ

  • 2024-11-03 09:19:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធកីឡារាំ​កម្ពុជា​ ការ​ប្រកួត​កីឡា​ជាតិ​លើកទី៤​ ដែល​ចាប់ផ្ដើម​កាលពី​ម្សិលមិញ​នេះ​នៅ​ CJCC ក្នុង​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឆ្នាំ​នេះ​បាន​ដាក់​បញ្ចូល​វិញ្ញាសា​ថ្មី​ចំនួន​២ ស្រប​តាម​សហព័ន្ធ​អន្តរជាតិ​ដែល​កំពុង​ដាក់​ឲ្យ​ប្រកួត​ប្រជែង។​

ទិដ្ឋភាពម្សិលមិញ

លោក​ស្រី​ ហង់ ស៊ីមន​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី៤​ ឆ្នាំ​នេះ​គឺ​មាន​ ៥ រាជធានី-ខេត្ត​ សរុប​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​សរុប​ទាំង​អស់​ ៥០​នាក់​ដែល​លេង​លើ ៨វិញ្ញាសា។​

ទិដ្ឋភាពម្សិលមិញ

អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​កីឡា​ជាតិ​ឆ្នាំ​នេះប្លែក​ពី​លើក​មុនៗ​ដោយ​សារ​តែ​សហព័ន្ធ​បាន​ដាក់​បញ្ចូល​វិញ្ញាសា​ថ្មី​ចំនួន​ ២​ គឺ​ Standard Solo​ និង​ Latin Solo ដែល​មិន​ធ្លាប់​មាន​ប្រកួត​កន្លងទៅ​នោះ​ទេ។​ ការ​ដាក់​បញ្ចូល​នេះ​គឺ​ឲ្យ​ស្រប​ទៅ​តាម​បណ្ដា​សហព័ន្ធ​អន្តរជាតិ​ដែល​គេ​បាន​ឲ្យ​ប្រកួត​ជា​បន្តបន្ទាប់​តាម​កម្មវិធី​ផ្សេងៗ។​

ទិដ្ឋភាពម្សិលមិញ

តាម​រយៈ​ការ​ប្រកួត​បើក​ឆាក​ថ្ងៃ​ទី១​​ ម្សិលមិញ​នេះ​គឺ​កីឡាករ​ កីឡា​ការិនី​ ទាំង​ធំ-តូច​ មាន​ភាព​រីកចម្រើន​ល្អ​ទាំង​កាយសម្បទា​ បច្ចេកទេស​រាំ​ដែល​ទាំង​នេះ​បញ្ជាក់​ពី​ការ​ខំ​ប្រឹងប្រែង​ក្នុង​ការ​ហ្វឹកហាត់​ និង​សិក្សា​រៀន​សូត្រ​។​ មួយ​វិញ​ទៀត​នេះ​បាន​បញ្ជាក់​ពី​ភាព​រីកចម្រើន​របស់​សហព័ន្ធ​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​​នា​ពេល​បច្ចុប្បន្ន។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី៤​ លើ​ប្រភេទ​កីឡា​រាំ​មាន​រយៈពេល​ ២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២​ ដល់​ ៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ នៅ​ CJCC ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ។​ ពិធី​បើក​ការ​ប្រកួត​ម្សិលមិញ​នេះ​ដែរ​មាន​ការ​ចូលរួមពីអធិបតីភាព​ឯកឧត្តម​ ខៀវ កាញារីទ្ធ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី