• 2024-10-30 04:13:40
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក៖ បើក​វគ្គ​បំពាក់បំប៉ន​មន្ត្រី​បច្ចេកទេស​ហែលទឹកពាក់ជើងទាត្រៀម​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី១​

  • 2024-10-30 04:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​បើក​វគ្គ​បំពាក់បំប៉ន​មន្ត្រី​បច្ចេកទេស​កីឡាហែលទឹក​ពាក់​ជើងទា​ រយៈពេល​ ១ ថ្ងៃ​គឺ​ថ្ងៃ​ទី៣០​ ខែ​តុលា​ ឆ្នាំ​២០២៤​ នេះ​ដើម្បី​ត្រៀម​លក្ខណៈ​ឲ្យ​​កាន់​តែ​ល្អ​ប្រសើរមុនរៀបចំ​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី១​ កម្ពុជា​ជា​ម្ចាស់​ផ្ទះ។​ ​

ទិដ្ឋភាពព្រឹកមិញ

លោក​ ហែល​ គិរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​បច្ចេកទេស​ដែល​ជា​សិក្ខាកាមចូលរួម​នេះ​គឺ​សុទ្ធតែ​មាន​បទ​ពិសោធ​ និង​ចំណេះដឹង​រួចហើយ​នៃ​ការ​ប្រកួត​ពាក់​ជើងទា​នេះ​នា​ពេល​កន្លង​ទៅ។​ វគ្គ​នេះ​គឺ​គ្រាន់​តែ​បំពេញ​បន្ថែម​ចំណុច​ខ្វះខាត​ និង​ជា​ការ​រំលឹក​ឡើង​វិញ​នូវ​បទ​បញ្ជា​ការ​ប្រកួត​ក៏​ដូច​ជា​ចំណេះ​ដឹង​ថ្មីៗ​របស់​អន្តរជាតិ​ផង​ដែរ។​

លោក ហែម​ គិរី

អ្នក​ជំនាញ​ផ្នែក​កីឡា​ហែលទឹក​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​បញ្ចប់​វគ្គ​បំប៉ន់​នេះ​ទៅ​សង្ឃឹម​ថា​សិក្ខាកាម​នឹង​អនុវត្តន៍​ការងារ​ក៏​ដូចជា​ដឹកនាំ​ការ​ប្រកួត​រឹតតែ​បាន​​ល្អ។​ នេះ​ជា​មោទកភាព​មួយ​សម្រាប់​កម្ពុជា​ផង​ដែរ​ដែល​កីឡា​ហែលទឹក​ពាក់​ជើង​ទា​នេះ​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ កន្លង​មក​ និង​មាន​ការ​ទុកចិត្ត​រហូត​ឲ្យ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​អាស៊ីអាគ្នេយ៍​​លើក​ទី១​ នេះ​ទៀតផង។​ ដូច្នេះ​ហើយ​សម្រាប់​គោលដៅ​របស់​សហព័ន្ធ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​នេះ​គោលបំណង​ធំ​ចង់​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​ បង្ហាញ​សមត្ថភាព​របស់​ក្រុម​កម្ពុជា​ រួម​ទាំង​ការ​រៀបចំ​ដោយ​រលូន​ជោគជ័យ​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ចូលរួម​មាន​ភាព​រីករាយ​ពេល​បញ្ចប់​ហ្គេម​ជា​ដើម។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ វគ្គ​បំពាក់បំប៉ន​កីឡា​ហែលទឹក​ពាក់​ជើងទា​ដល់​មន្ត្រី​បច្ចេកទេស​នេះ​ធ្វើ​ឡើង​នៅ​ស្នាក់ការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ វគ្គ​នេះ​មាន​រយៈពេល​ ១ ថ្ងៃ​ពេញ​ និង​មាន​សិក្ខាកាម​ចូលរួម​សរុប​ ៤៤​នាក់។​ វគ្គ​នេះ​ផង​ដែរ​បាន​ការ​ឧបត្ថម្ភ​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក។​ ជា​មួយ​គ្នា​នេះ​ដែរ​កម្ពុជា​នឹង​រៀបចំ​ការប្រកួត​កីឡាហែលទឹក​ពាក់​ជើងទា អាស៊ីអាគ្នេយ៍​ លើក​ទី១​ ចាប់​ពី​ថ្ងៃ​ទី១​-៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ក្នុង​នោះ​មាន​ ៧ប្រទេស​ដែល​ជា​សមាជិក​ចូលរួម​ទាំង​អស់៕​ ​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី