• 2024-10-28 09:12:52
  • កីឡា​ផ្សេង​ៗ

តំណាង​ NOCC៖ សិក្ខាកាម​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​លើក​ទម្ងន់​កម្រិត​ ២​ សូម​បន្ត​ពង្រីក​ផ្សព្វផ្សាយ​ឲ្យ​កាន់​ទូលំទូលាយ​

  • 2024-10-28 09:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ លើក​ទឹកចិត្ត​ដល់​សិក្ខាកាម​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​លើក​ទម្ងន់​កម្រិត២​ នេះ​រួច​ហើយ​សូម​យក​ចំណេះ​ជំនាញ​ទាំង​អស់​ទៅ​ពង្រីក​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែ​ទូលំទូលាយ​បន្ថែម​ទៀត។​

លោក​ ងិន​ សុបញ្ញា​ តំណាង​ឯកឧត្ដម​ វ៉ាត់​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សិក្ខាកាម​ទាំង​២៥នាក់​នេះ​គឺ​មាន​ការ​លះបង់​ខ្ពស់​ទាំង​ពេល​វេលា​ និង​កម្លាំង​កាយ​ចិត្ត​ព្យាយាម​សិក្សា​រហូត​ដល់បញ្ចប់​ដោយ​ស្ថាពរ។​​ មាន​តែ​ទឹកចិត្ត​ស្រឡាញ់​នោះ​ទេ​ទើប​មាន​ការ​ចូលរួម​ និង​ស្វែង​រក​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែម​បែប​នេះ។​

តំណាង​ NOCC​ ខាង​លើ​បន្ថែម​ទៀត​ថា​ កីឡា​លើក​ទម្ងន់​នេះ​ជា​ប្រភេទ​កីឡា​អូឡាំពិក​ ដូច្នេះ​ហើយ​ទាំង​ការ​ហ្វឹកហាត់​ ការ​ប្រកួត​ គឺ​មាន​កម្រិត​ខ្ពស់​ និង​ត្រូវ​ការ​តស៊ូ​ខ្លាំង​ទើប​ឈាន​ដល់​ការ​ប្រជែង​មេដាយ​។​ យ៉ាងណា​ប្រភេទ​កីឡា​មួយ​នេះ​ក៏​ទើប​តែ​ចូល​មក​កម្ពុជា​រយៈពេល​ខ្លី​ផង​ដែរ​ ដូច្នេះ​ហើយ​សមិទ្ធផល​មេដាយ​ផ្សេងៗ​ក៏​នៅ​មាន​កម្រិត​ផង​ដែរ​ យ៉ាងណា​មាន​តែ​ការ​ខំប្រឹង​ប្រែង​ និង​មាន​ផែនការ​វែងឆ្ងាយ​ដោយ​ត្រឹមត្រូវ​ប៉ុណ្ណោះ​ទើប​មាន​ភាព​រីកចម្រើន​រហូត​ដល់​កម្រិត​ដណ្ដើម​មេដាយ។​

សិក្ខាកាម​ដែល​ទើប​ទទួល​បាន​នូវ​ចំណេះ​ដឹង​ថ្មីៗ​បទ​ពិសោធ​ល្អៗ​ពី​គ្រូ​ឧបទេស​នៅ​ពេល​នេះសូម​យក​ទៅ​បង្ហាត់​បង្រៀន​សិស្ស​ឲ្យ​បាន​ល្អ​ និង​ព្យាយាម​ជួយ​ពង្រីក​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ឲ្យ​មហាជន​ទូទៅ​បាន​ស្គាល់​កីឡា​លើក​ទម្ងន់​ ឬ​ចូល​ហ្វឹកហាត់​កាន់​តែ​ច្រើន​។​

បញ្ជាក់​ដែរ​ថា​ ក្រោម​គម្រោង​ឧបត្ថម្ភ​វគ្គ​សាមគ្គី​អូឡាំពិក​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កីឡា​លើក​ទម្ងន់​ កម្រិត​ ២​ ដល់​មន្ត្រី​សហព័ន្ធ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ លើក​ទម្ងន់​ចំនួន​ ២៥នាក់​រយៈពេល​ ៨​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២០​ ដល់​ ២៧​ ខែ​តុលា​ ឆ្នាំ​២០២៤​ នៅ​ទីស្នាក់ការ​ NOCC៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី