- 2024-10-21 05:45:36
- កីឡាផ្សេងៗ
គ្រូចំបាប់បុរាណមកពីខេត្តកំពង់ឆ្នាំង៖ ក្ដីស្រឡាញ់ និងចិត្តមិនដាច់ទោះឈប់បង្ហាត់ទៅហើយនៅតែវិលមកវិញ
- 2024-10-21 05:45:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូចំបាប់បុរាណមកពីខេត្តកំពង់ឆ្នាំង៖ ក្ដីស្រឡាញ់ និងចិត្តមិនដាច់ទោះឈប់បង្ហាត់ទៅហើយនៅតែវិលមកវិញ
ចន្លោះមិនឃើញ
គ្រូកីឡាចំបាប់បុរាណមកពីខេត្តកំពង់ឆ្នាំង លោក ហ៊ូ សារិទ្ធ ថាធ្លាប់ឈប់ពីប្រកួត និងការបង្ហាត់បង្រៀនសិស្សយូរដែរហើយ ប៉ុន្តែនិស្ស័យ ចិត្តនៅតែស្រឡាញ់ជំរុញឲ្យលោកវិញមកបង្ហាត់ ពង្រីកផ្សព្វផ្សាយកីឡាមួយនេះវិញដល់សព្វថ្ងៃ។
លោក ហ៊ូ សារិទ្ធ គ្រូបង្វឹកប្រចាំក្លឹបចំបាប់ប្រយ៉ាបមានរិទ្ធ ក្នុងខេត្តខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពី២០ឆ្នាំមុនមិនសូវមានការប្រកួត ឬផុសផុលទូលំទូលាយដូចឥលូវនោះទេ ពោលភាគច្រើនមានគេលេងនៅថ្ងៃបុណ្យប្រពៃណីជាតិប៉ុណ្ណោះ។ កត្តានេះផង រួមទាំងវ័យក៏ច្រើនផងទើបធ្វើឲ្យព្រឹទ្ធាចារ្យមកពីខេត្តកំពង់ឆ្នាំងរូបនេះសម្រេចឈប់ពីកីឡាចំបាប់បុរាណជាយូរឆ្នាំ។
គ្រូបង្វឹកប្រចាំក្លឹបចំបាប់ប្រយ៉ាបមានរិទ្ធ លើកឡើងទៀតថា ដោយនៅមាននិស្ស័យ ចិត្តនៅតែស្រឡាញ់ និងចង់ចូលរួមអភិរក្ស បណ្ដុះបណ្ដាលធនធានផងនោះទើបជំរុញឲ្យលោកវិលចូលក្នុងវិស័យកីឡាចំបាប់នេះវិញតាំងពីឆ្នាំ២០១៧ មកដល់សព្វថ្ងៃនេះ។ លោកពិតជាមានចិត្តសប្បាយរីករាយជាខ្លាំងនៅដែលសកម្មភាពកីឡាចំបាប់មានជាហូរហែ និងថ្នាក់ដឹកនាំសហព័ន្ធបានយកចិត្តទុកដាក់ ជំរុញ ពង្រីកផ្សព្វផ្សាយ បង្កើតឲ្យមានជាការប្រកួតបែបនេះ។ ពិសេសការប្រកួតសាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញនេះតែម្ដងដែលបានផ្ដល់ឱកាសយុវជនតាមបណ្ដាខេត្តបានបញ្ចេញសមត្ថភាព សន្សំបទពិសោធលើវិថីចំបាប់នេះ។
បញ្ជាក់ដែរថា លោក ហ៊ូ សារិទ្ធ គឺជាគ្រូបង្វឹកប្រចាំក្លឹបចំបាប់ប្រយ៉ាបមានរិទ្ធ នៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះលោកបានដឹកនាំយុវជនថ្នាលប្រុស-ស្រី សរុប ៨នាក់មកចូលរួមការប្រកួតសាកល្បងបច្ចេកទេសយុវជននៅក្នុងពហុកីឡដ្ឋានជាតិដែលមានរៀបចំដោយសហព័ន្ធកីឡាចំបាប់កម្ពុជាក្រោមគំនិតផ្ដួចផ្ដើម និងថវិកាដោយលោកអនុប្រធាន ខេស៊ី បាណេត៕