• 2024-10-10 05:12:46
  • កីឡា​ផ្សេង​ៗ

ក្រសួង​ការពារ​ជាតិ​៖​ ដាក់​គោលដៅ​ដណ្ដើម​លេខ១​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៤​ ឆ្នាំ​២០២៤

  • 2024-10-10 05:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ខូវ​ ឆាយ​ តំណាង​ក្រុមប្រឹក្សា​កីឡា​កងយោធពលខេមរភូមិន្ទ​បាន​ដាក់​គោលដៅ​ដណ្ដើម​លេខ១​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៤​ នេះ​ ខណៈ​ប្រភេទ​កីឡា​ក៏​ដាក់​បញ្ចូល​ប្រកួត​ច្រើន​ជាង​មុន​ និង​សំបូរ​ធនធាន​ពោរពេញ​ដោយ​សមត្ថភាព។​

រូបភាពមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ​

ឯកឧត្ដម​ ខូវ​ ឆាយ​ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​គោលដៅ​ក្នុង​កីឡា​ជាតិ​ឆ្នាំ​នេះ​គឺ​ដណ្ដើម​យក​លេខ១​ និង​ជឿជាក់​ថា​នឹង​ទទួល​បាន​មេដាយ​ច្រើន​ជាង​មុន។​

រូបភាពមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ​

តំណាង​កីឡា​ក្រសួង​ការពារ​ជាតិ​ខាង​លើ​បន្ថែម​ទៀត​ថា​ កាល​ពី​កីឡា​ជាតិ​លើក​ទី៣​ ក្រសួង​ការពារ​ជាតិ​ដាក់​បញ្ចូល​ត្រឹម​ ២២​ប្រភេទ​កីឡា​នោះ​ទេ​ ប៉ុន្តែ​ឆ្នាំ​នេះ​មាន​ចំនួន​ច្រើន​រហូត​ដល់​ ៣០​ ប្រភេទ​ឯណោះ។​ ឯកឧត្តម​បញ្ជាក់​ទៀត​ថា​ ផ្អែក​លើ​លទ្ធផល​មេដាយ​មាស​ដែល​ក្រសួង​ការពារ​ជាតិ​ឈ្នះ​នៅ​ស៊ីហ្គេម​កម្ពុជា​ កីឡាករ​ កីឡា​ការិនី​មាន​សមត្ថភាព​ បទ​ពិសោធ​ច្រើន​ រួម​ទាំង​ដាក់​បញ្ចូល​ប្រភេទ​កីឡា​ថ្មី​បន្ថែម​មាន​សក្ដានុពល​ផង​នោះ​ជឿជាក់​ថា​ឆ្នាំ​នេះ​រឹតតែ​ធ្វើ​បាន​ល្អ​ទទួល​បាន​មេដាយ​ច្រើន​ជាតិ​លើក​មុនៗ។​

រូបភាពមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ​

ចំពោះ​ការ​ត្រៀម​ខ្លួន​ និង​ប្រមូលផ្ដុំ​ក្រសួង​ការពារ​ជាតិ​ក៏​បាន​អនុវត្តន៍​ល្អ​ និង​យូរ​ផង​ដែរ​ដើម្បី​សម្រួច​សមត្ថភាព​ បច្ចេកទេស​ឲ្យ​កាន់​តែ​ឈាន​ឡើង​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ទម្រាំ​ដល់​ការ​ប្រកួត​ដែល​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ​នេះ។​ អ្នក​ជំនាញ​ផ្នែក​កីឡា​រូប​នេះ​បង្ហាញ​ពី​ប្រភេទ​កីឡា​សក្ដានុពល​របស់​ក្រសួង​ការពារ​ជាតិ​ផង​ដែរ​ដូច​ជា​ ប្រដាល់​គុន​ខ្មែរ​ ប្រដាល់​ឃីក​បុកស៊ីង​ អត្តពលកម្ម​ វ៉ូវីណាម​ ជា​ដើម។​

រូបភាពមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ​

ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៤​ និង​កីឡា​ជាតិ​ជន​ពិការ​ លើក​ទី២​ នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៩​ ខែ​តុលា​ ដល់​ ៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។​ ការ​ប្រកួត​នេះ ៣៦​ប្រភេទ​កីឡា​ និង​ត្រូវ​ជា​ ៣២៨​វិញ្ញាសា។​ ក្នុង​នោះ​មាន​ការ​ចូលរួម​ប្រកួត​ប្រជែង​ពី​ ២៥រាជធានី-ខេត្ត​ និង​ ៣ក្រសួង​ (ក្រសួង​ការពារ​ជាតិ​ ក្រសួង​មហាផ្ទៃ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ)។​ ចំពោះ​ក្រសួង​ការពារ​ជាតិ​នឹង​លេង​លើ​ ៣០​ប្រភេទ​កីឡា​ និង​បញ្ជូន​អត្តពលិក​សរុប​ ៣២០​នាក់​ចូលរួម​ប្រកួតប្រជែង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី