• 2024-08-26 08:53:36
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ៖​ អ្នក​ជោគជ័យ​នៅ​ពេល​នេះ​ក៏​ដោយ​ ប៉ុន្តែ​កុំ​ភ្លេច​បន្ត​ប្រឹង​ប្រែង​ហ្វឹកហាត់​

  • 2024-08-26 08:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ជំរុញ​លើក​ទឹកចិត្ត​កីឡាករ​ កីឡា​ការិនី ​ទាំង​អស់​ត្រូវ​ប្រឹងប្រែង​បន្ត​ទៀត​បើ​ទោះ​ជា​ទទួល​បាន​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ថៃ​នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ​ និង​មិន​ត្រូវ​ធ្វេសប្រហែស​នោះ​ឡើយ។​

លោក​ឧកញ៉ា​ សៅ​ សេងហាក់​ ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​បាន​លើក​ឡើង​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​ម្សិលមិញ​នេះ​ថា​ ការ​ជួបជុំ​ដែល​សហព័ន្ធ​ធ្វើ​ឡើង​នេះ​បង្ហាញ​ពី​ការ​ផ្សារភ្ជាប់​រវាង​កីឡាករ​ កីឡា​ការិនី​ និង​គណៈកម្មាធិការ​ប្រតិបត្តិ​ និង​បន្ត​ការ​អភិវឌ្ឍន៍​ក៏​ដូច​ជា​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​មាន​ផង​ដែរ។​

សមិទ្ធផល​ដែល​សហព័ន្ធ​បាន​ធ្វើ​កន្លង​ទៅ​ប្រកប​ដោយ​មោទកភាព​ដូច​ជា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី១​ និង​ការ​ចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ថៃ​ថ្មីៗ​នេះ។​ ប្រធាន​សហព័ន្ធ​អរគុណ​ចំពោះ​ការ​ខំប្រឹង​ប្រែង​របស់​អគ្គលេខាធិការ​ សមាជិក​ គណៈកម្មការ​ប្រតិបត្តិ​នានា​ដែល​ចូលរួម​ជួយ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់។​

ជា​មួយ​គ្នា​នេះ​ដែរ​ប្រធាន​សហព័ន្ធ​លើក​ទឹកចិត្ត​ដល់​គ្រូ​បង្វឹក​បន្ត​ខំប្រឹង​បង្ហាត់​បច្ចេកទេស​ពង្រឹង​សមត្ថភាព​សិស្សគុន​ឲ្យ​កាន់​តែ​រីកចម្រើន​បន្ថែម​ទៀត។​ ចំពោះ​សិស្សៗ​វិញ​ក៏​ត្រូវ​ខំប្រឹង​ដូច​គ្នា​ពិសេស​អ្នក​ដែល​ទទួល​ភាព​ជោគជ័យ​នៅ​ការ​ប្រកួត​ឯ​ប្រទេស​ថៃលើក​នេះ​ បន្ត​ខំប្រឹង​ហាត់​ បង្កើន​សមត្ថភាព​កាន់​តែ​ល្អ​ជាង​មុន​ដើម្បី​ត្រៀម​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី២​ អំឡុង​ខែ​ធ្នូ​ និង​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ផ្សេងៗ​ទៀត។​

បញ្ជាក់​ដែរ​ថា​ ថ្ងៃ​ទី២៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៤​ ម្សិលមិញ​នេះ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​បាន​ធ្វើ​ពិធី​ជួបជុំ​ និង​ប្រគល់​វិញ្ញាបនបត្រ​របស់​សហព័ន្ធ​ លិខិត​សរសើរ​ សញ្ញាបត្រ​ខ្សែក្រវាត់​ខ្មៅ​ពី​សមាគម​ហាប់គីដូ​ពិភពលោក​ជូន​សិស្ស​គុន​របស់​ខ្លួន​នៅ​ទីស្នាក់ការ​ NOCC។​ ក្នុង​ពិធី​នោះ​ដែរ​មាន​ការ​អញ្ជើញ​ពី​លោក​ឧកញ៉ា​ សៅ​ សេងហាក់​ ប្រធាន​សហព័ន្ធ​ ឧកញ៉ា​ គួច ហុងជៀក​ អនុប្រធាន​ និង​ព្រឹទ្ធាចារ្យ​ ថ្នាក់​ដឹកនាំ​ អាណាព្យាបាល​សិស្ស​ជា​ច្រើន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី