- 2024-07-04 04:00:14
- កីឡាផ្សេងៗ
ឯកឧត្តម សរ សិទ្ធិ៖ ភាពជោគជ័យរបស់ក្រុមទូកនាគគឺមិននៅត្រឹមនេះនោះទេ
- 2024-07-04 04:00:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម សរ សិទ្ធិ៖ ភាពជោគជ័យរបស់ក្រុមទូកនាគគឺមិននៅត្រឹមនេះនោះទេ
ចន្លោះមិនឃើញ
ឯកឧត្ដម សរ សិទ្ធិ អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះបានអនុញ្ញាតដល់ក្រុមកីឡាទូកនាគកម្ពុជាចូលជួប និងទទួលការសាទរលើកទឹកចិត្តពីជ័យជម្នះ និងការប្រកួតនៅប្រទេសរុស្សី។
ឯកឧត្ដម សរ សិទ្ធិ បានលើកឡើងក្នុងជំនួបសំណេះសំណាលនេះថា សម្រាប់ជ័យជម្នះនៅប្រទេសរុស្សីដែលក្រុមទូកនាគកម្ពុជាឈ្នះមេដាយមាស១ សំរឹទ្ធ២ គ្រឿងនេះគឺមិននៅត្រឹមនេះនោះទេ។ ពោលនៅមានតទៅទៀតតាមរយៈការខំប្រឹងប្រែងពីគ្រូបង្វឹក កីឡាករផ្ទាល់។
ការឈ្នះមេដាយ ៣គ្រឿងនេះជាដំបូងគឺមោទកភាពដល់ខ្លួនឯង បន្ទាប់មកមោទកភាពប្រទេសជាតិ និងជាមោទកភាពដល់អង្គភាពក៏ដូចជាប្រជាជនខ្មែរទាំងមូលផងដែរ។ ព្រោះកាលណាឈ្នះមេដាយក្នុងព្រឹត្តិការណ៍ណាមួយហើយគឺគេដឹងថាកីឡាករនេះមកពីប្រទេសមួយណាមុនគេបង្អស់។
អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បន្ថែមទៀតថា ការដែលទទួលបានជ័យជម្នះហើយកុំមានអំនួត ព្រោះការគំនិតបែបនេះធ្វើឲ្យសមត្ថភាពរបស់ខ្លួនបែរជាធ្លាក់ចុះទៅវិញ។ ដូច្នេះត្រូវបន្តខំប្រឹងប្រឹងហ្វឹកហាត់ និងសាមគ្គីគ្នាជានិច្ចព្រោះកីឡាទូកនេះត្រូវតែមានការសហការ យល់ចិត្តគ្នា សាមគ្គីជាធ្លុងមួយទើបឈានដល់ជ័យជម្នះទៅបាន។ ឯកឧត្ដមសង្ឃឹមថាក្រុមកីឡាទូកនាគកម្ពុជានឹងដណ្ដើមមេដាយកម្រិតអន្តរជាតិសំខាន់ៗទៀតពិសេសស៊ីហ្គេម នៅប្រទេសថៃនេះជាដើម។
បញ្ជាក់ដែរថា ក្រុមកីឡាទូកនាគកម្ពុជាដែលឈ្នះមេដាយមាស១ សំរឹទ្ធ២ គ្រឿងពីប្រទេសរុស្សីបានវិលត្រលប់មកដល់មាតុភូមិវិញហើយកាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នេះ។ ពិធីជួបសំណេះសំណាលជាមួយឯកឧត្ដម សរ សិទ្ធិ នេះធ្វើឡើងកាលពីថ្ងៃទី៣ កក្កដា ក្នុងមជ្ឈមណ្ឌលកីឡាក្រសួងមហាផ្ទៃបរិវេណពហុកីឡដ្ឋានជាតិ៕