- 2024-05-16 05:26:49
- កីឡាផ្សេងៗ
ចូលរួមលើកស្ទួយ និងចុះឈ្មោះរត់ទាំងអស់គ្នា «ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១២»
- 2024-05-16 05:26:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមលើកស្ទួយ និងចុះឈ្មោះរត់ទាំងអស់គ្នា «ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១២»
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង Cambodia Events Organizer ប្រកាសជាផ្លូវការអំពីព្រឹត្តិការណ៍ «ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១២» នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ស្វាគមន៍ចំពោះការចុះឈ្មោះពីមហាជនទាំងជាតិ-អន្តរជាតិ។
លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងខាងលើនេះបានឲ្យដឹងថា តាមរយៈការកែលំអឲ្យកាន់តែប្រសើរឡើងនោះគណៈកម្មការរៀបចំនឹងមានការប្រជុំលំអិតជាបន្តបន្ទាប់ជាមួយផ្នែកសន្តិសុខ ផ្នែកប៉ូលីសចរាចរណ៍ ដើម្បីសម្រួលដល់អ្នកចូលរួមមានសុវត្ថិភាពជាងឆ្នាំមុនៗទៅទៀត។
នៅឆ្នាំនេះការចេញដំណើរលើវិញ្ញាសាធំ ២១ គីឡូម៉ែត្រ នឹងចេញនាវេលាម៉ោង ៥.១០នាទីព្រឹក ដោយសារការផ្លាស់ប្ដូរបរិយាកាសកាន់តែក្ដៅតម្រូវឲ្យកម្មវិធីរុញម៉ោងប្រកួតកាន់តែព្រឹកបន្តិចដើម្បីសម្រួលដល់ការប្រកួតដំណើរការទៅដោយរលូន។
តំណាងឲ្យអ្នករៀបចំខាងលើនេះអំពាវនាវដល់មហាជនទាំងជាតិ-អន្តរជាតិ ដែលស្រឡាញ់វិស័យកីឡារត់ប្រណាំង(ម៉ារ៉ាតុង)នេះសូមរួសរាន់ចុះឈ្មោះចាប់ពីពេលនេះតទៅដើម្បីឲ្យទាន់ពេលវេលា និងងាយស្រួលដល់ក្រុមការងាររៀបចំសម្ភារជូនផងដែរ។ ការចូលរួមរបស់មហាជនគឺជាផ្នែកគាំទ្រ លើកស្ទួយ វិស័យកីឡាមួយនេះឲ្យកាន់តែធំ និងមានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ បន្ថែមពីនេះក៏ជាការចូលរួមលើកិច្ចការសប្បុរសធម៌ជួយកុមារ មន្ទីរពេទ្យ សាលារៀនផងដែរ ព្រោះថវិកាបានមកពីការចុះឈ្មោះចូលរួមនឹងយកទៅឧបត្ថម្ភលើកិច្ចការទាំងអស់នេះ។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១២ នឹងធ្វើឡើងនៅមុខវត្តបទុមវតី រាជធានីភ្នំពេញ។ គិតមកដល់ពេលនេះមានការចុះឈ្មោះចម្រុះជាតិសាសន៍បានប្រមាណ ៣៧០៥នាក់ហើយ។ វិញ្ញាសាមាន ៤ ទី១ ចម្ងាយ ២១ Km ទី២ ចម្ងាយ ១០Km ទី៣ ចម្ងាយ ៥Km និងទី៤ ចម្ងាយ ២km។ ប្រសិនបើមហាជនចង់ចុះឈ្មោះចូលរួមអាចទំនាក់ទំនងទៅកាន់ហ្វេសបុក ឬគេហទំព័រ Cambodia Events Organizer។ លេខទំនាក់ទំនង (855)23-213 525, Cellphone :(855)15 213 525 | (855)69 213 525។ E-mail: reg@cambodia-events.org | info@cambodia-events.org៕