• 2024-02-16 05:55:47
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ ថោង​ ខុន៖​ វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ​«ស្តីពី​រដ្ឋបាលកីឡា»​ មាន​សារសំខាន់​ខ្លាំង​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​

  • 2024-02-16 05:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ថា​ វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ​«ស្ដី​ពី​រដ្ឋបាល​កីឡា»​ ដែល​ទើប​បញ្ចប់​ទៅ​នេះ​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​អភិវឌ្ឍន៍​ និង​ការ​គ្រប់គ្រង​ផ្នែក​កីឡា​នេះ​ឲ្យ​កាន់​តែ​រីកចម្រើន។​

ឯកឧត្ដម​ ថោង​ ខុន​ (អាវខ្មៅ)

ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ​«ស្តីពី​រដ្ឋបាលកីឡា»​ ថ្វីត្បិត​តែ​មាន​រយៈពេល​ខ្លី​ ប៉ុន្តែ​ក៏​ល្អ​ដែរ​សម្រាប់​សិក្ខាកាម​ លោក​គ្រូ​ អ្នក​គ្រូ​កីឡា​បាន​សិក្សា​បន្ថែម​ចំណេះដឹង។​ NOCC​ នឹង​ព្យាយាម​បង្កើត​ឲ្យ​មាន​វគ្គ​សិក្សា​បែប​នេះ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត។​

ទិដ្ឋភាពបិទវគ្គ

ថ្នាក់ដឹកនាំ​កីឡា​ជើង​ចាស់​ខាង​លើ​លើក​ឡើង​ទៀត​ថា​ ផ្នែក​កីឡា​នេះ​មិន​អាច​ចេះ​ត្រឹម​លេង​កីឡា​ ឬ​ចេះ​ប្រកួត​មួយ​មុខ​ហើយ​ទទួល​បាន​ជោគជ័យ​នោះ​ទេ​ ពោល​ផ្នែក​នេះ​គឺ​មាន​ការ​ស្មុគស្មាញ​ច្រើន។​ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​មួយ​ឲ្យ​អនុវត្តន៍​តាម​បទដ្ឋាន​ត្រឹមត្រូវ​របស់​អន្តរជាតិ​ ដូច្នេះ​ត្រូវ​មាន​អ្នក​ចេះ​ ឬ​អ្នក​ជំនាញ​ច្បាស់លាស់​ទើប​អាច​ធ្វើ​ទៅ​បាន។​ មុន​ឆ្នាំ​ ១៩៦០​ កីឡា​នៅ​កម្ពុជា​មាន​ការ​រីកចម្រើន​ និង​មាន​អ្នក​ជំនាញ​កីឡា​ជាន់​ខ្ពស់​ក៏​ច្រើន​ផង​ដែរ​ ប៉ុន្តែ​ក្រោយ​សង្គ្រាម​ និង​របប​ ខ្មែរក្រហម ​ធ្វើ​ឲ្យ​វិស័យ​កីឡា​កម្ពុជា​ និង​ធនធាន​ផ្នែក​កីឡា​ត្រូវ​បាន​បាត់បង់​ស្ទើរ​អស់​រលីង​។​

ទិដ្ឋភាពបិទវគ្គ

យ៉ាងណា​បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​ព្យាយាម​បណ្ដុះបណ្ដាល​ធនធាន​ជា​បន្តបន្ទាប់​ ជាក់ស្ដែង​ វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ​«ស្តីពី​រដ្ឋបាលកីឡា»​ ត្បិត​ជា​វគ្គ​មូលដ្ឋាន​គ្រឹះ​ក្ដី​ ប៉ុន្តែ​វា​មាន​សារសំខាន់​ចំពោះ​សិក្ខាកាម​បាន​យល់ដឹង​ជា​ដំណាក់កាល​ដើម្បី​យក​ទៅ​អនុវត្តន៍​ និង​ជំរុញ​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឈាន​ដល់​កម្រិត​អន្តរជាតិ​នៅ​ពេល​ខាង​មុខ។​

ទិដ្ឋភាពបិទវគ្គ

បញ្ជាក់​ដែរ​ថា​ វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ​«ស្តីពី​រដ្ឋបាលកីឡា»​ គឺ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី១២​ ដល់​ ១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ គ្រោង​រៀបចំ​វគ្គ​សិក្សា​គ្រប់គ្រង​កីឡា​កម្រិត​ខ្ពស់​ (Advanced Sports Management Courses)​ ចាប់​ពី​ឆ្នាំ​២០២៥​ តទៅ​ដើម្បី​ផ្ដល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​ និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​កីឡា​បាន​ពង្រឹង​សមត្ថភាព​ និង​ចំណេះដឹង​របស់​ខ្លួន​បន្ថែម​ទៀត​ក្នុង​ការ​គ្រប់គ្រង​ស្ថាប័ន​កីឡា​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ស្របតាម​គោលការណ៍​ដឹកនាំ​របស់​ចលនា​អូឡាំពិក៕​

ទិដ្ឋភាពបិទវគ្គ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី