• 2024-01-29 03:08:54
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ទូក​ក្តោង៖​ បិទ​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​រៀបចំ​ការប្រកួតក្រោយ​ចំណាយពេល៣ថ្ងៃ

  • 2024-01-29 03:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​​កីឡា​ទូក​ក្តោង​កម្ពុជា​ បាន​ធ្វើ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​ជា​ផ្លូវ​ការ ក្រោយ​ចំណាយ​ពេល​ ៣ថ្ងៃ​នៅមជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺនកីឡាទូកក្តោង ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ Bay of Lights ខេត្ត​ព្រះសីហនុ។​

ទិដ្ឋភាពបិទវគ្គ

ផ្អែក​តាម​ផែនការ​សកម្មភាព​ការងារ​ឆ្នាំ​២០២៣​ ក្រោម​គម្រោង​ថវិកា​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​សហព័ន្ធ​កីឡា​ទូក​ក្ដោង​កម្ពុជា​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​រៀបចំ​ការប្រកួត​កម្រិត​មូលដ្ឋាន​ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៤ ​ដល់​ថ្ងៃ​ទី២៦​ ខែ​មករា​ ឆ្នាំ​២០២៤។​ ដើម្បី​ឱ្យ​ប្រភេទ​កីឡា​ទូក​ក្ដោង​របស់​កម្ពុជា​ មាន​មន្ត្រី​បច្ចេកទេស​ដែល​មាន​ជំនាញ​កម្រិត​ខ្ពស់​ សម្រាប់​ត្រៀម​ការ​ប្រកួត​កីឡា​ជាតិ​ និង​អន្តរជាតិ​ផ្សេងៗ​នា​ពេល​ខាង​មុខ​ ជា​ពិសេស​ការ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​យុវជន​អាស៊ី​ ឆ្នាំ​២០២៩​ និង​ដើម្បី​បង្ហាញ​ដល់​មហាជន​បាន​ឃើញ​ និង​ស្វែង​យល់​អំពី​ប្រភេទ​កីឡា​ទូក​ក្ដោង​ផង​ដែរ។​

ទិដ្ឋភាពបិទវគ្គ

មន្ត្រីបច្ចេកទេស​រៀបចំ​ការ​ប្រកួត​ គឺ​ជា​ក្រុម​ការងារ​សំខាន់​មួយ​ ដែល​អាច​ធ្វើ​ឱ្យ​ការ​ប្រកួត​មួយ​ទទួល​បាន​ជោគជ័យ​ ហើយ​បើ​មន្ត្រី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​របស់​កម្ពុជា​យើង​មាន​ចំណេះ​ជំនាញ​កម្រិត​ខ្ពស់​ស្រប​តាម​ស្តង់ដារ​របស់​សហព័ន្ធ​កីឡា​ទូក​ក្ដោង​អន្តរជាតិ​ នោះ​គ្រប់​ការ​ប្រកួត​ទាំង​ថ្នាក់​ជាតិ ​និង​អន្តរជាតិ​ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ នឹង​សុទ្ធ​សឹង​តែ​ទទួល​បាន​ជោគជ័យ​ និង​គុណភាព​នៃ​ការ​ប្រកួត​ក្នុង​កម្រិត​ខ្ពស់។​

លោក សោម សុទ្ធរិទ្ធិពង្ស

បញ្ជាក់​ដែរ​ថា​ ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ខាង​លើ​ក្រោម​អធិបតីភាព​លោក​ឧត្តមនាវីទោ​ គឹម​ សាវុធ​ មេ​បញ្ជាការ​រង​បញ្ជាការ​ដ្ឋាន​មូលដ្ឋាន​សមុទ ​និង​មាន​ការ​ចូលរួម​ពី​សំណាក់​ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សេង ម៉ាលី ​តំណាង​ តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប ​Bay of Lights នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ទូក​ក្តោង​ ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​ទី​ក្រុងរណប Bay of Lights ខេត្តព្រះសីហនុ។​ សិក្ខាកាម​ចូលរួម​វគ្គ​នេះ​មាន​២៥រូប៕​

ទិដ្ឋភាពបិទវគ្គ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម