• 2024-01-22 07:26:08
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ប៊ូល៖​ ឆ្នាំ​២០២៤​ លើក​ទិសដៅ​ធំៗ​ចំនួន ៤​ សម្រាប់​អនុវត្តន៍​ និង​អភិវឌ្ឍន៍​ឆ្ពោះ​ទៅ​មុខ​

  • 2024-01-22 07:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣​ និង​លើក​ទិសដៅ​ធំៗ​ចំនួន​ ៤​ រួមមាន​ពង្រីក​ការ​បណ្ដុះបណ្ដាល​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ជំរុញ​ការ​ចូលរួម​ប្រកួត​ និង​ ពង្រីក​វិសាលភាព​កីឡា​មួយ​នេះ ក្នុង​ឆ្នាំ​២០២៤។​

ឯកឧត្ដម​ សុខ សូកាន ​

ឯកឧត្ដម​ សុខ សូកាន ​ប្រធាន​សហព័ន្ធ​កីឡាប៊ូល​ និង​ប៉េតង់​កម្ពុជា​ បាន​លើក​ឡើង​ថា​ក្នុង​ឆ្នាំ២០២៤​ សហព័ន្ធ​នឹង​ផ្ដោត​លើ​ទិសដៅ​ការងារ​ជា​អាទិភាព​ចំនួន​ ៤គឺ ​ទី១​ ពង្រឹង​បន្ថែម​ការងារ​បណ្ដុះបណ្ដាល​ពិសេស​ផ្តោត​លើ​បច្ចេកទេស​កម្រិតខ្ពស់​ ទី២​ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ និង​សម្ព័ន្ធ-ក្លឹប​នៅ​បណ្ដារាជធានី-ខេត្ត ទី៣​ បន្ត​ចូល​​រួមការ​ប្រកួត​អន្តរជាតិ​ និង​ជំរុញ​ការ​ប្រកួត​ក្នុង​ប្រទេស​ពិសេស​កម្រិត​ខេត្ត​ សម្ព័ន្ធ​ និង​ក្លិប​ ទី​៤​ ពង្រីក​វិសាលភាព​វិស័យ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា។​

ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ស សុខា

ឯកឧត្ដម​អភិសន្តិបណ្ឌិត​ ស សុខា ជា​ប្រធាន​កិត្តិយស​សហព័ន្ធ​ បាន​មាន​ប្រសាសន៍​គាំទ្រ​ និង​ឯកភាព​នូវ​ការ​ដាក់​ទិសដៅ​អាទិភាព​របស់​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​។ ឯកឧត្ដម​បាន​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ដល់​គ្រួសារ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ សូម​បន្ត​ខិតខំ​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​បង្កើន​ការ​ហ្វឹកហាត់​ការ​បណ្ដុះបណ្ដាល​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​សម្ព័ន្ធ-ក្លឹប​ ក៏​ដូច​ជា​ពង្រឹង​ចំណង​ទំនាក់ទំនង​ក្នុង​តំបន់​ និង​អន្តរជាតិ​មាន​ជាអាទិ៍​ការ​ចុះ​អនុ​ស្សរណៈយោគយល់​គ្នា​ លើក​ការ​ពង្រឹង​វិស័យកីឡាប៊ូល និង ប៉េតង់ជាដើម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា កីឡាប៊ូល និប៉េតង់ ជាកីឡាមួយដែលមាន ប្រជាប្រិយភាពនិងងាយស្រួលក្នុងទាក់ទាញយុវជន មហាជនឱ្យលេងកីឡានេះ​។

ទិដ្ឋភាពសន្និបាត

បញ្ជាក់​ដែរ​ថា​ មហាសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣​ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤​ របស់​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២០​ ខែ​មករា​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)។​ ក្នុង​ពិធី​ខាង​លើ​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​ សុខ​ សូកាន​ ប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ ស សុខា​ ប្រធាន​កិត្តិយស​សហព័ន្ធ​ មន្ត្រី​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ សរុប​ប្រមាណ​ជាង​ ៨០​នាក់៕​

ទិដ្ឋភាពថតរូបជុំគ្នា

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់